អន្តរជាតិ
លោក ថាក់ស៊ីន ចេញមុខ​រិះគន់​របប​សឹក​ថៃ ខណៈ​ប្អូនស្រី​កំពុង​គេចខ្លួន​
30, Aug 2017 , 4:44 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃទី​៣០ ខែសីហា បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ដោយបាន​រិះគន់​ប្រព័ន្ធយុត្តិធម៌​ថៃ​ក្រោម​របប​ដឹកនាំ​យោធា​។ ការ​បង្ហោះ​សារ​រិះគន់​នេះ ធ្វើឡើង ចំពេល​ដែល​ប្អូនស្រី​របស់លោក គឺ​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កំពុង​រត់គេចខ្លួន​ពី​ការកាត់ទោស​របស់​តុលាការ​កំពូល​ថៃ​ជុំវិញ​ករណី​ធ្វេសប្រហែស​ក្នុង​កម្មវិធី​ទិញ​អង្ករ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់លុយ​រាប់រយ​លាន​ដុល្លារ​។​



​បន្ទាប់ពី​ស្ងៀមស្ងាត់​អស់​ពេល​ច្រើន​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ឥទ្ធិពល ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បានចេញ​មុខ​រិះគន់​របប​ដឹកនាំ​យោធា​ដែល​កំពុង​កាន់អំណាច​នៅ​ថៃ​។ តាមរយៈ​បណ្ដាញ Twitter លោក ថាក់ស៊ីន បាន​រិះគន់​របប​សឹក​ដែល​ប្រើប្រាស់​ប្រព័ន្ធតុលាការ​រឹតត្បិត​សេរីភាព និង​ដាក់ទោស​ប្អូនស្រី​របស់លោក គឺ​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលរ​ត់ទៅ​ក្រៅប្រទេស​មុន​តុលាការ​ប្រកាស​សាលដីកា​កាលពី​សប្ដាហ៍​មុន​។​

​បើ​មិន​គេចខ្លួន​ទេនោះ លោកស្រី យី​ង​ឡាក់ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​រយៈពេល​១០​ឆ្នាំ ក្រោម​បទ​ចោទ​ធ្វេសប្រហែស​ក្នុង​ការងារ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​រាប់រយ​លាន​ដុល្លារ​ក្នុង​កម្មវិធី​ទិញ​អង្ករ​ពី​ប្រជាជន​ក្នុងតម្លៃ​ថ្លៃ ហើយ​លក់​វិញ​ក្នុង​តម្លៃថោក​។ អតីតរដ្ឋមន្ត្រី​ពីររូប​របស់​រដ្ឋបាល​លោកស្រី បាន​ជាប់ទោស​ធ្ងន់ធ្ងរ​ក្នុង​សំណុំរឿង​ទិញ​អង្ករ​នេះ ខណៈ​លោកស្រី យី​ង​ឡាក់ ផ្ទាល់ បែរជា​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ​ទៅវិញ​។​

«​ម៉ុង​តេ​ស្គី​យើ​និយាយថា គ្មាន​របប​ផ្ដាច់ការ​ណា​សាហាវ​ជាង​របប​ដែល​រស់នៅ​ស្ថិតស្ថេរ​ដោយ​ប្រើប្រាស់​ច្បាប់ និង​រស់​ក្រោម​ឈ្មោះ​យុត្តិធម៌​ឡើយ​»​។ នេះ​ជា​គឺជា​អត្ថន័យ​ក្នុង​សារ​របស់លោក ថាក់ស៊ីន ដែល​បង្ហោះ​លើ Twitter របស់លោក ដោយបាន​ដកស្រង់​សម្ដី​ទស្សនវិទូ​បារាំង ម៉ុង​តេ​ស្គី​យើ (Montesquieu) ដើម្បី​រិះគន់​របប​យោធា​ថៃ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​បក្ស​ភឿ​ថៃ​របស់លោក​ស្រិ យី​ង​ឡាក់ កាលពី​ឆ្នាំ​២០១៤ ។​


​លោក ថាក់ស៊ីន ផ្ទាល់​ក៏​ធ្លាប់​រងគ្រោះ​ដោយសារ​រដ្ឋប្រហារ​ដែរ​។ កាលពី​ឆ្នាំ​២០០៦ លោក ថាក់ស៊ីន ដែល​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ពី​តំណែង ហើយ​មកដល់​ឆ្នាំ​២០០៨ លោក​ក៏ត្រូវ​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ​លើ​ករណី​ពុករលួយ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​និរទេស​ខ្លួន​ទៅកាន់​បរទេស និង​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនេះ ដោយ​ចាត់ទុកជា​រឿង​នយោបាយ​សុទ្ធសាធ​។

​គេ​ជឿថា​អតីត​នាយករដ្ឋមន្ត្រី​ត្រូវជា​បងប្អូន​ទាំងពីរ​នាក់​នេះ កំពុងស្ថិត​ក្នុង​ទីក្រុង​ឌូ​បៃ​ជាមួយគ្នា ព្រោះ​ទីនោះ​ជា​កន្លែង​ដែល​លោក ថាក់ស៊ីន កំពុង​រស់នៅ​។ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ក៏​អះអាងថា លោក ថាក់ស៊ីន ទំនងជា​បាន​ជួយ​រៀបចំ​ផែនការ​ឲ្យ​ប្អូនស្រី​ខ្លួន​រត់គេច​ទៅ​ក្រៅប្រទេស​ផងដែរ ដូចជា​ការត្រៀម​យន្តហោះ​ឯកជន​សម្រាប់​ដឹក​លោកស្រី យី​ង​ឡាក់ ជាដើម​ផង​៕



Tag:
 ថៃ​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com