ជាតិ
ប្រតិភូ​សហភាព​អឺរ៉ុប​៖ ការបិទ ខេ​ម​បូ​ឌា ដេលី ដោយ​បង្ខំ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​ចម្រុះ​នៃ​ព័ត៌មាន​នៅ​កម្ពុជា
05, Sep 2017 , 2:55 pm        
រូបភាព
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា George Edgar
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា George Edgar
ដោយ:
​នៅ​ថ្ងៃទី ៥ ខែកញ្ញា នេះ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី ការបិទ​សារព័ត៌មាន The Cambodia Daily​។ ស្ថាប័ន​នេះ យល់ថា ការបិទ​ដោយ​បង្ខំ​នូវ​កាសែត​មួយ​នេះ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​ចម្រុះ​នៃ​បណ្តាញ​ព័ត៌មាន​នៅ​កម្ពុជា​។​



​ដោយមាន​ការឯកភាព​ជាមួយ​ប្រមុខបេសកកម្ម​​ការទូត​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ប្រតិភូ​សហភាព​អឺរ៉ុប បានសម្រេច​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី ការបិទ​សារព័ត៌មាន The Cambodia Daily​។ «​ការបិទ​ដោយ​បង្ខំ​នូវ​សារព័ត៌មាន The Cambodia Daily គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​ចម្រុះ​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​ក្នុងស្រុក នៅ​ថ្ងៃទី ៥ ខែកញ្ញា​នេះ​។​

​ប្រតិភូ​សហភាព​អឺរ៉ុប​បន្ត​លើកឡើងថា ដំណើរការ​ប្រជាធិបតេយ្យ​គួរ​ជាទី​ទុកចិត្ត ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ខែកក្កដា ឆ្នាំ ២០១៨ តម្រូវ​ឲ្យ​មាន​ពហុ​និយម​នៅក្នុង​ប្រពន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏ដូចជា​នៅក្នុង​ចំណោម​គណបក្សនយោបាយ​ផងដែរ​។ សហភាព​អឺរ៉ុប​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​យើង​រំពឹងថា អាជ្ញាធរ​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន The Cambodia Daily និង​អង្គភាព​សារព័ត៌មាន​ដែល​រង​ផលប៉ះពាល់​ដទៃទៀត អាច​ដំណើរការ​ឡើងវិញ និង​អាច​ប្រតិបត្តិការ​របស់ខ្លួន​បាន ហើយ​ទន្ទឹមនឹងនោះ​បញ្ហា​ពន្ធដារ និង​បញ្ហា​ផ្សេងៗ​ទៀត ត្រូវ​ដោះស្រាយ​តាម​ដំណើរការ​ច្បាប់​សមស្រប​ណាមួយ​»​។

ជាមួយគ្នានេះនៅរសៀលថ្ងៃទី ៥ ខែកញ្ញា  ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏សម្តែងការសោកស្តាយចំពោះការបិទកាសែត ខេមបូឌា ដេលី ដែរ។ ស្ថានទូតនេះ ចាត់ទុក​ការបិទកាសែតនេះថា ជាថ្ងៃសោកសៅសម្រាប់សារព័ត៌មាន​នៅកម្ពុជា។ 

សូមបញ្ជាក់ថា បើទោះបីជា​ការិយាល័យ​របស់ខ្លួន បាន​បិទ​ហើយកាលពីថ្ងៃទី ៤ ខែកញ្ញា ក៏​ពិតមែន តែ​កាសែត ខេ​ម​បូ​ឌា ដេលី មិនទាន់រួច​ផុតពី​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋ​កិច្ច នៅតែ​ទាមទារ​ឲ្យ​លោកស្រី Deborath Krisher Steele អភិបាល​សហគ្រាស​នៃ​កាសែត ខេ​ម​បូ​ឌា ដេលី ដោយមាន​លោក Douglas Eric Steele ជា​អ្នកចាត់ការ​ទូទៅ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ជាមុនសិន ទើប​អាច​ចាក​ចេញពី​កម្ពុជា​បាន​។  អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​ផ្ញើលិខិត​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ ខែ​កញ្ញានេះ​ ដើម្បី​សុំ​ឲ្យ​រារាំង​អ្នក​ទាំងពីរ ក្នុងការ​ចាកចេញ​ពី​កម្ពុជា។

នៅ​ក្នុងវេទិកាជាតិ​ស្តីពីការ​ការពារ និងអភិរក្ស​ធនធានធម្មជាតិ កាលពីថ្ងៃទី ២២ ខែ​សីហា នៅវិមា​ន​សន្តិ​ភាព​ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការសែត​​ ខេមបូ​ឌា ដេលី ថា ជាមេចោរ ដោយសារសម្តេចអះអាងថា កាសែតនេះ មិនបាន​បង់ពន្ធជូនរដ្ឋ​ ១០ ឆ្នាំ​ មក​ហើយ។ ប្រមុខរដ្ឋាភិបាល​  ព្រមាន​ខ្លាំង​ៗយ៉ាងនេះ​ថា៖« បើមិនបង់​ពន្ធឲ្យរដ្ឋទេ វេច​បង្វិច​ចាក​ចេញ​ទៅ»៕



Tag:
 សហភាព​អឺរ៉ុប​
  ខេ​ម​បូ​ឌា ដេលី​
  ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com