ជាតិ
សម្តេច ហ៊ុន សែន រិះគន់ឧកញ៉ាខ្លះមានលុយដោយសារបំផ្លាញព្រៃឈើ
× នៅព្រឹកថ្ងៃទី២២ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ និងនិយាយចំអកដល់ក្រុមអ្នកមានទ្រព្យសម្បត្តិដោយសារការកាប់បំផ្លាញព្រៃឈើ។ នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបានដឹកនាំវេទិកាជាតិលើកទី២ស្តីពី ការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន
«គេកាប់ឈើនៅព្រះវិហារ តែគេមកចូលរួមកសាងបន្តិចបន្តួចនៅកំពង់ចាម ឬនៅខេត្តកណ្តាល។ ហើយអ្នកកំពង់ចាម និងអ្នកខេត្តកណ្តាល គិតស្មានថា អ្នកទាំងនេះល្អ។ ត្រូវមើលប្រវត្តិ បើរកស៊ីមានបានដោយសារកាប់ឈើ យើងត្រូវពិចារណា»។ សម្តេចនាករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរិះគន់ក្រុមឈ្មូញរកស៊ីកាប់បំផ្លាញព្រៃឈើនៅក្នុងវេទិកាជាតិលើកទី២ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបន្តទៀតថា អ្នកខ្លះត្រូវបានគេគិតថា ជាឧកញ៉ា និងជាឈ្មួញល្អនៅរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់អ្នកនៅតំបន់ផ្សេងដែលបានបាត់បង់ផលប្រយោជន៍ដោយសារការកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញអ្នកអំណាចទាំងនោះ ឧកញ៉ា ឬឈ្មួញទាំងនោះ គឺជាឧក្រិដ្ឋជនទៅវិញទេ។
ប្រមុខរដ្ឋាភិបាលកំពុងបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើដែលលោកថា រដ្ឋាភិបាលបានធ្វើការងារច្រើនចំពោះការការពារ និងការទប់ស្កាត់ការកាប់ព្រៃឈើនេះ។ នៅក្នុងវេទិកាជាតិ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធពីមន្ត្រី សង្គមស៊ីវិល ព្រមទាំងអ្នកសិល្បៈផងនោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖«ការកាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលរបស់ខ្ញុំនោះទេ។ ខ្ញុំស្អប់ណាស់ មនុស្សកាប់ឈើនេះ។ រៀងរាល់ពេលប្រជុំគណបក្ស ខ្ញុំតែងរម្លឹកហើយ ថាកុំឲ្យមានការអត់ឱនដល់មនុស្សកាប់បំផ្លាញព្រៃឈើ ទោះអ្នកនោះមានឋានៈស្អីក៏ដោយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com