អន្តរជាតិ
លោក ពូ​ទីន ចាត់ទុក​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ជា​រឿង​ឥតប្រយោជន៍​
01, Sep 2017 , 9:19 pm        
រូបភាព
​រាល់ពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ម្ដងៗ អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន តែង​ស្នើ​ឲ្យ​មាន​ការដាក់​សម្ពាធ ឬ​បន្ថែម​ទណ្ឌកម្ម​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ដើម្បី​កុំ​ឲ្យ​បំពាន​ច្បាប់​អន្តរជាតិ​ទៀត​។ យ៉ាងណាក្ដី ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បែរជា​យល់ឃើញ​ខុសពី​នេះ ដោយ​លោក​ចាត់ទុក​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង គឺជា​ការដើរ​លើផ្លូវ​ខុស ហើយ​គ្មាន​បាន​ផល​អ្វី​ទេ​។ លោក ពូ​ទីន បានស្នើ​ឲ្យ​ប្រើប្រាស់​ការចរចា​ដើម្បី​បញ្ចប់​បញ្ហា​នេះ​។​



​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ខណៈដែល​កូរ៉េខាងជើង និង​អាមេរិក​រួម​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​គំរាម​គ្នា​ទៅវិញទៅមក ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង​។ លោក ពូ​ទីន ក៏បាន​រិះគន់​ការទាមទារ​ឲ្យ​មានការ​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ព្រោះ​ចំណាត់ការ​របៀបនេះ ប្រៀបដូចជា​ផ្លូវ​មរណៈ ដែល​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។​

​ក្នុង​អត្ថបទ​ផ្ញើ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បណ្ដា​ប្រទេស BRICS ប្រធានាធិបតី​រូបនេះ​និយាយថា នយោបាយ​នៃ​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ គឺជា​ការដើរ​លើផ្លូវ​ខុស និង​គ្មាន​ខ្លឹមសារ​អ្វី​ទេ​។ លោក ពូ​ទីន បន្តថា បញ្ហា​មួយ​នេះ​គួរ​ដោះស្រាយ​តាម​ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ ហើយ​ការ​គំរាម​ប្រើ​កម្លាំងយោធា ការបង្ក​រឿង គឺ​មិនមែនជា​ដំណោះស្រាយ​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក ពូ​ទីន ចាត់ទុក​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​គ្រា​បច្ចុប្បន្ន​ថា​ស្ថិតក្នុង​ដំណាក់​កាលដែល​អាច​ឈានដល់​ជម្លោះ​ដ៏​មហន្តរាយ​។ ចំពោះ​ការដោះស្រាយ​បញ្ហា​នេះ លោក ពូ​ទីន ក៏​បញ្ជាក់ដែរថា រុស្ស៊ី និង​ចិន បាន​គូសវាស​ផែនទី​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្កើត​សន្តិភាព​យូរអង្វែង​សម្រាប់​តំបន់​អាស៊ី​ខាងជើង ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង​ទ័ព​ដោះស្រាយ​បញ្ហា​ឡើយ​។​

​តាមពិតទៅ ចិន និង​រុស្ស៊ី ប្រកាន់​ជំហរ​ដូចគ្នា​លើ​ការបញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយ​ប្រទេស​ទាំងពីរ​ប្រកាន់​ជំហរ​ដោះស្រាយ​ដោយ​សន្តិភាព គ្មាន​ការគំរាមកំហែង ជាពិសេស​នោះ​គឺ​ការចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​។ ចិន និង​រុស្ស៊ី ក៏​តែង​ស្នើ​ឲ្យ​ភាគី​ទាំង​សង​បញ្ឈប់​ទង្វើ​បង្កហេតុ​ដាក់គ្នា ដោយ​កូរ៉េខាងជើង​ត្រូវ​ឈប់​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ ឯ​អាមេរិក និង​កូរ៉េខាងត្បូង​ឈប់​ធ្វើ​សមយុទ្ធ​យោធា​ទៀត ហើយ​ត្រូវ​ងាក​ចូល​តុ​ចរចា​វិញ​។

​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​នៅ​ដើម​សប្ដាហ៍​នេះ ដែល​ធ្វើ​ឲ្យ​អាមេរិក និង​ជប៉ុន ខឹងសម្បារ​យ៉ាងខ្លាំង​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់ និង​បាន​ថ្កោលទោស​ទង្វើ​ព្រហើន​របស់​កូរ៉េខាងជើង​ទៀតផង ចំណែក​ជប៉ុន កូរ៉េខាងត្បូង​បានស្នើ​ឲ្យ​មាន​ការដាក់​សម្ពាធ​បន្ថែម​ទៀតផង​៕


Tag:
 ​រុស្ស៊ី​
  កូរ៉េខាងជើង​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com