ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពីរ​ខែ​ចុងក្រោយ មេបក្ស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោម​បទចោទប្រកាន់​ផ្សេងៗ​គ្នា​
03, Sep 2017 , 10:08 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ញឹក ប៊ុនឆៃ លោក សួន សេរីរដ្ឋា និងលោក កឹម សុខា ។ រូបថត ហ្វេសប៊ុក
ពីឆ្វេងទៅស្តាំ៖ លោក ញឹក ប៊ុនឆៃ លោក សួន សេរីរដ្ឋា និងលោក កឹម សុខា ។ រូបថត ហ្វេសប៊ុក
ដោយ: រួបរួម
​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក កឹម សុខា គឺជា​ប្រធាន​គណបក្សនយោបាយ​ទី​បី​ដែល​ត្រូវបាន​ចាប់ខ្លួន​នា​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនយោបាយ​ទាំងបី ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ផ្សេងៗ ដោយ​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា​នោះឡើយ​។​

 
​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​ពីបទ​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០០៧​។ នៅ​ថ្ងៃទី​៦ ខែសីហា អតីត​មេទ័ព និង​ជា​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។ 
 
​ពី​ក្នុង​ពន្ធនាគារ​ព្រៃ​ស លោក ញឹក ប៊ុនឆៃ បាន​សរសរ​លិខិត​ប្រាប់​ទៅ​សមាជិក​បក្ស​ឲ្យ​សម្រេច​លើ​វាសនា ហើយ​បាន​សារភាពថា ខ្លួន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ចំពោះ​សម្តេច ហ៊ុន សែន ដែលជា​ផលវិបាក​នាំមក​នូវ​ការខូចខាត​ប្រយោជន៍​របស់​គណបក្ស​ដែល​សមាជិក​ទាំងអស​បាន​កសាង​រួមគ្នា​។ 
 
​បច្ចុប្បន្ន លោក ភ្នំពេញ​៖ លោក សឹង្ហ គិរី សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​មនុស្ស​ម្នាក់​ដែល​សិ្ន​ទ្ធិ​នឹង​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធានស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បណ្តោះអាសន្ន​។ 
 
​ដោយឡែក លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែសីហា បន្ទាប់ពី​លោក​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​អត្ថន័យ​រិះគន់​ការពង្រាយ​កងទ័ព​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​។ បន្ទាប់មក លោក សួន សេរី​រដ្ឋា រង​ការចោទប្រកាន់​៣​ករណី​ក្នុងនោះ​មាន បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តា​ប់ប​ង្គ្រា​ប់ បទល្មើស​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ 
 
​នៅ​ថ្ងៃទី​២៥ ខែសីហា តុលាការ​បាន​ផ្តន្ទាទោស លោក សួន សេរី​រដ្ឋា​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ចូល​រដ្ឋ ពាក់ព័ន្ធ​នឹង​សំណេរ​របស់ខ្លួន​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ 
 
​នៅមុន​ការកាត់ទោស មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​របស់ខ្លួន​ផងដែរ​។ បច្ចុប្បន្ន លោក សួង សុ​ភ័​ណ្ឌ អតីត​មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើជា​ប្រធានស្តីទី​បណ្តោះអាសន្ន ហើយ​គណបក្ស​គ្រោង​រៀបចំ​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ផ្លូវការ និង​រៀបចំ​រចនាសម្ព័ន្ធ នាពេលខាងមុខ​។ 
 
​ចំណែក​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ក្តៅគគុក​ចុងក្រោយ​នេះ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​កាលពី​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល មេដឹកនាំ​បក្សប្រឆាំង បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុងការ​រៀ​ចំ​ផែនការ​សម្ងាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​។ រដ្ឋាភិបាល អះអាង​ដូច្នេះ ដោយ​សំអាង​លើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។ 
 
​កញ្ញា កឹម មនោ​វិទ្យា ដែលជា​កូនស្រី​បង្កើត​របស់​ឯកឧត្តម កឹម សុខា បាន​អះអាង​តាមរយៈ​បណ្តាញ​សង្គម Twitter ថា សមត្ថកិច្ច បាន​បញ្ជូន​ឪពុក​របស់ខ្លួន ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ មិនអាច​និ​យា​បាន​ថា ប្រធាន​បក្សប្រឆាំង​កំពុងស្ថិត​នៅទីណា​នោះឡើយ​៕ 

Tag:
 កឹម សុខា
  សួន សេរីរដ្ឋា
  ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com