ជាតិ
សិល្បះ
កញ្ញា រិទ្ធី លំអរ​កេសរ ៖«​ខ្ញុំ​ប្រឹង​លើ​ការងារ​សិល្បៈ​រាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់​វប្បធម៌​ខ្លួនឯង »
10, Sep 2017 , 8:59 am        
រូបភាព
ដោយ:
​កញ្ញា រិទ្ធី លំអរ​កេសរ គឺជា​តារាចម្រៀង​ម្នាក់ នៃ​ក្រុម Small World Small Band  ដែល​បង្កើត​នៅ​ឆ្នាំ​២០១២ និង​ជា​ស្ថាបនិក​ម្នាក់​នៃ​កម្មវិធី​បុណ្យ​ភូមិ​ដែល​ល្បីល្បាញ​។ លំអរ​កេសរ ក៏​ជា​អ្នក​រចនា​ក្រាហ្វិក​(Graphic Designer) ឯករាជ្យ​ម្នាក់​ដែរ​។ ចាប់ផ្តើម​ចូល​សិល្បៈ​នៅ​ឆ្នាំ​២០១២ ដោយ​ចាប់ផ្តើម​បង្កើត និង​ច្រៀង​តែ​បទ​ចម្រៀង​មិន​ចម្លង ដែល​ផលិត​ដោយ​ក្រុម Small World Small Band​ផ្ទាល់​។ ស្នាដៃ​ដែលមាន​ភាពលេច​ធ្លោ​ចាប់តាំងពី​ឆ្នាំ​២០១២​មក រួមមាន បទ​បុណ្យ​ភូមិ​ចាប់ពី​ឆ្នាំ​២០១៥​មក បទ​ទង់ជាតិ​ខ្មែរ  ទឹកចិត្ត ស្មារតី​កីឡា ស្នេហ៍​៩ និង Album2x5 ក្រុម​SWSB​។ ដ្បិត​សាច់ញាតិ​គ្មាន​សែស្រឡាយ​ជា​អ្នកសិល្បៈ ប៉ុន្តែ កញ្ញា  លំអរ​កេសរ បាន​ស្រឡាញ់​សិល្បៈ​ចម្រៀង​នេះ និង​បន្ត​ជំ​ហ៊ាន​លើ​វិថី​សិល្បៈ​នេះ ដោយ​នាង​បាន​អះអាងថា ចង់​ឲ្យ​កូន​ខ្មែរ​ស្គាល់​ខ្លួនឯង ស្គាល់​ពី​សិល្បៈ វប្បធម៌​ខ្លួន​។​



​កញ្ញា រិទ្ធី លំអរ​កេសរ បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នៅក្នុង​ឆ្នាំ​២០១២ តាមរយៈ​ការបង្កើត​ក្រុម Small World Small Band(SWSB) ជាមួយ​យុវជន​៣​នាក់​ទៀត​។ ពេលនោះ​ហើយ ដែល​ឈ្មោះ​របស់​យុវតី​វ័យ​២៣​រូបនេះ ត្រូវបាន​គេ​ចាប់ផ្តើម​ស្គាល់​។ គេ​ស្គាល់ តាម​ការ​ច្រៀង​បទ​មិន​ចម្លង​(Original Song) ដែល​ផលិត​ដោយ ក្រុម Small World Small Band​ផ្ទាល់​។ ជា​កូន​អ្នក​ភ្នំពេញ កញ្ញា រិទ្ធី លំអរ​កេសរ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បទ​ចម្រៀង​ដែល​លេចធ្លោ​មានដូចជា បទ​បុណ្យ​ភូមិ​ចាប់ពី​ឆ្នាំ​២០១៥​មក បទ​ទង់ជាតិ​ខ្មែរ បទ​ទឹកចិត្ត បទ​ស្មារតី​កីឡា បទ​ស្នេហ៍​៩ និង Album2x5 ក្រុម​SWSB ។



