ជាតិ
ក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹក សុំទោសដែលយកលុយថ្លៃទឹកពីពលរដ្ឋលើស លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
× ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសុំទោសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញវិក្ក័យបត្រយកថ្លៃទឹកពីប្រជាពលរដ្ឋខ្ពស់លើស ដោយសារខុសបច្ចេកទេស។ ការសុំទោសនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ទទួលព័ត៌មានថា រដ្ឋាករនេះទូទាត់លុយថ្លៃទឹកពីប្រជាពលរដ្ឋខុសប្រក្រតី ហើយសម្តេចបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
«ចំពោះកំហុសឆ្គងនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សូមអភ័យទោសពីសំណាក់អតិថិជនទាំងអស់ ដែលទទួលផលប៉ះពាល់ពីការខុសឆ្គងនេះ ហើយសន្យាថា នឹងមិនឲ្យមានការខុសឆ្គងជាលើកទី ២ ឡើយ»។ នេះជាការសុំទោសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីសើរើពីករណីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាស្ថាប័នចំណុះឲ្យខ្លួន ទូទាត់តម្លៃខ្ពស់ពីប្រជាពលរដ្ឋដោយផ្ទុយពីការអំពាវនាវរបស់សម្តេច។ សេចក្តីជូនដំណឹងរបស់ក្រសួង ដែលផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News បន្តយ៉ាងនេះថា៖« ដោយមានកំហុសបច្ចេកទេសរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និងចេញវិក្ក័យបត្រពុំត្រឹមត្រូវបណ្តាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាជននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ»។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ចេញមុខសុំទោសដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់នៃកំហុសនេះដែរ ដោយមានអត្ថន័យស្រដៀងនឹងខ្លឹមសារនៃការសុំទោសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
សម្ដេច ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី ២៨ ខែសីហា យ៉ាងដូចនេះថា៖«ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ទឹកច្រើនបង់ថ្លៃដូចៗគ្នា ធ្វើឲ្យនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តន៍បាន។ នេះគឺខុសពីការអំពាវនាវរបស់ខ្ញុំឲ្យបញ្ចុះថ្លៃទឹក»។ សម្ដេចបញ្ជាក់ទៀតថា សម្ដេចបានបញ្ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ចុះធ្វើការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាពលរដ្ឋវិញនូវទឹកប្រាក់ដែលបានយកលើសពីពួកគាត់តាមរូបមន្តថ្មី។
ក្រសួងឧស្សាហកម្ម ដែលមានលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី បានបញ្ជាឲ្យដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខ្លួន អនុវត្តការគណនាតម្លៃទឹកតាមរបៀបគណនាចាស់ និងសងអតិថិជនដែលមានផលប៉ះពាល់ ទាំងអស់នូវទឹកប្រាក់លម្អៀងលើសជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងខាងលើ។
© រក្សាសិទ្ធិដោយ thmeythmey.com