អន្តរជាតិ
វៀតណាម​តវ៉ា​សមយុទ្ធ​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង
01, Sep 2017 , 9:59 pm        
រូបភាព
​វៀតណាម​បានប្រកាស​ជំទាស់​សមយុទ្ធ​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ប្រទាញប្រទង់​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​ផ្ញើលិខិត​វ៉ា​មួយច្បាប់​ទៅ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ​នៅ​ថ្ងៃទី​៣១ ខែមិថុនា ដើម្បី​បញ្ជាក់​ពី​ការប្រឆាំង​របស់ខ្លួន​។ ដោយសារ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង អ្នកជិតខាង​ទាំងពីរ​នេះ​មិនសូវមាន​ទំនាក់ទំនង​ល្អ​ឡើយ ហើយ​តែង​ប្រទាំង​ប្រទើស​ពាក្យសម្ដី​គ្នា​ជា​ញឹកញយ​ទៀតផង​។​



​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​បាន​រុញច្រាន​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​វៀតណាម​ឈានដល់​ដំណាក់កាល​អាក្រក់​បំផុត​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​។ ចិន​បាន​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ទាមទារ​ទឹកដី​ស្ទើរ​ទាំងស្រុង​ទៅហើយ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ភាគី​ទាមទារ​ផ្សេង​ទៀតឡើយ​។ ជារឿយៗ ចិន​បាន​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន​ទៅកាន់​តំបន់​នេះ ដោយ​ធ្វើ​សមយុទ្ធ​បង្ហាញ​កម្លាំង​ទ័ព​របស់ខ្លួន​។​

​វៀតណាម ដែលជា​ភាគី​ជម្លោះ​មួយ​និង​ជា​អ្នកចេញ​មុខ​ចេញ​មាត់​ជាងគេ​ក្នុងការ​តទល់​ជាមួយ​ចិន មិន​សប្បាយ​ចិត្តនឹង​សមយុទ្ធ​យោធា​របស់​ចិន​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​៣១ ខែសីហា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការប្រកាស​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នៅ​តំបន់​ឈូង​សមុទ្រ​តុងកឹង និង​នៅ​តំបន់​ចុង​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ថា វៀតណាម​ស្នើ​ឲ្យ​ចិន​គោរព និង​មិន​ត្រូវធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ស្មុគស្មាញ​ឡើយ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន វៀតណាម​ក៏បាន​ប្រាប់​ឲ្យ​បរទេស​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ដែនទឹក​របស់​វៀតណាម ត្រូវគោរព​តាមច្បាប់​វៀតណាម និង​ច្បាប់​អន្តរជាតិ​ឲ្យ​ខ្ជាប់ខ្ជួន​។ យ៉ាងណាក្ដី វៀតណាម​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​សមយុទ្ធ​របស់​ចិន​ឡើយ​។​

​បើតាម​ការប្រកាស​រដ្ឋ​បាល​តំបន់​សមុទ្រ​ខេត្ត​ហៃ​ណាន ដែលមាន​នាទី​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង យោធា​ចិន​ធ្វើ​សមយុទ្ធ​ចាប់ពី​ថ្ងៃទី​២៩ ខែសីហា ដល់​ថ្ងៃទី​៤ ខែកញ្ញា នៅ​តំបន់​ខាងត្បូង​ខេត្ត​ហៃ​ណាន និង​ចំ​ភាគ​ខាងកើត​វៀតណាម​។ សមយុទ្ធ​ដែល​ធ្វើ​នៅ​តំបន់​ជុំវិញ​កោះ Paracel នេះ ក៏​នឹងមាន​ការបាញ់​គ្រាប់​ពិត​ផងដែរ ហើយ​នេះ​អាចជា​មូល​ហ​តុ​ដែល​នាំ​ឲ្យ​ក្រុង​ហាណូយ​បារម្ភ​ខ្លាំង​។​

​ទោះជា​ប្រឹងប្រែង​ទាមទារ​ខ្លាំង​ក្ដី វៀតណាម​ត្រូវគេ​មើលឃើញថា​មិនអាច​យក​ប្រៀប​លើ​ចិន​បាន​ដដែល​។ កាលពី​ខែកក្កដា ក្រុង​ហាណូយ​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការរុករក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​រង​គំនាប​ពី​ចិន​ខ្លាំងពេក​។ តែ​ចិន​ក៏​មិន​ងាយស្រួល​ពេក​ក្នុង​ជម្លោះ​នេះ ដ្បិត​វៀតណាម​ក៏​ព្យាយាម​ប្រមូល​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​រួមគ្នា​ប្រឆាំង​ចិន និង​បាន​ពង្រឹង​ទំនាក់​ទំនងជា​យោធា​ជាមួយ​មហាអំណាច​ផ្សេង​មាន​អាមេរិក ជប៉ុន និង​ឥណ្ឌា​ជាដើម​៕


Tag:
 ​វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com