កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជាប៉ះម៉ាឡេស៊ី ទីម័រជួបឡាវ មុនសិង្ហបុរីប្រជែងជាមួយថៃ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាជួបប្រកួតជាមួយម៉ាឡេស៊ីក្នុងវគ្គជម្រុះពូល A នៃពានរង្វាន់ AFF U18 Championship 2017 នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១០ ខែកញ្ញានេះនៅកីឡដ្ឋាន Thuwunna Stadium។ U18 ទីម័រខាងកើតជួបឡាវនៅកីឡដ្ឋាន Aung San Stadium មុនសិង្ហបុរីតទល់ជាមួយថៃ Thuwunna Stadium។
ក្រោយរងការបរាជ័យក្រោយស្នាដៃថៃ ១-០ នាជំនួបលើកទី៣ ក្រុម U18 កម្ពុជាដែលដឹកនាំដោយលោក Inoue Kazunori ត្រូវបន្តជួបក្រុមម៉ាឡេស៊ីនាជំនួបលើកទី៤វគ្គជម្រុះពូល A ក្នុងព្រឹត្តិការណ៍ AFF U18 Championship នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១០ កញ្ញានេះនៅកីឡដ្ឋាន Thuwunna Stadium នៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា។
នេះជាប្រកួតបង្គ្រប់កិច្ចសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ក្រោយក្រុមកម្ពុជាមួយនេះបានប្រកួតចាញ់ថៃ ១-០ នាជំនួបទី៣ ស្មើ ១-១ ជាមួយទីម័រខាងកើតក្នុងជំនួបទី២ និងចាញ់សិង្ហបុរី ៥-៣ ក្នុងជំនួបបើកឆាក។ ចំណែក៣ប្រកួតរបស់ម៉ាឡេស៊ី គឺយកឈ្នះឡាវ ៤-១ ឈ្នះសិង្ហបុរី ៣-១ និងឈ្នះទីម័រខាងកើត ៣-០។
បើតាមប្រវត្តិជួបគ្នារវាងក្រុមទាំងពីរកន្លងមកកម្ពុជាមិនធ្លាប់ទម្លុះសំណាញ់ទីរបស់ម៉ាឡេស៊ីនោះទេ។ ក្នុងនោះនៅឆ្នាំ២០០៣ កម្ពុជាបានចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ បន្ទាប់មកនៅឆ្នាំ២០១១ នៅលើទឹកដីមីយ៉ាន់ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលគ្មានការស៊ុតបាល់បញ្ចូលទី ដោយរក្សាលទ្ធផលស្មើ ០-០។
ជាមួយគ្នានេះ U18 ទីម័រខាងកើតត្រូវជួបប្រកួតបង្គ្រប់កិច្ចជាមួយឡាវនាវេលាម៉ោង៣:៣០នាទីរសៀលនេះផងដែរ នៅកីឡដ្ឋាន Aung San Stadium។ ទាំងទីម័រខាងកើត និងឡាវសុទ្ធតែមិនស្គាល់ជ័យជម្នះដូចគ្នាសម្រាប់បីប្រកួតកន្លងមក ក្នុងនោះឡាវចាញ់ទាំងបីប្រកួត ខណៈទីម័រខាងកើតចាញ់២ និងស្មើ១។
ក្រៅពីជំនួបពីរគូខាងលើក៏មានការប្រកួតដ៏សំខាន់១គូទៀតផងដែរ គឺរវាង U18 សិង្ហបុរីជាមួយ U18 ថៃ ដែលរៀបចំនៅកីឡដ្ឋាន Thuwunna Stadium នាវេលាម៉ោង៦:៣០នាទីល្ងាច។ យើងអាចនិយាយបានថា វាជាការប្រកួតមួយដ៏សំខាន់ប្រចាំថ្ងៃនេះ ព្រោះក្រុមទាំងពីរសុទ្ធតែទាមទារឈ្នះដូចគ្នា ដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ត។ បច្ចុប្បន្នថៃឈរកំពូលតារាងដោយមាន៩ពិន្ទុ ឯសិង្ហបុរីឈរលេខរៀងទី៣មាន៦ពិន្ទុ ខណៈក្រុមទាំងពីរសុទ្ធតែនៅសល់១ប្រកួតចុងក្រោយដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com