អន្តរជាតិ
ឌូ​ទើ​តេ ប្រាប់​ប៉ូលិស​ឲ្យ​ហៅ​អ្នកកាសែត​ពេលធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ដើម្បី​ផ្សាយ​រឿង​ពិត​
31, Aug 2017 , 4:46 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​ដឹកនាំ​ប្រតិបត្តិការ​របស់​ប៉ូលិស​ក្នុងការ​បង្ក្រាប​គ្រឿងញៀន ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់ស្ដែង​ដោយ​ខ្លួនឯង​។ លោក ឌូ​ទើ​តេ បញ្ជាក់ថា ការធ្វើ​ដូចនេះ គឺជា​មធ្យោបាយ​ដែល​អាច​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ផងដែរ​។ ការលើកឡើង​របស់លោក ឌូ​ទើ​តេ ធ្វើឡើង​ខណៈដែល​មានកា​រ​រិះគន់​លើ​ប្រតិបត្តិការ​របស់​ប៉ូលិស​ក្នុងពេល​បង្ក្រាប​គ្រឿងញៀន ដែល​បានសម្លាប់​ក្មេង​សិស្សសាលា​ម្នាក់​កាលពី​ថ្មីៗ​នេះ​។​



​កម្លាំង​ប៉ូលិស​ហ្វីលីពីន​បាន​រង​ការរិះគន់​ខ្លាំង ពេល​ចុះ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​ម្ដងៗ ព្រោះ​តែងមាន​ករណី​ស្លាប់​ជនសង្ស័យ ឬ​ជន​ស៊ីវិល​គ្មាន​កំហុស​ជារឿយៗ​។ ខាង​ប៉ូលិស​ហ្វីលីពីន​តែង​និយាយថា ខ្លួន​គ្រាន់តែ​បាញ់​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ជនសង្ស័យ​បាន​តបត​ដោយ​ហិង្សា​ដាក់​ប៉ូលិស​ដែរ​។ ការបាញ់​តដៃ​វិញ​នេះ គឺជា​ប្រធានបទ​ក្ដៅ​រវាង​ប៉ូលិស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលជា​ទូទៅ​មាន​របាយការណ៍​មិន​ដូចគ្នា​ឡើយ​។​

​ដោយសារ​រឿងនេះ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា ក្រុម​អ្នកសារព័ត៌មាន​គួរ​ដើរ​តាម​ប៉ូលិស​ពេល​ចុះ​ប្រតិបត្តិការ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ប៉ូលិស​បាន​បំពាន​អំណាច​របស់ខ្លួន​ឬ​អត់​។ លោក ឌូ​ទើ​តេ លើកឡើង​បែបនេះ ខណៈដែល​លោក​កំពុងនិយាយ​ពី​ករណី​ស្លាប់​របស់​សិស្សសាលា Kian delos Santos ។ ប៉ូលិស​អះអាងថា Kian បាញ់​ពួកគេ​មុន ទើប​ពួកគេ​បាញ់​ការពារ​ខ្លួន តែ​វីដេអូ​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព​បែរជា​បង្ហាញ​សាច់រឿង​ផ្ទុយគ្នា​ទៅវិញ​

«​បញ្ហា​មកពី​អ្នក​ខ្លួនឯង គឺ​ពេល​មាន​មនុស្ស​ស្លាប់ អ្នកចង្អុល​ដាក់​ប៉ូលិស​ភ្លាម​»​។ នេះ​ជាការ​រិះគន់​របស់លោក ឌូ​ទើ​តេ ជុំវិញ​ការអធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ Agnes Callamard ដែល​បាន​រិះគន់​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។ បើតាម​សារព័ត៌មាន The Manila Bulletin លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​បាន​ប្រាប់​ឲ្យ​ប៉ូលិស​ហៅ​អ្នកសារព័ត៌មាន​ចូលរួម​ប្រតិបត្តិការ​ប៉ូលិស​តែម្ដង ដើម្បី​ឲ្យ​ពួកគេ​អាច​ថត​វីដេអូ​ទុក​។​

​ដើម្បី​ថត​វីដេអូ​បាន​ច្បាស់​ល្អ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ក៏បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ដើរ​ខាងមុខ​ប៉ូលិស និង​ត្រូវ​រៀបចំ​ឧបករណ៍​ថត​ឲ្យ​បានល្អ​ផងដែរ ចៀសវាង​ចន្លោះប្រហោង​ក្នុងពេល​ថត​វីដេអូ​របស់​ពួកគេ​។

​ករណី​បាញ់​សិស្សសាលា Kian វ័យ​១៧​ឆ្នាំ បង្កើត​ឲ្យ​មានការ​តវ៉ា​ធំ និង​កម្រ​មួយ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​។ ខណៈដែល​ប៉ូលិស​ហ្វីលីពីន​អះអាងថា​ខ្លួន​បាញ់​ការពារ​ខ្លួន​ប៉ុណ្ណោះ ខាង​គ្រួសារ​ជនរងគ្រោះ​និយាយថា Kian គឺជា​ក្មេង​ស្មោះត្រង់​ម្នាក់​។ ជាមួយនឹង​ការអះអាង​ផ្សេងៗ​គ្នា​បែបនេះ លោក ឌូ​ទើ​តេ បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​រកា​រ​ពិត​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ Kian គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​រាប់ពាន់នាក់​ដែល​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ជាង​មួយឆ្នាំ​មក​៕  


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com