អន្តរជាតិ
អង់គ្លេស​ស្នើ​ចិន​បង្កើន​សម្ពាធ​លើ​កូរ៉េខាងជើង តែ​ចិន​សួរ​វិញ​ថា​មាន​បានធ្វើ​អ្វីខ្លះ​ឬ​នៅ​
31, Aug 2017 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉េយ៍ និងអ្នកនាំពាក្យក្រសួការបរទេសចិន Hua Chunying)
នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉េយ៍ និងអ្នកនាំពាក្យក្រសួការបរទេសចិន Hua Chunying)
​នៅមុន​ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​ជប៉ុន នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បានស្នើ​ឲ្យ​ចិន​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង ដែល​ទើបតែ​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន ដោយ​លោកស្រី ម៉េ​យ៍ ជឿថា​ចិន​មាន​ឥទ្ធិពល​លើ​កូរ៉េខាងជើង​។ សំណើ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​រង​ប្រតិកម្ម​ខ្លាំង​តប​វិញ​ពី​សំណាក់​ក្រសួងការបរទេស​ចិន ដែល​អះអាងថា​ខ្លួន​បានធ្វើ​ការងារ​យ៉ាងខ្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដោយ​សន្តិវិធី ខុសពី​ប្រទេស​ខ្លះ​ដែល​មិនបាន​ជួយ​អ្វី​ទេ​។



​អង់គ្លេស​បាន​លូកដៃ​ចូលក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ បាន​ប្រាប់​ឲ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ហាមឃាត់​កូរ៉េខាងជើង​ពី​ការបាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ​ទៀត​។ តប​នឹង​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ចាត់ទុក​សម្ដី​របស់លោក​ស្រី ម៉េ​យ៍ ជា​រឿង​ដដែល ដែល​តែងតែ​ត្រូវបាន​លើកឡើង​នៅពេល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ម្ដងៗ​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​៣០ ខែសីហា លោកស្រី Hua Chunying បាន​និយាយ​ម្ដងទៀត​ពី​សកម្មភាព​យ៉ាងច្រើន​របស់​ចិន​ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ តាមរយៈ​ការរំសាយ​នុយក្លេអ៊ែរ​ផង និង​ការការពារ​សន្តិភាព ស្ថិរភាព​តំបន់​ផង​។ ចិន​ក៏បាន​អះអាងថា​ខ្លួន​បាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជា​ប្រកាន់​ជំហ​មិន​លំអៀង​ក្នុងការ​បញ្ចប់​បញ្ហា​សាំ​ញាំ​មួយ​នេះ​។​

​ទាក់ទង​នឹង​ការស្នើ​របស់​អង់គ្លេស​ឲ្យ​ចិន​បង្កើន​សម្ពាធ​ថែមទៀត អ្នកនាំពាក្យ​រូបនេះ​បាន​សួរ​វិញ​ថា ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ប្រាប់​ឲ្យ​ចិន​ធ្វើបែបនេះ ឬ​បែប​នោះ មានបាន​អនុវត្ត​ឲ្យ​ពេញលេញ​នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ឬទេ​។ លោកស្រី Hua Chunying ក៏បាន​រិះគន់​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ខ្លះ ថា​គិតតែ​ពី​ការដាក់ទណ្ឌកម្ម ហើយ​មើលរំលង​ការស្នើ​ឲ្យ​មានការ​ចរចា​ទៅវិញ​។​

​តាមពិតទៅ ក្រុង​ប៉េកាំង​ធ្លាប់បាន​អះអាង​ជារឿយ​ហើយ​ថា ខ្លួន​មិនមែនជា​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​តែម្នាក់ឯង​ឡើយ គឺ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​ទៅវិញ​ទេ​ដែលជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ត្រូវ​ដោះស្រាយ​វិបត្តិ​នេះ​ឲ្យ​បាន​។ ប៉េកាំង​ក៏បាន​រិះគន់​ប្រទេស​ខ្លះ ដែល​គ្មាន​ទំនួល​ខុសត្រូវ មិន​ជួយ​ដោះស្រាយ​បញ្ហា ហើយ​និយាយ​ឮ​ជាងគេ​ពេល​ដាក់ទណ្ឌកម្ម ប៉ុន្តែ​ដល់ពេល​និយាយ​រឿង​ចរចា​បែរជា​នាំគ្នា​ស្ងាត់​មាត់​ទៅវិញ​។​

​ចំពោះ​ដំណោះស្រាយ​វិបត្តិ​មួយ​នេះ ជំហរ​ចិន គឺ​នៅតែ​ស្នើ​ឲ្យ​អាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង រួមគ្នា​ដោះស្រាយ ព្រោះ​ប្រទេស​ទាំងបី​នេះ​ជា​ភាគី​ជម្លោះ​ផ្ទាល់ ហើយក៏​ជា​អ្នក​កាន់ «​សោរ​» ដើម្បី​បើកទ្វារ​បញ្ហា​ដែរ​។ ប៉ុន្តែ​ចិន​និយាយថា​ប្រទេស​ទាំងបី​នេះ​ដើរ​ទៅមុខ​មួយ​ជំហាន តែ​ថយ​ក្រោយបី​ជំហាន​វិញ ហើយក៏​គ្មាន​ឆន្ទៈ​បញ្ចប់​វិបត្តិ​ដែរ​។ ក្នុងន័យនេះ​ចិន​ចង់​បញ្ជាក់ថា​ខ្លួន​បានធ្វើ​អ្វីដែល​ជាការ​ទទួលខុសត្រូវ​របស់ខ្លួន​ហើយ នៅឡើយ​តែ​ប្រទេស​ផ្សេង​ប៉ុណ្ណោះ​៕  


Tag:
 ចិន​
  អង់គ្លេស​
  កូរ៉េខាងជើង​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com