ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​CNRP ជួប​សួរសុខទុក្ខ​ឯកឧត្តម កឹម សុខា​
07, Sep 2017 , 12:36 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា កាលពីអំឡុងចុះជួបអ្នកគាំទ្រកន្លងមក
រូបពីហ្វេសប៊ុកលោក កឹម សុខា កាលពីអំឡុងចុះជួបអ្នកគាំទ្រកន្លងមក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​សួរសុខទុក្ខ​ឯកឧត្តម កឹម សុខា ឡើយ​។


 
​ចៅក្រម​ស៊ើបសួរ​លោក គី ឫទ្ធិ បាន​បញ្ជាក់ថា មូល​ហេតុដែល​តុលាការ មិនអាច​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលជួប​ឯកឧត្តម កឹម សុខា នោះ ក៏​ព្រោះតែ​តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​លើ​ករណី​ប្រធាន​បក្សប្រឆាំង​នេះ​។ តាមរយៈ​លិខិត​ឆ្លើយតប​សំណើរ​របស់​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះ ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារ​សំណុំរឿង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​មិនទាន់បាន​សាកសួរ​ជន​ត្រូវបាន​ចោទ​នៅឡើយ ។ ហេតុដូចនេះ​ការចូល​ជួប ឫ​សួរសុខទុក្ខ អាច​អនុញ្ញាត​ឲ្យ​បានតែ​មេធាវី និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទិន​និង​រឿងនេះ​ប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ទៀត ការ​ចូលជួប​សួរសុខទុក្ខ មិនអាច​អនុញ្ញាត​ឲ្យ​បាន ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​សិន​»​។​
 
​កាលពី​ថ្ងៃទី​៦ កញ្ញា ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បណ្តោះអាសន្ន ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ នៅក្នុង​បទ​ចោទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រម​ទណ្ឌ​។ បទ​ចោទ​នេះ ត្រូវ​ជាប់ទោស​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ​៕
 

Tag:
 ​កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com