អន្តរជាតិ
អ៊ីស្រាអែល​ចោទ UN ថា​កាន់ជើង​ប៉ា​ឡេ​ស្ទី​ន​និង​បើកដៃ​ឲ្យ​ក្រុម​ហេ​ស្បូ​ឡា​រត់ពន្ធ​អាវុធ​តាមចិត្ត​
29, Aug 2017 , 1:49 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ត្អូញត្អែរ​ចំពោះមុខ​ប្រមុខ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ជុំវិញ​ការ​លម្អៀង​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ទៅរក​ប៉ា​ឡេ​ស្ទី​ន និង​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​អាវុធ​រប​ស់​ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់​ទៅទៀត​។ លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏​ចោទ UN ថា​បានធ្វើ​ទង្វើ​ដែល​មិន​ស្មើភាព ហើយ​មិន​ធ្វើ​អ្វី​សោះ​ក្នុងការ​ទប់ស្កាត់​ទង្វើ​របស់​ប៉ា​ឡេ​ស្ទី​ន​ដែល​បង្កបញ្ហា​ឲ្យ​អ៊ីស្រាអែល​។​



​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ប្រើ​ពាក្យសម្ដី​ខ្លាំង​រិះគន់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ដែល​លម្អៀង​ទៅរក​តែ​ប៉ា​ឡេ​ស្ទី​ន​។ លោក ហ្គូ​តេ​រ៉េ​ស ទៅដល់​អ៊ីស្រាអែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​គោលដៅ​បញ្ចុះបញ្ចូល​ឲ្យ​មានការ​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ ប៉ុន្តែ​លោក​បែរជា​ត្រូវ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រិះគន់​ជា​ចំហរ​ទៅវិញ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​ថ្ងៃទី​២៨ ខែសីហា លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​ចំៗ​ថា UN បានធ្វើ​សកម្មភាព​ដែល​មិន​ស្មើភាព ព្រោះ​បាន​បន្ទាប​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល និង​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការជួញដូរ​អាវុធ​រប​ស់​ក្រុម​ឧទ្ទាម​ហេ​ស្បូ​ឡា​នៅ​លី​បង់​ឡើយ​។ បើតាម​សារព័ត៌មាន RT លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​រិះគន់ UN ដែល​មិន​ទទួល​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល តែ​ចាត់ទុក​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មខាង​កើតជា​រដ្ឋធានីរ​បស់​ប៉ា​ឡេ​ស្ទី​ន​ទៅវិញ​។​

​លើសពីនោះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ​ក៏បាន​រិះគន់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​លី​បង់ (UNIFIL) ផងដែរ ដោយ​លោក​បាន​ចង្អុល​ដល់​បញ្ហា​ជួញដូរ​អាវុធ​របស់​ក្រុម​ឧទ្ទាម​ហេ​ស្បូ​ឡា​ដែល​អ៊ីស្រាអែល​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ លោក ណេ​តាន់​យ៉ា​ហ៊ូ បញ្ជាក់ថា UNIFIL មាន​ជំហរ​ទន់ជ្រាយ​ពេក​ចំពោះមុខ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​មាន​ផែនការ​វាយប្រហារ​អ៊ីស្រាអែល ដ្បិត​មិនបាន​រាយការណ៍​ពី​ការរត់ពន្ធ​អាវុធ​ដ៏​ច្រើន​នៅក្នុង​លី​បង់​ឡើយ​។​

​ឆ្លើយតប​ប្រតិកម្ម​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប្រមុខ UN បាន​ប្រាប់​វិញ​ថា​លោក​ដឹង​ពី​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​របស់​អ៊ីស្រាអែល ហើយ​លោក​នឹង​ព្យាយាម​ធ្វើ​គ្រប់បែបយ៉ាង និង​ដោយ​អំណាច​ដែល​លោក​មាន​ដើម្បី​រក្សា​សន្តិភាព​នៅក្នុង​តំបន់​។ លោក ហ្គូ​តេ​រ៉េ​ស ក៏​នឹង​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ធានាថា​បេសកកម្ម UN នៅ​លី​បង់​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ម៉ត់ចត់ ដោយ​លោក​សង្កត់ធ្ងន់ថា​បំណង​ក្នុងការ​កម្ទេច​រដ្ឋ​អ៊ីស្រាអែល គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។​

​ឆ្លៀតឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏បាន​ប្រាប់់​ពី​សកម្មភាព​របស់​អ៊ីរ៉ង់​ក្នុងការ​សាងសង់​ទីតាំង​ផលិត​មី​ស៊ី​ល​នៅ​ស៊ី​រី និង​លី​បង់ ដែលជា​ការគំរាមកំហែង​ដ៏​ធំ​របស់​អ៊ីស្រាអែល​។ លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​អះអាងថា អ៊ីរ៉ង់​ប្រែក្លាយជា​ស៊ី​រី​ជា​លេណដ្ឋាន​យោធា និង​ចង់​ប្រើប្រាស់​ស៊ី​រី និង​លី​បង់​ជា​សមរភូមិ​ជួរមុខ​ក្នុងការ​គោលដៅ​បោសសម្អាត​អ៊ីស្រាអែល​ពី​ផែនទី​ពិភពលោក​។ ដោយមាន​ភស្តុតាង​បញ្ជាក់​ពី​សកម្មភាព​របស់​អ៊ីរ៉ង់ លោក​បន្តថា អ៊ីស្រាអែល​មិនអាច​ទទួលយក​ការ​គំរាម​បែបនេះ​ទេ ហើយ UN ក៏​គួរតែ​មិនអាច​ទទួលយក​បានដែ​រ​៕


Tag:
 អ៊ីស្រាអែល​
  UN
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហូ​
  អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com