​ក្រៅតែពី​សមាជិក​ក្រុម SWSB យុវជន លំអរ​កេសរ ក៏​ជា​ស្ថាបនិក​បុណ្យ​ភូមិ ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤  ជាមួយ​បងស្រី និង​មិត្តភក្តិ​២​រូប​ទៀត​ដែរ​។ កម្មវិធី បុណ្យ​ភូមិ ដែល​កញ្ញា រិទ្ធី លំអរ​កេសរ បាន​អះអាងថា បានក្លាយ​ជាទី​តាំង​នៃ​ការផ្សព្វផ្សាយ​ល្ខោន​បុរាណ​ខ្មែរ ទីតាំង​ទស្សនា​ទស្សនីយភាព​សិល្បៈ​នានា​របស់​ខ្មែរ គាំទ្រ និង​ផ្តល់​វេទិកា​ដល់​សិល្បករ វិចិត្រករ ដែល​បាន​បង្កើត​ស្នាដៃ​ជាដើម​។​

​ក្រៅពីនេះ យុវតី​រូបនេះ ក៏​ជា​អ្នក​រចនា​ក្រាហ្វិក​(Graphic Designer)​ឯករាជ្យ​ម្នាក់​ផងដែរ​។ កញ្ញា​ធ្លាប់បាន​រចនា logo របស់​កម្មវិធី​បុណ្យ​ភូមិ កម្មវិធី​១០០​ឆ្នាំ​នៃ​របាំ​បុរាណ Srolanh House និង​JFF Cambodia  ក៏ដូចជា​គម្រោង​ដទៃទៀត​។  ផ្តើមចេញពី​ការស្រលាញ់ និង​ស្គាល់​ខ្លួនឯង បាន​ជំរុញ​ឲ្យ លំអរ​កេសរ ចាប់យក​ជំនាញ​ទាំង​៣​នេះ​។ កញ្ញា លំអរ​កេសរ ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​កើតមក ខ្ញុំ​ចូលចិត្ត​ពហុ​ជំនាញ ដូច្នេះ​ជីវិត​ខ្ញុំ​វា​មាន​សេរីភាព​បន្តិច ដែល​ខ្ញុំ​អាច​ជ្រើសរើស​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​មួយណា​មុន​? កាលដែល​ខ្ញុំ​អាចធ្វើ​ការ​ទាំង​៣​ជំនាញ​នេះ​បាន ដោយសារ​ខ្ញុំ​ច្បាស់​ខ្លួនឯង​ថា​ខ្ញុំ​ចង់បាន​អ្វី​? ហើយ​ការចេះ​បែងចែក​ពេលវេលា​»​។ 



​យុវតី ដែលមាន​សក្តានុពល​រូបនេះ បាន​ប្រើប្រាស់​ទេពកោសល្យ​របស់ខ្លួន តាមរយៈ​ចម្រៀង Graphic Design និង​រៀបចំ​កម្មវិធី​បុណ្យ​ភូមិ​ជាដើម គឺ​សុទ្ធតែ​ផ្សារភ្ជាប់​ជាមួយនឹង​សិល្បៈ និង​វប្បធម៌​ខ្មែរ​។ កញ្ញា  លំអរ​កេសរ បាន​ថ្លែង​ដូច្នេះ​ថា​៖«​គ្រួសារ​ខ្ញុំ​មិនមាន​អ្នក​ជាប់​ខ្សែស្រឡាយ​ជា​អ្នកសិល្បៈ​ទេ​។ កាលដែល​ខ្ញុំ​ស្រលាញ់​សិល្បៈ ពីព្រោះ​ខ្ញុំ​គិតថា​គ្មានអ្វី​ក្រៅ​តែ​សិល្បៈ និង​វប្បធម៌​ទេ គឺជា​ដួងព្រលឹង​របស់​មនុស្សម្នា​ក់ៗ ជាពិសេស​កូន​ខ្មែរ​តែម្តង កុំ​ឲ្យ​គាត់​មាន​ពាក្យ​តែ​លើ​បបូរមាត់ ពួកគាត់​និយាយថា​ស្រលាញ់​ខ្មែរ ប៉ុន្តែ​ក្នុង​ខ្លួន​ពួកគាត់​មិនមាន​អ្វី​សោះ ដូច្នេះ​ខ្ញុំ​គិតថា​អ៊ីចឹង​អ្វីដែល​ជំរុញ​ឲ្យ​ខ្ញុំ​ប្រឹង​លើ​ការងារ​សិល្បៈ​រាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ខ្មែរ ស្គាល់​ខ្លួនឯង​ថា​ជា​នរណា​គេ​? មកពីណា​? មួយវិញទៀត​ពួក​ខ្ញុំ​នៅតែ​ឈរលើ​ជំហរ​មួយ​ថា មានតែ​សិល្បៈ និង​វប្បធម៌ ដែល​អាច​ឲ្យ​មនុស្ស​នៅ​ជុំគ្នា ជាមួយនឹង​ក្តី​ស្រលាញ់​ធំ​មែនទែន​។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​បញ្ជ្រាប​ពី​សិល្បៈ និង​វប្បធម៌​ទៅតាម​ជំនាញ​ធំ​ទាំង​៣​របស់ខ្ញុំ​នេះ​»​។ 

