ជាតិ
សង្គមជាតិ
ក្រោយ​កម្ទេច​វិហារ​នៅ​កំពង់ធំ រដ្ឋមន្ត្រី​វប្បធម៌ ស្នើ​ឲ្យ​វត្ត​ដែលមាន​សម្បត្តិ​ជាតិ ត្រូវ​ពិភាក្សា មុន​នឹងធ្វើ​អ្វីមួយ​
02, Sep 2017 , 3:04 pm        
រូបភាព
ដោយ:
​មាន​អ្នក​សោកស្តាយ​ជាច្រើន ក្រោយពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ ព្រះនាម សៀង សុខ ដែលជា​ព្រះ​មេគណ​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​វាយកម្ទេច​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ក្រោម​ហេតុផល​ថា ព្រះវិហារ​នោះ​ទ្រុឌទ្រោម​ពេក ដែល​អាច​បាក់​បង្ក​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ និង​អ្នក​រស់នៅក្នុង​វត្ត​ផ្សេងទៀត​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្តាយស្រណោះ​មិនតិច​នោះដែរ នៅពេល​ឃើញ​ព្រះវិហារ​នៅក្នុង​វត្ត​នេះ ខ្ទេចខ្ទី​អស់​។ ក្នុង​បទ​សម្ភាស​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោកស្រី​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ចៅអធិការ ឬ​គណៈកម្មការ​វត្ត ដែលមាន​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ត្រូវ​ពិភាក្សា ឬ​ស្នើសុំ​មក​ក្រសួង មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ដូចជា ការជួសជុល ឬ​កម្ទេចចោល​ជាដើម​។

 
​សូម​អាន​បទ​សម្ភាស​ខាងក្រោម​៖
​លោក ជា ធី​រិ​ទ្ធ​៖ លោកស្រី បាន​ប្រតិកម្ម​នឹង​ព្រះចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ ឬ​ហៅថា វត្ត​កំពង់ធំ នៅក្នុង​ទី​រួម​ខេត្តកំពង់ធំ ដែល​ព្រះអង្គ​បាន​បញ្ជា​ឲ្យ​វាយកម្ទេច​ទាំងយប់​នូវ​ព្រះវិហារ ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ តើ​មកដល់ពេលនេះ ករណីនេះ ដោះស្រាយ​បែបណា​ហើយ​?
 
​លោកស្រី ភឿង ស​កុ​ណា​៖ មកដល់ពេលនេះ យើង​មិនទាន់មាន​វិធានការ​ណាមួយ​ចំពោះ​ព្រះអង្គ​ឡើយ​។ យើង​ក៏​មិនទាន់បាន​ជួប​ជាមួយ​ព្រះ​តេជគុណ ដែលជា​ចៅអធិការ​នោះដែរ​។ ប៉ុន្តែ​ករណីនេះ ខ្ញុំ​ប្រគល់​ទៅ​ឲ្យ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ ដោះស្រាយ និង​ជជែក​ជាមួយ​ព្រះសង្ឃ​។​
​លោ ជា ធី​រិ​ទ្ធ​៖ លោកស្រី​! បើ​ព្រះវិហារ ត្រូវបាន​កម្ទេច​អស់​ទៅហើយនោះ តើ​ជជែក ក្នុង​គោលដៅ​អ្វី​? 
 
​លោកស្រី ភឿង ស​កុ​ណា​៖  យើង​ឆ្ងល់​ថា ព្រះវិហារ ស្ថិតនៅក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​បាន​ចុះបញ្ជី​កាលពី ២០០៧ ចុះ​ហេតុអ្វី​ព្រះអង្គ​នៅតែ​បញ្ជា​ឲ្យ​វាយកម្ទេច​វិហារ​នេះ បើទោះបីជា​អាជ្ញាធរ​ទៅ​ហាម​មុន​ការ​វាយកម្ទេច​ហើយ​នោះ​? ពួកយើង​គ្រាន់តែ​ឆ្ងល់​ថា តើ​មាន​កត្តា​អ្វីដែល​ជំរុញ​ឲ្យ​ព្រះអង្គ​នៅតែ​ចចេស​វាយកម្ទេច​ព្រះវិហារ​នេះ​? 
 
