ជាតិ
លោក ម៉ម ប៊ុនហេង ស្នើ​ចិន​ផ្តល់ជំនួយ​បន្ថែម ដើម្បី​ពង្រឹង​សេវា​សុខាភិបាល​នៅ​កម្ពុជា​
20, Aug 2017 , 6:39 pm        
រូបភាព
រូបភាពពីហ្វេស​ប៊ុកក្រសួង​សុខាភិបាល​នៃព្រះរាជាណាច​ក្រកម្ពុជា
រូបភាពពីហ្វេស​ប៊ុកក្រសួង​សុខាភិបាល​នៃព្រះរាជាណាច​ក្រកម្ពុជា
ដោយ:
​ភ្នំពេញ​៖​ក្នុង​វេទិកា​អន្តរជាតិ​ជាន់ខ្ពស់​ស្តីពី​«​ខ្សែក្រវ៉ាត់​និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ឆ្ពោះទៅរក​សុខភាព​ផ្លូវ​សូត្រ​» នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧-២០ ខែសីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​សុំ​ជំនួយ​ចិន​បន្ថែម ដើម្បី​ពង្រឹង​សេវា​សុខាភិបាល​នៅ​កម្ពុជា​។

 


​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង បានស្នើ​សុំ​ជំនួយ​សុខាភិបាល​ពី​ប្រទេស​ចិន​បន្ថែមទៀត ដើម្បី​ពង្រឹង​សេវា​សុខាភិបាល​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែសីហា​នេះ ដែល​និយាយ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្តីពី​វិស័យ​សុខ​ភិ​បាល​ក្នុង​ក្របខណ្ឌ​គោលនយោបាយ​ផ្លូវ​សូត្រ​នៅក្នុង​ទីក្រុង​ប៉េកាំង​នៅក្នុង​សប្តាហ៍​នេះ​។​

 បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា ប្រទេស​ចិន​នឹង​បញ្ជូន​ក្រុមគ្រូពេទ្យ ផ្តល់​សេវា​វះកាត់​ភ្នែក​ឡើងបាយ មាត់​ឆែប​ដោយ​ឥតគិតថ្លៃ ការផ្តល់​ជំនួយ​ឱសថ សម្ភារ និង​បរិក្ខា​ពេទ្យ ទៅ​ជួយ​បណ្តា​ប្រទេស​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។ បន្ថែម​ពីនេះ ចិន​ក៏​អនុវត្តន៍​គម្រោង​សុខភាព​មាតា និង​កុមារ ជំរុញ​បច្ចេកវិទ្យា​សមស្រប​ក្នុង​ផ្នែក​ឯកទេស​កុមារ សម្ភព និង​រោគ​ស្ត្រី និង​ពង្រឹងសមត្ថភាព​ថែទាំ​និង​ព្យាបាល ដើម្បី​លើកកម្ពស់​សុខភាព​មាតា និង​ទារក នៅតាម​បណ្តាល​ប្រទេស​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត​ជាច្រើន​ទៀត​។

​សូមបញ្ជាក់ថា ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ជា​គម្រោង​ផ្លូវ​សូត្រ​ថ្មី​មួយ​របស់​ប្រទេស​ចិន ដែល​បានប្រកាស​ឱ្យ​អនុវត្តន៍​កាលពី​ឆ្នាំ ២០១៣ ដោយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។ គម្រោង​នេះ​បែង​ចែកចេញជា​ពីរ​។ ទីមួយ គម្រោង «​ផ្លូវ​មួយ​» សំដៅ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ឬ ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដែល​ត​ភ្ជាប់​ពី​តំបន់​ហ្វូ​ចូ​វ (Fuzhou) នៃ​ខេត្ត​ហ្វូ​ជាន (Fujian) ប្រទេស​ចិន រហូតដល់​ទីក្រុង​វែ​នី​ស (Venice) ប្រទេស​អ៊ីតាលី ឆ្លងកាត់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង អាហ្វ្រិក និង អឺរ៉ុប​ខាងត្បូង​។ ទី​ពីរ គម្រោង «​ខ្សែក្រវ៉ាត់​មួយ​» ដែល​សំដៅ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក ឬ ផ្លូវ​សូត្រ​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច ដែល​ត​ភ្ជាប់​ពី​តំបន់​ស៊ី​អាន (Xi’an) នៃ​ខេត្ត​សាន​ស៊ី (Shaanxi) ប្រទេស​ចិន រហូតដល់​ទីក្រុង​វែ​នី​ស (Venice) ប្រទេស​អ៊ីតាលី ដែល​ជាទី​ភ្ជាប់​គ្នា​ទៅនឹង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដោយ​ឆ្លងកាត់​តំបន់​អាស៊ី​កណ្តាល ទីក្រុង​មូ​ស្គូ (Moscow) នៃ​សហព័ន្ធ​រុស្សី និង អឺរ៉ុប​ខាងត្បូង​៕ 


Tag:
 ម៉ម ប៊ុនហេង​
  ​សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com