​បើទោះបីជា​ក្នុង​គ្រួសារ​គ្មាន​សែស្រឡាយ​ជា​អ្នកសិល្បៈ​ចម្រៀង​ក្តី កញ្ញា លំអរ​កេសរ មាន​ទឹកចិត្ត​ស្រលាញ់​សិល្បៈ​ពី​ម៉ាកយាយ​របស់ខ្លួន​ដែល​ធ្លាប់​រស់ក្នុង​នៅ​ខេត្តកំពង់ឆ្នាំង​។​



​កញ្ញា រិទ្ធី លំអរ​កេសរ ក្រៅតែពី​មាន​ទេពកោសល្យ​ផ្នែក​ចម្រៀង ស្ថាបនិក​បុណ្យ​ភូមិ​រូបនេះ ក៏មាន​បំណង បន្ត​ការសិក្សា​ជំនាញ​គំរូ​សារគមនាគមន៍ (Graphic Design) នៅក្រៅ​ប្រទេស​ផងដែរ​។ កញ្ញា រិទ្ធី លំអរ​កេសរ ថ្លែង​ដូច្នេះ​ថា ៖«​សម្រាប់​គម្រោងការ​ទៅ​ថ្ងៃ​អនាគត បើ​និយាយ​វិស័យ​ចម្រៀង គឺ​ពួកយើង​នៅតែ​បន្ត​ការធ្វើ​ចម្រៀង​។ តាមរយៈ​បទ​ចម្រៀង Album2x5​នេះ សុទ្ធតែជា​រឿង​ពិត ហើយ​ខ្ញុំ​សង្ឃឹម​ពួកគាត់​នឹង​ចាប់​ផ្តើមធ្វើ​អ្វីដែល​គាត់​ស្រលាញ់​ដែរ​។ សម្រាប់​កម្មវិធី​បុណ្យ​ភូមិ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​កាន់តែ​ធំ​ទៅៗ ហើយ​ខ្ញុំ​នៅតែ​មិន​បោះបង់​បុណ្យ​ភូមិ​អ៊ីចឹង​។ បើ​និយាយ​ទាក់ទង​នឹង​ជំនាញ Graphic Design ខ្ញុំ​ក៏​មិន​បោះបង់ចោល​ដែរ ពីព្រោះ​ខ្ញុំ​គ្រោង​រក​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ស្រុក​គេ​។ ខ្ញុំ​ចង់​ពង្រឹង​ជំនាញ Graphic Design នេះ​ឲ្យ​មាន​គុណភាព​ជាងនេះទៀត ពីព្រោះ​អ្វីដែល​ខ្ញុំ Design ឥឡូវ​វា​មិនទាន់​ដល់​ចំណុច​មួយ ដែល​ខ្ញុំ​ចង់​បានទេ ដោយសារ​ស្រុក​យើង​នេះ វា​ខ្វះខាត​ជំនាញ Graphic Design បែប​បច្ចេកវិទ្យា​នេះ​»៕





















Tag:
 រិទ្ធី លំអរ​កេសរ​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com