Cristiano Ronaldo, Harry Kane និងខ្សែការពារ John Stones រកបាន២គ្រាប់ម្នាក់ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champion League។
២គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Ronaldo ធ្វើបាននៅនាទី ១២ និង៥១ ក្នុងជ័យជម្នះ ៣-០ លើក្រុម Apoel Nic នៅការប្រកួតដំបូងនៃពានរង្វាន់លំដាប់ទី១អ៊ឺរ៉ុប វគ្គជម្រុះក្នុងពូល H។ គ្រាប់ទី៣ របស់ Real Madrid ធ្វើបានដោយខ្សែការពារសញ្ជាតិអេស្ប៉ាះ Sergio Ramos។
ចំណែកមួយគូទៀតដែលស្ថិតក្នុងពូលនេះដែរ ក្រុមមកពីអង់គ្លេស Tottenham Hotspur បានយកឈ្នះ Borussia Dortmund ៣-១ ដែលរកបាន២គ្រាប់ដោយម្ចាស់ស្បែកជើងមាសនៃក្របខណ្ឌ Premier League រដូវកាលមុន។ ទាំង២គ្រាប់របស់ Kane សម្រេចបាននៅនាទី ១៥ និង៦០ ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son ស៊ុតបញ្ចូលទីនាំមុខមុននៅ ៤នាទីដំបូង មុនពេល Dortmund រកគ្រាប់តាមស្មើនៅនាទី១១ ដោយ Andriy Yarmolenko។
រីឯក្រុមនៃក្របខណ្ឌអង់គ្លេសមួយទៀតគឺ Manchester City ក៏ទទួលបាន ៣ពិន្ទុពីការប្រកួតដំបូងរបស់គេផងដែរ ក្នុងវគ្គសន្សំពិន្ទុពូល F ដោយយកឈ្នះក្រុម Feyenoord ក្នុងលទ្ធផល ៤-០។ ក្នុងចំណោម៤គ្រាប់នេះ ខ្សែការពារសញ្ជាតិអង់គ្លេស John Stones អាចរកបានដល់ទៅ២គ្រាប់ដោយការប្រើក្បាល នៅនាទី២ និង៦៣។ ២គ្រាប់ទៀតធ្វើបានដោយខ្សែប្រយុទ្ធ Sergio Aguero និង Gabriel Jesus៕
ខាងក្រោមនេះជាលទ្ធផលប្រកួតថ្ងៃដំបូងចាប់ពីពូល E ដល់ H នៃក្របខណ្ឌ UEFA Champion League៖
ពូល E៖ Spartak Moscow 1-1 Maribor និង Liverpool 2-2 Sevilla ពូល F៖ Shakhtar Donetsk 2-1 SSC Napoli និង Feyenoord 0-4 Manchester City ពូល G៖ FC Porto 1-3 Besiktas និង RB Leipzig 1-1 Monaco ពូល H៖ Real Madrid 3-0 APOEL Nicosia និង Tottenham Hotspur 3-1 Borussia Dortmund