អន្តរជាតិ
ប្រមុខ UN ស្នើ​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​ត្រឡប់​ទៅ​ចរចា និង​ត្រៀម​ជួយ​សម្របសម្រួល​ជម្លោះ​
17, Aug 2017 , 5:25 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានស្នើ​ឲ្យ​មានការ​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ជុំវិញ​ការគំរាមកំហែង​កម្ទេច​គ្នា​ទៅវិញទៅមក​។ អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ដល់ពេល​ដែល​គេ​ត្រូវ​ឈប់​គំរាមកំហែង​គ្នា​ដោយ​ងាក​មក​ចរចា​គ្នា​វិញ ហើយ​អង្គការសហប្រជាជាតិ​ត្រៀម​ធ្វើជា​អ្នកសម្របសម្រួល​គ្រប់ពេល​។​



​វា​ដល់ពេល​ហើយ​ដែល​អាមេរិក និង​កូរ៉េខាងជើង ត្រូវ​បញ្ឈប់​ការគំរាមកំហែង​កម្ទេច​គ្នា​ទៅវិញទៅមក និង​ងាក​មក​ចរចា​គ្នា​វិញ​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres  ដោយ​លោក​ប្រកាសថា លោក​ស្ម័គ្រចិត្ត​ធ្វើជា​អ្នកសម្របសម្រួល​បាន​គ្រប់ពេល បើសិនជា​ភាគី​ស្នើសុំ​។​

​ទូរទស្សន៍ Al  Jazeera បាន​ស្រង់​សម្ដី​លោក Antonio Guterres ដូច្នេះ​ថា​៖«​អង្គការសហប្រជាជាតិ​អាច​ធ្វើជា​អ្នកសម្របសម្រួល​បាន​គ្រប់ពេល​។​នេះ​ជា​សារ​ដែល​ខ្ញុំ​ចង់​ផ្ដាំ​ទៅ​ឲ្យ​បណ្តា​អ្នកតំណាង​នៅក្នុង​កិច្ចចរចា​ទាំង​ប្រាំមួយ​ភាគី​»​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ទាក់ទិន​នឹង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវតែ​ដោះស្រាយ​ដោយ​ការចរចា ព្រោះ​លទ្ធផល​ប្រាកដ​អាក្រក់​រហូតដល់​ស្មាន​មិន​ដល់​កើតឡើង ប្រសិន​គេ​យក​ចំណាត់ការ​យោធា​មក​ដោះស្រាយ​នោះ​។​

​តាមពិតទៅ​ការស្នើសុំ​របស់លោក Guterres ឲ្យ​ភាគី​ជម្លោះ​ចរចា​គ្នា​គឺ ដើម្បី​បន្ថែម​ទម្ងន់​ទៅលើ​ពាក្យសម្ដី​របស់​មហាអំណាច​ចិន​ដែល​ប្រាប់​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​បញ្ឈប់​ការគំរាមកំហែង​គ្នា  ហើយ​ងាក​ទៅ​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​វិញ​។​

​កន្លងមក​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ក៏បាន​ឆ្លងឆ្លើយ​ជាមួយ​សម​ភាគី​រុស្សី​លោក​Sergey Lavrov តាមរយៈ​ទូរស័ព្ទ​ដែរ ដោយ​លោក​បញ្ជាក់ថា ចិន និង​រុស្សី​គួរតែ​សហការគ្នា​ដើម្បី​លុបបំបាត់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​ក៏ដោយ​សារ ទាំង​ចិន និង​រុស្ស៊ី​មិន​ចង់ឃើញ​បញ្ហា​មិន​នឹកស្មាន​ដល់​កើតឡើង​នៅ​ជិត​ទ្វារផ្ទះ​របស់ខ្លួន​ឡើយ​។

​ដោយឡែក ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Lee Nak Yeon បាន​បដិសេធ​ការស្នើសុំ​របស់​អ្នកនយោបាយ​បក្សប្រឆាំង​ឲ្យ​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​តបត​កូរ៉េខាងជើង​ដែរ​។ ប្រមុខ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​យល់ថា សកម្មភាព​បែបនេះ​នឹង​បំផ្លាញ​ការ​ខំព្យាយាម​របស់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​។ ផ្ទុយទៅវិញ វា​នឹង​បង្ក​ឲ្យ​មានការ​ប្រណាំងប្រជែង​អាវុធ​ក្នុង​តំបន់​អាស៊ី និង​ជំរុញ​ឲ្យ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​កើនឡើង​ផងដែរ​។​

​យ៉ាងណាក៏ដោយ ស្ថានការណ៍​ហាក់​ប្រសើរឡើង​បន្តិច ព្រោះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ពន្យារ​ការសម្រេច​ចិត្ត​បាញ់​មី​ស៊ី​ល​ទៅកាន់​តំបន់​ក្បែរ​កោះ​ហ្គា​ម​។ មេដឹកនាំ​រដ្ឋ​កុម្មុយនីស្ដ​រូបនេះ​អះអាងថា ខ្លួន​នៅ​រង​ចាំមើល​សកម្មភាព​របស់​អាមេរិក​មុន​សិន​។ ចំណែក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ​បាន​សរសើរ គីម ជុង​អ៊ុន ដែល​បាន​ពន្យារ​ការបាញ់​មី​ស៊ី​ល​នេះ​ផងដែរ ដោយ​លោក​ហៅ​ការសម្រេចចិត្ត​នេះ​ជា​រឿង​សម​ហេតុផល​និង​ឆ្លាត​វៃ​៕


Tag:
 Antonio Guterres
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com