អន្តរជាតិ
ចិន អះអាងថា ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង មិន​ប៉ះពាល់​ដល់​បរិស្ថាន​ចិន​ទេ​
11, Sep 2017 , 3:35 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នាពេល​ថ្មីៗ​នេះ មិនបាន​ប៉ះពាល់​ដល់​បរិស្ថាន​ចិន​ឡើយ​។ ក្រុង​ប៉េកាំង អាច​ថ្លែង​បែបនេះ បន្ទាប់ពី​បានបញ្ចប់​ការពិនិត្យ និង​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ជ្រាវ​ស្រាវ​របស់ខ្លួន​រយៈពេល​ជាង​មួយ​សប្តាហ៍ ។​



​ក្រសួង​ការពារ​បរិស្ថាន​ចិន នៅ​ថ្ងៃ​១១ កញ្ញា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​បញ្ជាក់ថា មិនមាន​លទ្ធផល​មិន​ប្រក្រតី​ពាក់ព័ន្ធ​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​០៣ កញ្ញា ត្រូវបាន​បង្ហាញ​នៅក្នុង​ការពិសោធន៍ និង​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ចិន​រយៈពេល​៨​ថ្ងៃនេះ​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន People’s Daily ។

​ក្រសួង​ខាងលើនេះ​បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖« ការវាយតម្លៃ​ដ៏​គ្រប់​ជ្រុងជ្រោយ បាន​បង្ហាញថា ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មិនបាន​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​ដល់​ចិន​ឡើយ​។​» នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ។​

​តាមពិតទៅ ការណ៍​ដែល​ក្រុង​ប៉េកាំង ត្រូវបង្កើត​ក្រុម​ងារ​ដើម្បី​វាយតម្លៃ និង​ពិនិត្យ​លើ​ស្ថានភាព​បរិស្ថាន​ជុំវិញ​ខេត្ត និង​តំបន់ ដែល​ជាប់​នឹង​ព្រំដែន​កូរ៉េខាងជើង​បែបនេះ ដោយសារ ក្រុង​ប៉េកាំង មិន​ត្រឹមតែ​បារម្ភ​ពី​ការ​សាយភាយ​សារ​ធាតុគីមី​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏​ដើម្បី​ស្វែងយល់​ពី​កម្លាំង​រញ្ជួយ​ដែល​បណ្តាលមកពី​ការបាញ់​សាកល្បង​នោះ​ផងដែរ ។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​៣ ខែកញ្ញា​កន្លងទៅ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន នៅឯ​ទីតាំង​សាកល្បង Punggye-ri ។ វា​ជាការ​សាកល្បង​លើក​ទី​៦ របស់​កូរ៉េខាងជើង និង​ត្រូវបាន​ចាត់ទុកជា​គ្រាប់បែក​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​។ កូរ៉េខាងជើង​និយាយថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ត្រូវបាន​ផលិត​ដោយ​អ្នកវិទ្យាសាស្ត្រ​ក្នុងស្រុក​សុទ្ធសាធ ហើយ​អាច​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​បើទោះបីជា ការបាញ់​សាកល្បង​នេះ មិនបាន​ប៉ះពាល់​ដល់​បរិស្ថាន​ចិន​ក៏ដោយ ក្រុង​ប៉េកាំង ក៏​មិនបាន​គាំទ្រ​សកម្មភាព​របស់​កូរ៉េខាងជើង​នោះទេ ។ ក្រុង​ប៉េកាំង រួមទាំង​សហគមន៍​អន្តរជាតិ បានចេញ​ថ្លែងការណ៍​ព្រួយ​បា​មរ​ម្ភ និង​ទទូច​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព និង​វិល​មករក​តុ​ចរចា​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​៕


Tag:
 ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com