​លោក ជា ធី​រិ​ទ្ធ​៖ ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ បាន​បកស្រាយ​ថា មូល​ហេតុដែល​ព្រះអង្គ និង​គណៈកម្មការ សម្រេច​វាយកម្ទេច​នេះ ដោយសារ​ព្រះវិហារ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំងពេក ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ ឬ​អ្នក​រស់នៅក្នុង​វត្ត​នោះ​។ ម្យ៉ាងទៀត កន្លងមក​មន្ត្រី​ដែល​ពាក់ព័ន្ធ មិនបាន​អើពើ​ចំពោះ​ព្រះវិហារ​នោះឡើយ​។ 
 
​លោកស្រី ភឿង ស​កុ​ណា​៖ យ៉ាងណា ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​។ ទោះបីជា​ព្រះវិហារ​នេះ​ចាស់ តែ​វា​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​។ ដូច​ច្នេះ​រាល់​ការជួសជុល ឬ​ការសម្រេច​ណាមួយ​ទៅលើ​សម្បត្តិ​នេះ ត្រូវមាន​ការជជែក​ពិភាក្សា ឬ​ស្នើសុំ​មក​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​មន្ត្រី​ក្រសួង​វប្បធម៌ និង​មន្ត្រី​ក្រសួង​ធម្មការ ជាមុនសិន​។ យើង​ឃើញ ការ​វាយកម្ទេច​នេះ គ្មាន​ការស្នើសុំ​មក​អាជ្ញាធរ​នោះទេ​។ 
 
​លោក ជា ធី​រិ​ទ្ធ​៖ តើ​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ ដែលជា​ព្រះ​មេគណ​ខេត្តកំពង់ធំ នោះដែរ ឬទេ​?
 
​លោកស្រី ភឿង ស​កុ​ណា​៖ ខ្ញុំ​មិនទាន់​អាច​និយាយ​យ៉ាងណា​បានទេ​ចំពោះ​រឿងនេះ​។ តែ​ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់ថា សម្បត្តិ​បេតិកភណ្ឌ​ជាតិ មានច្បាប់​ស្តីពី កិច្ច​ការការពារ​បេតិកភណ្ឌ​វប្បធម៌ សម្រាប់​ការពារ ដែល​ហាម​មិន​ឲ្យ​ជន​ណាមួយ​បំផ្លាញ​នោះឡើយ​។ 
 
​លោក ជា ធី​រិ​ទ្ធ​៖ តើ​លោកស្រី មាន​សារ​អ្វី​ទៅកាន់​ប្រជាជន ជាពិសេស​ទៅកាន់​គណៈកម្មការ ឬ​គ្រូ​ចៅអធិការ នៅក្នុង​វត្ត​ណាមួយ​ដែលមាន​ព្រះវិហារ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដើម្បី​កុំ​ឲ្យ​មាន​ករណីបែបនេះ​កើតឡើង​ទៀត​?
 
​លោកស្រី ភឿង ស​កុ​ណា​៖ យើង​សោកស្តាយ​ណាស់ ដែលមាន​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្បត្តិ​ក​ភណ្ឌ​ជាតិ​បែបនេះ បានកើត​ឡើង​។ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ សូម​អំពាវនាវ​ឲ្យ​ព្រះ​តេជគុណ អាចារ្យ​គណៈកម្មការ ជួយ​ថែរក្សា​ព្រះវិហារ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​នៅ​សេសសល់ ដោយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹងធ្វើ​អ្វីមួយ​ទៅលើ​សម្បត្តិ​ទាំងនោះ​។ ខ្ញុំ​ជម្រាប​រាប​ថា បច្ចុប្បន្ននេះ យើង​នៅសល់​ព្រះវិហារ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ តែ​ប្រមាណ ១០០ ប៉ុណ្ណោះ ខណៈដែល​ប្រាសាទ​មាន​ជាង ១០០០ ៕

Tag:
 ភឿង ស​កុ​ណា​
 ​ វិហារ
© រក្សាសិទ្ធិដោយ thmeythmey.com