អន្តរជាតិ
ក្រោយ​ស្លាប់​សិស្សសាលា​ម្នាក់ ឌូ​ទើ​តេ ចេញ​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​អ្នក​រឹងទទឹង​ការចាប់ខ្លួន​
28, Aug 2017 , 3:34 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​ពួក​ឆ្កួត​ឡប់​ដែល​រឹងទទឹង​ការចាប់ខ្លួន​។ ការចេញ​បញ្ជា​របស់លោក ឌូ​ទើ​តេ ធ្វើឡើង​ចំពេល​ដែល​ប​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក​រង​ការរិះគន់​ខ្លាំង ក្រោយ​ការស្លាប់​សិស្សសាលា​វ័យក្មេង​ម្នាក់​ក្រោម​ស្នាដៃ​ប៉ូលិស​ហ្វីលីពីន​។ លោក ឌូ​ទើ​តេ ក៏បាន​ចេញ​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​ដែរ ដើម្បី​កាត់ទោស​ប៉ូលិស​ដែល​ប្រព្រឹត្ត​ខុសច្បាប់​។​



​ទោះជា​ឈាម​បន្ត​ហូរ​ក្ដី ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅតែ​បន្តធ្វើ​ដដែល ខណៈដែល​សំឡេង​ប្រឆាំង​ក្នុងស្រុក​ក៏​កើនឡើង​ដែរ ក្រោយ​កើតមាន​ករណី​ប៉ូលិស​បាញ់សម្លាប់​កូនសិស្ស​សាលា​ម្នាក់​ឈ្មោះ Kian Loyd delos Santos នៅ​ពាក់កណ្ដាល​ខែសីហា​នេះ​។ លោក ឌូ​ទើ​តេ មិនបាន​រាថយ​អ្វី​ទេ​ចំពោះមុខ​ករណីនេះ ហើយ​លោក​ក៏បាន​ចេញ​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់សម្លាប់​អ្នក​ដែល​មិន​ចុះ​ញ៉ម​ផងដែរ​។

​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​២៨ ខែសីហា ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បានចេញ​បញ្ជា​ឲ្យ​លោក Jovie Espenido មេ​ប៉ូលិស​ទីក្រុង​ភាគ​ត្បូង​ផ្ដាច់ជីវិត​អ្នក​ដែល​លោក​ចាត់ទុកជា​មនុស្ស​ឆ្កួត​ឡប់ និង​ហ៊ាន​តដៃ​ប៉ូលិស​វិញ​។ លោក ឌូ​ទើ​តេ បញ្ជាក់​ដូច្នេះ​ថា​៖ «​កា​ត្វ​កិច្ច​របស់​អ្នក​តម្រូវ​ឲ្យ​អ្នក​ជម្នះ​ការប្រឆាំងរ​បស់ជនស​ង្ស័​យ ហើយ​បើ​ពួកគេ​តដៃ នោះ​ជា​អំពើហិង្សា​។ ប៉ូលិស​អាច​បាញ់​ពួក​ឆ្កួត​ឡប់​ទាំង​នោះបាន នេះ​ជា​បញ្ជា​របស់ខ្ញុំ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​យ៉ាងណាក្ដី លោក ឌូ​ទើ​តេ ក៏បាន​ប្រាប់​ឲ្យ​ប៉ូលិស​អនុវត្ត​តាមច្បាប់ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ផ្ទាល់​នឹង​ប្រឈមមុខ​ផ្លូវច្បាប់​វិញ​មិន​ខាន​។ ប្រធានាធិបតី​មាត់ដាច​រូបនេះ​សង្កត់ធ្ងន់ថា អំពើ​ឃាតកម្ម អំពើ​មនុស្សឃាត និង​ការសម្លាប់​មនុស្ស​ដោយ​ខុសច្បាប់ មិនត្រូវ​កើតឡើង​ដាច់ខាត ហើយ​ប៉ូលិស​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​ច្បាប់ ពេល​បំពេញភារកិច្ច​របស់ខ្លួន​។ លោក ឌូ​ទើ​តេ ធ្លាប់​ប្រកាស​ហើយ​ថា លោក​ការពារ​តែ​ប៉ូលិស​ប្រព្រឹត្ត​ខុសពេល​ចេញ​បេសកកម្ម​ប៉ុណ្ណោះ​។ 

​តាំងពី​ចាប់ផ្ដើម​មក​នោះ យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ មិនសូវ​ទទួល​ពាក្យរិះគន់​ពី​ប្រជាជន​ឡើយ ទោះ​ជាមាន​អ្នកនយោបាយ​ខ្លះ និង​សហគមន៍​អន្តរជាតិ​រិះគន់​កប់​មាត់​ក្ដី​។ ប៉ុន្តែ​ចុងក្រោយ​នេះ បន្ទាប់​ករណី​បាញ់​សិស្សសាលា Kian វ័យ​១៧​ឆ្នាំ​មក​នោះ គេ​ឃើញ​មានការ​តវ៉ា​ធ៏​គួរសម​មួយ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​។ ប៉ូលិស​ហ្វីលីពីន​អះអាងថា​ខ្លួន​បាញ់​ការពារ​ខ្លួន​ប៉ុណ្ណោះ តែ​ខាង​គ្រួសារ​ជនរងគ្រោះ​និយាយថា Kian គឺជា​ក្មេង​ស្មោះត្រង់​ម្នាក់​។  
 
​នៅ​ថ្ងៃទី​២៨ ខែសីហា លោក ឌូ​ទើ​តេ ក៏បាន​ជួប​ជាមួយ​ឪពុកម្ដាយ​របស់ Kian នៅ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​គេ​មិនដឹងថា​ជំនួប​នេះ​និយាយ​ពីអ្វី​ឡើយ​។ ករណី​សម្លាប់​ក្មេង​មិន​ដឹងអី​ម្នាក់នេះ​ទំនងជា​មិនអាច​ផ្លាស់ប្ដូរ​ចិត្ត​លោក ឌូ​ទើ​តេ ឲ្យ​បញ្ចប់សង្គ្រាម​គ្រឿងញៀន​បានទេ​។ លោក​បានបញ្ជាក់​យ៉ាងច្បាស់​កាលពី​ថ្មីៗ​នេះ​ថា សង្គ្រាម​គ្រឿងញៀន​នឹង​បន្ត​ទៅមុខទៀត​ដើម្បី​បោសសម្អាត​ក្រុម​ឈ្មួញ​និង​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​បង្កបញ្ហា​ដល់​សង្គម​ហ្វីលីពីន​ឥតឈប់ឈរ​នោះ​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com