អន្តរជាតិ
ថៃ​៖ រដ្ឋមន្ត្រី​ការពារជាតិ​និង​មេ​ប៉ូលិស​ជាតិ​រង​បណ្ដឹង ព្រោះ​បណ្ដោយ​ឲ្យ​លោកស្រី យី​ង​ឡាក់ គេចខ្លួន​
29, Aug 2017 , 7:19 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon និងមេប៉ូលិសជាតិ Chakthip Chaijinda រងបណ្ដឹង ព្រោះបណ្ដោយឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ រត់គេចខ្លួន
ឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon និងមេប៉ូលិសជាតិ Chakthip Chaijinda រងបណ្ដឹង ព្រោះបណ្ដោយឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ រត់គេចខ្លួន
​របប​សឹក​ថៃ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការបាត់​ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​គេ​ជឿថា​កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ​។ នៅ​ថ្ងៃទី​២៨ ខែសីហា សកម្មជន​ការពារ​រដ្ឋធម្មនុញ្ញ​ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​សុវណ្ណ (Prawit Wongsuwon) និង​មេ​ប៉ូលិស​ជាតិ Chakthip Chaijinda ដែល​បណ្ដោយ​ឲ្យ​លោកស្រី យី​ង​ឡាក់ រត់គេច​បាន​។



​លោក Srisuwan Chanya អគ្គលេខាធិការ​អង្គការ​ការពារ​រដ្ឋធម្មនុញ្ញ បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​មន្ត្រីជាន់ខ្ពស់​របប​យោធា​ថៃ​ចំនួន​ពីរ​នាក់​លើ​ករណី​បាត់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ លោក Chanya ប្ដឹង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ ប្រា​វីត វង្ស​សុវណ្ណ និង​ស្នងការ​ប៉ូលិស​ជាតិ Chakthip Chaijinda ដែល​ធ្វេសប្រហែស​ក្នុង​ការងារ​រហូត​បណ្ដោយ​ឲ្យ​លោកស្រី យី​ង​ឡាក់ អាច​ចាក​ចេញពី​ប្រទេស​បាន​។

​លោកស្រី យី​ង​ឡាក់ មិនបាន​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ​ទេ​នៅ​ថ្ងៃទី​២៥ ខែសីហា ដែលជា​ថ្ងៃ​ប្រកាស​សាលដីកា​ជុំវិញ​ករណី​ធ្វេសប្រហែស​ក្នុង​កម្មវិធី​ទិញ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី ដែល​បណ្ដាល​ឲ្យ​រដ្ឋ​ខាតបង់​រាប់រយ​លាន​ដុល្លារ​។ មេធាវី​លោកស្រី​បាន​ប្រាប់​តុលាការ​ថា លោកស្រី យី​ង​ឡាក់ មាន​ជំងឺ តែ​តុលា​ការមិនជឿ និង​បានចេញ​បញ្ជា​ចាប់ខ្លួន​ទៀតផង​។ សារព័ត៌មាន​ថៃ​ផ្សាយ​ថា លោកស្រី យី​ង​ឡាក់ បាន​ទៅដល់​ឌូ​បៃ​បាត់​ហើយ​។​

​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត ដែល​ទទួលបន្ទុក​ការងារ​សន្តិសុខ បាន​សារភាពថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​ចាក​ចេញពី​ប្រទេស​ទៅហើយ​។ ម្ចាស់​បណ្ដឹង លោក Chanya បានបង្ហាញ​ការងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សន្តិ​ស​សុខ​អនុញ្ញាត​ឲ្យ​លោកស្រី យី​ង​ឡាក់ ចាក​ចេញពី​ប្រទេស​បាន​បែបនេះ ខណៈ​តាំងពីដើម​មក​របប​សឹក​ថៃ​បាន​តាមដាន​សកម្មភាព​លោកស្រី​យ៉ាង​ដឹ​តដល់​បំផុត​។

«​វា​ជា​រឿង​ធម្មតា​ដែល​ទង្វើ​គ្រប់​ជំហាន​របស់​លោកស្រី យី​ង​ឡាក់ ត្រូវបាន​ឃ្លាំមើល​មិន​ដាក់​ពី​សំណាក់​មន្ត្រី​សន្តិសុខ​។ ពួកគេ​ក្លាយជា​ស្រមោល​របស់លោក​ស្រី ប៉ុន្តែ​ដល់​ថ្ងៃ​ប្រកាស​សាលដីកា បែរជា​គ្មាន​នរណា​ដឹងថា​លោកស្រី​ចាក​ចេញពី​ប្រទេស​ដោយ​របៀប​ណា និង​នៅពេលណា​ទៅវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Chanya ដែល​បានដាក់​បណ្ដឹង​ទៅកាន់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ និង​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។​

​ក្រោយ​លោកស្រី យី​ង​ឡាក់ អនុវត្ត​មាននៅ​ថ្ងៃ​ប្រកាស​សាលដីកា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ប្រាប់​ឲ្យ​មន្ត្រី​សន្តិសុខ​ស្វែងរក​លោកស្រី​ផងដែរ ខណៈ​មកទល់ពេលនេះ​គេ​នៅតែ​មិនទាន់​ច្បាស់​ថា​លោកស្រី​នៅទីណា​ឲ្យ​ប្រាកដ​ដែរ​។ ជាមួយគ្នានេះ លោក ប្រា​យុទ្ធ ក៏​និយាយ​ដែរ​ថា រដ្ឋាភិបាល​ថៃ​នឹង​បដិសេធ​លិខិតឆ្លងដែន​របស់​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​ទៀតផង​។ ពាក្យ​ច​ចាម​អារាម​ជាច្រើន​បញ្ជាក់ថា​លោកស្រី​កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ​ជាមួយ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ជា​បងប្រុស​៕ 

Tag:
 ថៃ​
  Prawit Wongsuwon
  Chakthip Chaijinda
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com