ជាតិ
អគ្គនាយកដ្ឋាន​ពន្ធដារ មិន​ឲ្យ​អ្នកគ្រប់គ្រង​ខេ​ម​បូ​ឌា ដេលី ចេញពី​កម្ពុជា បើ​មិន​បង់ប្រាក់​ជាង ៦​លាន​ដុល្លារ ជូន​រដ្ឋ
04, Sep 2017 , 4:11 pm        
រូបភាព
លោក គង់ វិបុល​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដារ
លោក គង់ វិបុល​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដារ
​ភ្នំពេញ​៖ ព្រោះ​មិនទាន់​បង់ពន្ធ​ជូន​រដ្ឋ អ្នកគ្រប់គ្រង​ពីររូប របស់​កាសែត ខេ​ម​បូ​ឌា ដេលី ត្រូវបាន​រារាំង​មិន​ឲ្យ​ចាក​ចេញពី​កម្ពុជា​ឡើយ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋ​កិច្ច សុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ជួយ​សហការ​ក្នុង​ចំណាត់ការ​លើ​អ្នក​ទាំងពីរ​នោះ​។​



​ថ្វី​ដ្បិត​ការិយាល័យ​របស់ខ្លួន បាន​បិទ​ហើយក៏​ពិតមែន តែ​កាសែត ខេ​ម​បូ​ឌា ដេលី មិនទាន់រួច​ផុតពី​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋ​កិច្ច នៅតែ​ទាមទារ​ឲ្យ​លោកស្រី Deborath Krisher Steele អភិបាល​សហគ្រាស​នៃ​កាសែត ខេ​ម​បូ​ឌា ដេលី ដោយមាន​លោក Douglas Eric Steele ជា​អ្នកចាត់ការ​ទូទៅ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ជាមុនសិន ទើប​អាច​ចាក​ចេញពី​កម្ពុជា​បាន​។      

​ដើម្បី​អនុវត្ត​វិធានការ​នេះ​បាន​ជោគជ័យ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ផ្ញើលិខិត​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ ខែ​កញ្ញានេះ​ ដើម្បី​សុំ​ឲ្យ​រារាំង​អ្នក​ទាំងពីរ ក្នុងការ​ចាកចេញ​ពី​កម្ពុជា​។ លិខិត​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ Fresh News  បាន​សរសេរ​ដូច្នេះ​ថា​៖«​អគ្គនាយកដ្ឋាន​ពន្ធដារ ស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ទប់ស្កាត់​ការធ្វើដំណើរ​របស់លោក​ស្រី Deborath Krisher Steele និង​លោក Douglas Eric Steele​។ [​ការធ្វើ​បែបនេះ​] គឺ​ដើម្បី​ដាក់បន្ទុក​បុគ្គល​ទាំងពីរ​រូបនេះ ឲ្យ​មក​ទូទាត់​បំណុល​ពន្ធ​ចំនួន ៦,៣ លាន​ដុល្លារ​ជាមុនសិន ជៀសវាង​ហានិភ័យ​នៃ​ការបាត់​បង់ពន្ធ​ជូន​រដ្ឋ​»​។

នៅ​ក្នុងវេទិកាជាតិ​ស្តីពីការ​ការពារ និងអភិរក្ស​ធនធានធម្មជាតិ កាលពីថ្ងៃទី ២២ ខែ​សីហា នៅវិមា​ន​សន្តិ​ភាព​ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការសែត​​ ខេមបូ​ឌា ដេលី ថា ជាមេចោរ ដោយសារសម្តេចអះអាងថា កាសែតនេះ មិនបាន​បង់ពន្ធជូនរដ្ឋ​ ១០ ឆ្នាំ​ មក​ហើយ។ ប្រមុខរដ្ឋាភិបាល​  ព្រមាន​ខ្លាំង​ៗយ៉ាងនេះ​ថា៖« បើមិនបង់​ពន្ធឲ្យរដ្ឋទេ វេច​បង្វិច​ចាក​ចេញ​ទៅ»។

​សូមបញ្ជាក់ថា កាសែត ខេ​ម​បូ​ឌា ដេលី ដែលមាន​វត្ត​មាននៅ​កម្ពុជា​តាំង​ឆ្នាំ​១៩៩៣​មក បានប្រកាស​បិទ​កា​រិ​ល័យ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។ ហើយ​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២0១៧​នេះ គឺជា​ថ្ងៃ​ចុងក្រោយ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដា កំណត់​ឲ្យ​កាសែត ខេ​ម​បូ​ឌា ដេលី ត្រូវ​បង់ពន្ធ​ជាង ៦​លាន​ដុល្លារ ជូន​រដ្ឋ​៕ 


Tag:
 ខេ​ម​បូ​ឌា ដេលី
© រក្សាសិទ្ធិដោយ thmeythmey.com