កីឡាជាតិ
ជាតិ
ទ័ព​ដណ្តើម Top 4 ជាមួយ​បឹងកេត​ឯ​ណាហ្គា​វើ​ល​ប៉ះ​អគ្គិសនី​ក្រោយ​គីរីវង់​ស្វាគមន៍​ស្វាយរៀង​
16, Sep 2017 , 7:39 am        
រូបភាព
កីឡាករ សុខ សុវណ្ណ ព្យាយាម​ដណ្តើមបាល់ពី ឈិន ឈឿន ​ពេលប៉ះក្នុងជើងទី១​នៅពហុកីឡដ្ឋាន
កីឡាករ សុខ សុវណ្ណ ព្យាយាម​ដណ្តើមបាល់ពី ឈិន ឈឿន ​ពេលប៉ះក្នុងជើងទី១​នៅពហុកីឡដ្ឋាន
ដោយ:
​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​ប្រជែង​ដណ្តើម​ឈរ​តំបន់ Top 4 ជាមួយ​ក្រុម​បឹងកេត​ក្នុង​សប្តាហ៍​ទី​១៦​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខណៈ​ណាហ្គា​វើ​ល​ត្រូវការពារ​ទីតាំង​របស់ខ្លួន​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ទាំងពីរ​គូ​ខាងលើ​ធ្វើឡើង បន្ទាប់ពី​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង​នា​វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​គីរីវង់​។



​ក្រោយ​ណាហ្គា​វើ​ល​ទម្លាក់​ពី​លេខ​រៀង​ទី​២​កាលពី​សប្តាហ៍​មុន ទ័ព​ត្រូវ​ជួប​ប្រកួត​ការពារ​តំណែង​របស់ខ្លួន​ជាមួយ​ក្រុម​បឹងកេត​ក្នុង​សប្តាហ៍​ទី​១៦​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៦ ខែកញ្ញា​នេះ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ សម្រាប់​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នៅ​ល្ងាច​នេះ ជា​ជំនួប​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​ក្រុម​ទាំងពី​សុទ្ធ​ត្រូវការ​ឈ្នះ ដើម្បី​ឈរ​ក្នុង​តំបន់ Top 4​។ បច្ចុប្បន្ន​ទ័ព​កំពុង​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​២៧​ពិន្ទុ ខណៈ​បឹងកេត​ឈរ​លេខ​រៀង​ទី​៥​ដោយមាន​២៧​ពិន្ទុ​ដូចគ្នា ខណៈ​កាល​ជើង​ទី​១​ទ័ព​បាន​យកឈ្នះ​បឹងកេត ៣-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ជាមួយគ្នានេះ ក្រុម​ឈរ​លេខ​រៀង​ទី​២​ណាហ្គា​វើ​ល​ក៏ត្រូវ​ប្រកួត​ការពារ​តំណែង​របស់ខ្លួន​ជាមួយ​អគ្គិសនី​កម្ពុជា​ផងដែរ​នៅ​ម៉ោង​៦​ល្ងាន​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​ការពារ​ទីតាំង​របស់ខ្លួន​ដែល​ទើប​ដណ្តើមបាន​ពី​ទ័ព​កាលពី​សប្តាហ៍​សប្តាហ៍​មុន​។ សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​មុន​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ទ័ព ៣-០ ខណៈ​អគ្គិសនី​កម្ពុជា​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៦-០​។

​ដោយឡែក ក្រុម​ឈរ​បាត​តារាង​មិនដែល​ស្គាល់​ជ័យជម្នះ​គីរីវង់​សុខ​សែន​ជ័យ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃនេះ​នៅ​កីឡដ្ឋាន​គីរីវង់​។ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​យកឈ្នះ​ស្មើ ១-១ ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​សប្តាហ៍​មុន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​លត់​អគ្គិសនី​រហូត ៦-០៕  


Tag:
 ​បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com