អន្តរជាតិ
បន្ថែមពីការពង្រីកសេដ្ឋកិច្ច វៀតណាមឆ្លៀតទាញថៃឲ្យចាប់អារម្មណ៍ពីសមុទ្រចិនខាងត្បូង រូបភាព៖ VN Media
× ប្រមុខរដ្ឋាភិបាលក្រុងហាណូយ នៅថ្ងៃទី១៧ សីហា បានបំពេញទស្សនកិច្ចទៅកាន់រាជាណាចក្រថៃ។ តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុងហាណូយ និងក្រុងបាងកក មិនត្រឹមតែសម្រេចបានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរប៉ុណ្ណោះនោះទេ មេដឹកនាំវៀតណាមក៏ឆ្លៀតពិភាក្សាពីជម្លោះសមុទ្រចិនខាងត្បូងជាមួយមេដឹកនាំថៃដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីថៃ បាយុទ្ធ ចាន់អូចា (Prayuth Chan O Cha) បានចុះហត្ថលេខាលើកិច្ចព្រមពៀងទ្វេភាគីចំនួនដប់ លើវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងទាំងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលទាំងពីរ បានបញ្ចប់កិច្ចពិភាក្សាទ្វេភាគីក្នុងអំឡុងដំណើរទស្សនកិច្ចបីថ្ងៃរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ថៃ។
បើតាមសារព័ត៌មាន The Nation របស់ថៃ តាមរយៈទស្សនកិច្ចនេះ ក្រុមហ៊ុនថៃ និងវៀតណាម បានព្រមព្រៀងធ្វើពាណិជ្ជកម្មជាមួយគ្នាទាំងលើវិស័យប្រេងឥន្ធនៈ ស៊ីម៉ង់ ការផ្គត់ផ្អង់ថាមពលអគ្គិសនី ធនាគារ និងសារធាតុគីមីជាដើម។
អ្វីគួរកតសម្គាល់ ក្នុងដំណើរទស្សនកិច្ចដដែលនោះ លោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីវៀតណាម ក៏បានឆ្លៀតឱកាសផ្លាស់ប្តូរយោបល់ជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ ភាគីទាំងពីរ បានអះអាងជាថ្មី ពីសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
សូមជម្រាបផងដែរថា វៀតណាម គឺជាភាគីជម្លោះសមុទ្រចិនខាងត្បូងដ៏អង់អាចមួយរបស់អាស៊ាន ដែលតែងតែប្រឈមមុខជាមួយនឹងទាំងផ្នែកការទូត និងយោធា។ វៀតណាម តែងតែសុំឲ្យសមាជិកអាស៊ានទាំងដប់ រួមគ្នាចេញសេចក្តីថ្លែងការណ៍ប្រឆាំងចិន នៅលើជម្លោះអធិបតេយ្យសមុទ្រមួយនេះ៕
Tag:
ថៃ
វៀតណាម
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com