អន្តរជាតិ
កម្ពុជា​ស្ថិតក្នុង​គោលដៅ​ទាំង​៦​ដែល​អាជ្ញាធរ​ថៃ​តាម​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់
30, Aug 2017 , 11:38 am        
រូបភាព
​របប​យោធា​កំពុង​ញាប់​ដៃជើង​ក្នុងការ​ស្វែងរក​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​បាត់​ខ្លួន​មុន​ការប្រកាស​សាលដីកា​កាលពី​សប្ដាហ៍​មុន​។ អាជ្ញាធរ​ថៃ​បាន​ទាក់ទង​ទៅកាន់​ប្រទេស​ចំនួន​៦​មាន​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា សិង្ហ​បុរី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដើម្បី​ប្រមូលផ្ដុំ​ព័ត៌មាន​ឈានទៅដល់​ការនាំ​ខ្លួន​លោកស្រី យី​ង​ឡាក់ ត្រឡប់​ចូល​ស្រុក​វិញ​។ អាជ្ញាធរ​ថៃ​ជឿថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ឆ្លងកាត់​ប្រទេស​ទាំងនេះ​ដើម្បី​គេចខ្លួន​។​



​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៩ ខែសីហា បាន​និយាយថា​ក្រសួងការបរទេស​ថៃ​បាន​ប្រើប្រាស់​មធ្យោបាយ​ការទូត​ដើម្បី​ទាក់ទង​ជាមួយ​ប្រទេស​ក្បែរ​ខាងក្នុង​អាស៊ាន និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុង​គោលដៅ​តាម​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលរ​ត់ទៅ​ក្រៅប្រទេស គេច​ពី​ការទទួល​សាលដីកា​។ ទោះជា​មិនទាន់​ដឹងថា​លោកស្រី យី​ង​ឡាក់ នៅទីណា​ឲ្យ​ច្បាស់ អាជ្ញាធរ​ថៃ​ជឿថា​លោកស្រី​មិន​ស្ថិត​ក្នុងប្រទេស​ទេ​។​

​យោងតាម​សារព័ត៌មាន The Nation ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ​បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ទាំងនោះ​ដើម្បី​ត្រួតពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ក្នុងការ​ស្វែងរក​អតីត​នាយក​រដ្ឋ​ម​ន្រី្ត​ថៃ​។ យ៉ាងណាក្ដី លោក ប្រា​យុទ្ធ មិនទាន់​ទាក់ទង​អង់គ្លេស​ដើម្បី​សុំ​ជំនួយ​ឡើយ ទោះជា​មានការ​សង្ស័យថា​លោកស្រី យី​ង​ឡាក់ អាច​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ពី​អង់គ្លេស​ក្ដី​។ នេះ​ក៏​ព្រោះតែ​លោកស្រី យី​ង​ឡាក់ គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​សុំ​ការ​ជ្រកកោន​ទេ​។​

​ដោយសារ​ការបាត់​ខ្លួន​ដ៏​អាថ៌កំបាំង​របស់​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ របប​យោធា​ថៃ​រង​ការរិះគន់​យ៉ាងខ្លាំង ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ និង​មេ​ប៉ូលិស​ជាតិ​ក៏​រង​បណ្ដឹង​ជុំវិញ​ការធ្វេសប្រហែស​បណ្ដាល​ឲ្យ​លោកស្រី យី​ង​ឡាក់ គេចខ្លួន​បាន​។ របប​សឹក​ថៃ​ក៏បាន​ទាត់ចោល​ការរិះគន់​ទាំងឡាយ​មកលើ​ខ្លួន ជាពិសេស​ការចោទប្រកាន់​ថា​របប​នេះ​បិទ​ភ្នែក​បិទ​ច្រមុះ និង​ទុក​ឲ្យ​លោកស្រី យី​ង​ឡាក់ រត់​ចេញពី​ប្រទេស​ដោយ​សុវត្ថិភាព​។​

​នៅ​ថ្ងៃទី​២៩ ខែសីហា មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Chalermchai Sitthisat និយាយថា​ផែនការ​រត់គេច​របស់​លោកស្រី យី​ង​ឡាក់ ត្រូវបាន​រៀបចំ​យ៉ាង​ល្អ​បំផុត​។ លោក​បញ្ជាក់ថា ការ​គេចខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ អាចមាន​ការរៀបចំរ​បស់បង​ប្រុស​លោកស្រី គឺ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​នៅ​ទីក្រុង​ឌូ​បៃ ព្រោះ​មនុស្ស​សាមញ្ញ​មិនអាច​រៀបចំ​ផែនការ​បែបនេះ​ទេ​។​

​អាជ្ញាធរ​ថៃ​ជឿថា ពេលនេះ​លោកស្រី យី​ង​ឡាក់ កំពុងស្ថិត​ទីក្រុង​ឌូ​បៃ​ជាមួយ​បងប្រុស​របស់ខ្លួន បន្ទាប់ពី​បាន​ចាក​ចេញពី​ប្រទេស​។ មន្ត្រី​ថៃ​ប៉ាន់​ស្មានថា​អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​យោធា​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២១០៤ អាច​ប្រើប្រាស់​មធ្យោបាយ​ផ្លូវគោក ឬ​ផ្លូវទឹក​ឆ្លងកាត់​កម្ពុជា រួច​បន្តដំណើរ​ទៅកាន់​សិង្ហ​បុរី មុននឹង​ទៅ​ក្រុង​ឌូ​បៃ​។ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​អះអាង​ហើយ​ថា​លោកស្រី យី​ង​ឡាក់ មិន​បានមក​កម្ពុជា​ទេ​៕  


Tag:
 កម្ពុជា​
  ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com