ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ថប់​អារម្មណ៍​
22, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​អាចមាន​ការបារម្ភ​ច្រើន​អំពី​បញ្ហា​ណាមួយ​នៅ​កន្លែងធ្វើការ ឬ​អាច​ជាមាន​អ្វីមួយ​កំពុងតែ​ហោះ​ក្នុង​ពោះ ខណៈពេលដែល​កំពុងតែ​រង់ចាំ​លទ្ធផល ​នៃ​ការធ្វើ​តេស្ត​សុខភាព​។ ជាទូទៅ មនុស្ស​គ្រប់គ្នា​តែងតែ​មានការ​ថប់​អារម្មណ៍ ​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​។ រឿងនេះ​ មាន​ទាំង​មនុស្ស​ធំ និង​កូនក្មេង​។ សម្រាប់​មនុស្ស​ភាគច្រើន​ ​ការ​ថប់​អារម្មណ៍​ គឺមាន​បាត់ៗ ហើយ​មាន​រយៈពេល​ខ្លី​ដែរ​។​



​ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះទៀត ​​ការ​ថប់​អារម្មណ៍​គឺមាន​រយៈពេល​យូរ និង​ច្រើន​ខ្លាំង​។ ការ​ថប់​អារម្មណ៍​ ប្រហែលជា​មិនអាច​បាត់ទៅ​វិញ ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ ខែ ឬ​ឆ្នាំ​ឯណោះ​។ វា​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​ពេលខ្លះ ​រំខាន​ដល់​របៀប​រស់នៅ​ប្រចាំថ្ងៃ​ថែមទៀត​។​

​ខណៈពេលដែល អាកា​រ​នៃ​ការ​ថប់​អារម្មណ៍ ​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ ទៅ​ម្នាក់ទៀត តែ​ជាទូទៅ រាងកាយ​នឹងមាន​ប្រតិកម្ម​ទៅនឹង​របៀប​ពិសេស​នៃ​ការ​ថប់​អារម្មណ៍​តែម្តង​។ នៅពេល​មាន​អារម្មណ៍​តក់ស្លុត រាងកាយ​នឹងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដែល​មើល​អ្វីៗ​តែងតែមាន​គ្រោះថ្នាក់​សឹងតែ​ទាំងអស់​។ រោគសញ្ញា​នៃ​ការ​ថប់​អារម្មណ៍​ខ្លះ​មានដូចជា​៖
•    ភ័យ គេង​មិន​លក់ ឬ​មាន​អារម្មណ៍​តានតឹង​ជាប់​
•    មាន​អារម្មណ៍​ថា​មាន​គ្រោះថ្នាក់ ខ្លាច ឬ​មានការ​គំរាមកំហែង​
•    ចង្វាក់បេះដូង​ដើរ​ញាប់​
•    ដកដង្ហើម​ញាប់​
•    ញាក់​សាច់ដុំ​
•    ខ្សោយ និង​ល្ហិតល្ហៃ​
•    ពិបាក​ផ្ចង់អារម្មណ៍ ឬ​គិត​អ្វីមួយ​ឲ្យ​បានច្បាស់លាស់​ណាស់​
•    គេង​មិន​លក់​
•    មាន​បញ្ហា​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​ដូចជា ផោម​ច្រើន ទល់លាមក ឬ​រាករូស​
•    ចេះតែ​ចង់​គេចវេស ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ថប់​អារម្មណ៍​
•    ចេះតែ​សម្តែង​នូវ​អាកប្បកិរិយា​ដដែលៗ​ ម្តង​ហើយ​ ម្តងទៀត​
•    ភ័យខ្លាច​នូវ​រាល់​ហេតុការណ៍​ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​ កាលពី​ពេលមុនៗ ទោះបីជា​វា​កន្លងផុត​ហើយក៏​ដោយ​។​

Panic Attacks
​វា​គឺជា​ការខ្លាច ឬ​ថប់​អារម្មណ៍​ខ្លាំង​ភ្លាមៗ ដែល​កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​អាចមាន​អាកា​រយ៉ាងហោចណាស់​បួន​យ៉ាង​ នៃ​អាកា​រខាងក្រោម​នេះ​៖
•    ញ័រ​ដើមទ្រូង​
•    បែកញើស​
•    ញ័រ​ខ្លួន​
•    មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម​
•    មាន​អារម្មណ៍​ថា​ឆ្លាក់​អ្វីមួយ​ក្នុង​បំពង់ក​
•    ចង្អោ ឬ​មាន​បញ្ហា​ក្រពះ​ពោះវៀន​
•    វិលមុខ ឬ​មាន​អារម្មណ៍​ចង់​ខ្យល់គរ​
•    មាន​អារម្មណ៍​ថា​ត្រជាក់ ឬ​ក្តៅ​
•    មាន​អារម្មណ៍​ស្ពឹកៗ ឬ​ឈឺ​ឈៀបៗ​
•    មាន​អារម្មណ៍​ថា​ដូច​បាត់​លក្ខណៈ​ជាម​នុស្ស​
•    ខ្លាច ឬ​ចង់​ឆ្គួ​ត ឬ​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង​
•    ខ្លាច​ស្លាប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com