អន្តរជាតិ
ក្រុម​រដ្ឋ​ឥស្លាម​ជញ្ជូន​អាវុធ​ធុន​ធ្ងន់​ទៅ​ការពារ​មូលដ្ឋាន​ចុងក្រោយ​នៅ​ស៊ី​រី​
29, Aug 2017 , 4:11 pm        
រូបភាព
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ក្រុម​រដ្ឋ​ឥស្លាម​បានចាប់ផ្ដើម​ជញ្ជូន​រថក្រោះ និង​យុទ្ធោបករណ៍​សង្គ្រាម​ផ្សេងទៀត​ទៅកាន់​តំបន់ Deir ez-Zor ដើម្បី​ការពារ​ទីតាំង​នេះ ខណៈ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដែល​គាំទ្រ​ដោយ​កម្លាំង​អាកាស​រុស្ស៊ី​កំពុងមាន​ប្រៀប​យ៉ាងខ្លាំង​។ កម្លាំងយោធា​ស៊ី​រី​បាន​ដណ្ដើម​គ្រប់គ្រង​ទឹកដី​ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម​ជា​បន្តបន្ទាប់ ដែល​គេ​មើលឃើញ​បាន​ថមថយ​កម្លាំង​ចំពោះ​ជោគជ័យ​របស់​រដ្ឋាភិបាល​ស៊ី​រី​។​



​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​បន្ត​បាត់បង់​មូលដ្ឋាន​របស់ខ្លួន​ជា​បន្តបន្ទាប់​ទាំង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។ នៅ​អ៊ីរ៉ាក់ ទាហាន​ចម្រុះ​អ៊ីរ៉ាក់​បាន​ឡោមព័ទ្ធ​ទីក្រុង Tal Afar ក៏ដូចជា​កំពុងបើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​នេះ​ផងដែរ​។ ដោយឡែក​នៅ​ស៊ី​រី​វិញ ក្រុម​ជ្រុលនិយម​មួយ​នេះ​ក៏​បរាជ័យ​ក្នុងការ​ការពារ​មូលដ្ឋាន​របស់​ពួកគេ​ដែរ ខណៈដែល​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ក្រោម​ជំនួយ​ពី​ទាហាន​អាកាស​រុស្ស៊ី បាន​វាយ​ដណ្ដើម​តំបន់​ជាច្រើន​មក​គ្រប់គ្រង​ឡើងវិញ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​២៨ ខែសីហា បានប្រកាសថា ប្រតិបត្តិការ​ឥតឈប់ឈរ​របស់​កង​ទ័ព​ស៊ី​រី​រួមជាមួយ​ជាមួយ​កម្លាំង​អាកាស​រុស្ស៊ី បានធ្វើ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ខូចខាត​យ៉ាងខ្លាំង និង​បាន​ប្រមូលផ្ដុំ​កម្លាំង ក៏ដូចជា​អាវុធយុទ្ធភណ្ឌ​ធុន​ធ្ងន់​ជាច្រើន​គ្រឿង​ទៅកាន់​ទីក្រុង Deir ez-Zor ។ Deir ez-Zor ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ជ្រុលនិយម ប៉ុន្តែ​កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព​ស៊ី​រី និង​យន្តហោះ​រុស្ស៊ី​។​

​យោងតាម​សារព័ត៌មាន RT ក្រសួងការពារជាតិ​រុស្ស៊ី​បន្តថា ក្រុម​នេះ​បាន​ពង្រាយ​សម្ភារ​យោធា​ដូចជា​រថក្រោះ រថពាសដែក និង​កាំភ្លើង​ធំ​នៅ​ជុំវិញ​ទីក្រុង Deir ez-Zor ។ បើតាម​ក្រសួង​ដដែល សកម្មភាព​របស់​ក្រុម​រដ្ឋ​ឥស្លាម គឺជា​សញ្ញា​បង្ហាញថា​ពួកគេ​កំពុង​ចាត់ទុកជា​តំបន់​ជុំវិញ Deir ez-Zor ជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​នៅលើ​ទឹកដី​ស៊ី​រី​។ ចំពោះ​មុខការ​រុលចូល​របស់​ទាហាន​ស៊ី​រី ក្រុម​រដ្ឋ​ឥស្លាម​ត្រូវគេ​មើលឃើញថា​បាន​បាក់ស្បាត​ជាខ្លាំង​។​

​ស្របពេល​ដែល​ពួក​ជ្រុលនិយម​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ការពារ Deir ez-Zor កម្លាំង​ទ័ពអាកាស​រុស្ស៊ី​បាន​បន្ត​យុទ្ធនាការ​របស់ខ្លួន ដោយបាន​កម្ទេច​សព្វាវុធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជាច្រើន​ផងដែរ​។ ដោយឡែក កម្លាំង​ស៊ី​រី​ក្រោម​ជំនួយ​របស់​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​លើ​មូលដ្ឋាន​របស់​ក្រុម​នេះ​នៅ​ជុំវិញ​ទីក្រុង Deir ez-Zor ហើយ​កំពុងតែ​រុល​តាម​បណ្ដោយ​ច្រាំង​ខាងកើត​ទន្លេ Euphrates ។ 

​ក្រុង Deir ez-Zor ត្រូវបាន​ក្រុម​ជ្រុលនិយម​កាន់កាប់​អស់​ពេល​ពីរ​ឆ្នាំកន្លះ​មកហើយ បន្ទាប់​ត្រូវបាន​ក្រុម​នេះ​ដណ្ដើម​ត្រួតត្រា​តាំងពី​ឆ្នាំ​២០១៥ មក​នោះ​។ ក្នុង​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​នេះ កម្លាំង​អាកាស​រុស្ស៊ី​បាន​បង្កើន​ប្រតិបត្តិការ​ដល់​ទៅ​៧០​ដង​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​រំដោះ​ទីក្រុង​នេះ​ឲ្យ​បាន​ឆាប់ ស្រប​ដែល​យន្តហោះ​រុស្ស៊ី និង​ស៊ី​រី​ជាច្រើន​គ្រឿង​ក៏បាន​ផ្គត់ផ្គង់​អាហារ​ដល់​តំបន់​ជុំវិញ​ផងដែរ​។ យ៉ាងណាក្ដី ស្ថានការណ៍​នៅ​ទីនោះ​នៅតែ​តានតឹង ដ្បិត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លទ្ធភាព​តបត​វិញ​ដែរ​៕


Tag:
 រុស្ស៊ី​
  ក្រុម​រដ្ឋ​ឥស្លាម​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com