ជាតិ
World Bank៖​សិស្ស​ថ្នាក់​ទី​៦​ប្រមាណ​៣៩% ខ្សោយ​ផ្នែក​អំ​ណាន​ភាសា​ខ្មែរ​នៅ​កម្រិត​បឋម
17, Aug 2017 , 4:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញថា សិស្ស​ថ្នាក់​ទី​៦​នៅ​កម្ពុជា មាន​ចំនួន​៣៩​ភាគរយ ដែលមាន​ពិន្ទុ​ទាប​ផ្នែក​អំ​ណាន​ភាសា​ខ្មែរ​កម្រិត​ថ្នាក់បឋមសិក្សា​។



«​សិស្ស​ថ្នាក់​ទី​៦​នៅ​កម្ពុជា​ចំនួន​៣៩​ភាគរយ មាន​ពិន្ទុ​ទាប​ផ្នែក​អំ​ណាន​ភាសា​ខ្មែរ​នៅ​កម្រិត​បឋមសិក្សា​»​។ នេះ​ជាការ​ស្រាវជ្រាវ​មួយ ដែល​ត្រូវបាន​សរសេរ​ក្នុង​របាយការណ៍​ធនាគា​រ​ពិភពលោក​ក្រោម​ចំណងជើង​ថា​៖«​កំណើន​ប្រកបដោយ​ស្ថិរភាព និង​បរិ​យា​ប័ន្នជា​តម្រូវការ​នាពេលខាងមុខ​សម្រាប់​កម្ពុជា​» ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែសីហា​។  

​របាយការណ៍​បាន​លើក​មូល​ហេតុថា លទ្ធផល​សិក្សា​មិនល្អ​បែបនេះ អាច​បណ្តាលមកពី​គ្រូ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​មាន​ចំនួន​តិចតួច ទទួលបាន​ការបណ្តុះបណ្តាល​មិន​គ្រប់គ្រាន់ និង​ម៉ោង​សិក្សា​មាន​ចំនួន​តិចជាង​មិត្តភក្តិ​របស់ខ្លួន​ជាដើម ដែល​ទាំងអស់នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​សិស្ស​ម្នាក់ៗ​។

​ក្រៅពី​កង្វះ​ការយកចិត្តទុកដាក់រ​បស់​គ្រូបង្រៀន កង្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ខ្វះ​ការថែទាំ គ្មាន​ការជំរុញ​លើកទឹកចិត្ត​ពី​ដើមទី ចម្រើន​វ័យ​ក្នុងអំឡុងពេល​ដែលមាន​ភាពក្រីក្រ​ខ្លាំង និង​ភាពខ្វះខាត​សព្វបែបយ៉ាង គឺជា​មូលហេតុ​ចម្បងៗ ដែល​ធ្វើ​កុមារ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ​លើ​មុខវិជ្ជា​ភាសា​ខ្មែរ​។   

​របាយការណ៍​បាន​សរសេរ​សង្កត់ធ្ងន់​ទៀតថា កង្វះ​អាហារូបត្ថម្ភ និង​ការផ្តល់​អាហារ​មិនបាន​ត្រឹមត្រូវ ការទទួល​ទឹក​មិន​ស្អាត និង​កង្វះ​បង្គន់​អនា​ម័​យ សុទ្ធសឹង​ជា​មូលហេតុ ធ្វើ​កុមារ​កម្ពុជា ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន​៣៣​ភាគរយ មាន​រាងកាយ​ក្រិន​៕     
 

Tag:
 World Bank
 ​ របាយការណ៍​
 ​ អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com