អន្តរជាតិ
កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​ពិត ក្រោយ​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​
04, Sep 2017 , 11:03 am        
រូបភាព
​យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែកញ្ញា​នេះ បាន​និយាយថា ខ្លួន​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ពិត ដើម្បី​ជាការ​ឆ្លើយតប​នឹង​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​។ កូរ៉េខាងជើង​បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ដែលជា​ប្រភេទ​គ្រាប់បែក​ផលិត​នៅក្នុង​ស្រុក​។ ការសាកល្បង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ទោះជា​ត្រូវ​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ក្ដី​។​



​កូរ៉េ​ខាង​ត្បូ​បានរៀបចំ​សមយុទ្ធ​ចម្រុះ​ដ៏​ប្រញាប់ប្រញាល់​មួយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ដោយមាន​ទាំង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​មានការ​ចូលរួម​ពី​កងកម្លាំង​អាកាស​ផង​។ សមយុទ្ធ​នេះ​ត្រូវគេ​មើលឃើញថា​ជាការ​ឆ្លើយតប​នឹង​កូរ៉េខាងជើង​ដែល​ទើប​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ម្សិលមិញ​។ នេះ​គឺជា​ការសាកល្បង​គ្រាប់​បរមាណូ​លើក​ទី​៦ ពី​សំណាក់​កូរ៉េខាងជើង ហើយ​ត្រូវបាន​អះអាងថា មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់បែក​លើក​មុនៗ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មី​ស៊ី​ល​បាលី​ស្ទិ​ក Hyunmoo-2A និង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ SLAM-ER ដែល​បំពាក់​លើ​យន្តហោះ F-15K និង​មាន​សមត្ថភាព​បាញ់​ពី​អាកាស​ទៅ​គោលដៅ​លើដី បាន​បាញ់​ចំ​គោលដៅ​ដែលមាន​ទីតាំងនៅ​សមុទ្រ​ខាងកើត​។ យោធា​កូរ៉េខាងត្បូង​បញ្ជាក់ថា ចម្ងាយ​ទៅកាន់​គោលដៅ​នៃ​ការសាកល្បង​នៅ​សមុទ្រ​ខាងកើត គឺ​ស្មើនឹង​ចម្ងាយ​ទៅកាន់​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri របស់​កូរ៉េខាងជើង​។​

​ជាមួយគ្នានេះ យោធា​កូរ៉េខាងត្បូង​ក៏​និយាយ​ដែរ​ថា ខ្លួន​កំពុង​រៀបចំ​ចាត់វិធានការ​រួមគ្នា​ជាមួយ​អាមេរិក ដើម្បី​សម្ញែង​កម្លាំង​ទ័ព​ដាក់​កូរ៉េខាងជើង​វិញ​ផងដែរ​។ ជា​ញឹកញាប់ កូរ៉េខាងត្បូង និង​អាមេរិក​តែង​បង្អួត​កម្លាំងយោធា​របស់​ខ្លួន ពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ម្ដងៗ ជាពិសេស​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B Lancer មួយ​ឬ​ពីរ​គ្រឿង​ទៅ​ក្រវែល​ឧបទ្វីប​កូរ៉េ ដោយមាន​យន្តហោះ​កូរ៉េខាងត្បូង​ហោះ​អម​ដែរ​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រុង​សេ​អ៊ូ​ល​ក៏មាន​គម្រោង​បង្កើន​ទំហំ​ផ្ទុក​រំសេវ​របស់​មី​ស៊ី​ល​ធុន Hyunmoo-2A ឲ្យ​បាន​ទ្វេដង និង​បង្កើន​ចម្ងាយ​វាយប្រហារ​គោលដៅ​ផងដែរ ខណៈ​បច្ចុប្បន្ននេះ មី​ស៊ី​ល​បាលី​ស្ទិ​ក​នេះ​អាច​បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​ឆ្នាំ​២០១២ ក្រុង​វ៉ា​ស៊ីន​តោ​នឹង​ជួយ​ក្រុង​សេ​អ៊ូ​ល​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​រត់​បាន​ចម្ងាយ​ដល់​ទៅ​៨០០​គីឡូម៉ែត្រ និង​អាច​ផ្ទុក​បាន​ទម្ងន់​៥០០​គីឡូក្រាម​។​

​ដោយឡែក កូរ៉េខាងត្បូង​ក៏​នឹង​បញ្ចប់​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ផងដែរ​។ ក្រសួងបរិស្ថាន​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែកញ្ញា ក៏​នឹង​ប្រកាស​ពី​ការយល់ព្រម​របស់ខ្លួន​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះដែរ ដ្បិត​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​កំពុង​កើនឡើង​ខ្លាំង តាមរយៈ​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com