ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម បារម្ភ​ពី​«​ផលិតផល​បរិភោគ​មាន​ជាតិគីមី​ពុល​»​ក្នុង​ទីផ្សារ​កម្ពុជា​
16, Sep 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មិនមែនជា​លើកទីមួយ​នោះទេ ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន លើកឡើង​ពី​បញ្ហា​ចរាចរណ៍​ផលិតផល​បរិភោគ​មាន​ជាតិគីមី​ពុល​ក្នុង​ទីផ្សារ​កម្ពុជា នៅក្នុង​វេទិកា សិក្ខាសាលា​នានា​។ នាពេល​ថ្មីៗ​នេះ​ក្នុង​សិក្ខា​មួយ​អំពី​ជលផល​សមុទ្រ លោក វេ​ង សាខុន បន្ត​លើកឡើង​ពី​ផលិតផល​គីមី​។ លោក​អះអាងថា យោងតាម​ការពិសោធរ​បស់​អង្គភាព​ក្រោម​ឱវាទ​លោក​រកឃើញ​គ្រឿង​សមុទ្រ​មាន​សារធាតុពុល​។ លើសពីនេះ​រូបលោក​ផ្ទាល់​ក៏​ពើបប្រទះ​គ្រឿង​បរិភោគ​មាន​ជាតិគីមី​ពុល​ច្រើនដង​ផងដែរ​។



​ប្រសាសន៍ លោក វេ​ង សាខុន ៖




«​ដូចនេះហើយ​បានជា​ពលរដ្ឋ​ខ្មែរ​មាន​ផលប៉ះពាល់​ច្រើន​ដល់​សុខភាព ដែល​យើង​មិនបាន​គិតដល់​»​។ នេះ​ជាការ​លើកឡើង​របស់ លោក វេ​ង សាខុន ដែល​បង្ហាញ​ពី​កង្វះ​ការយកចិត្តទុកដាក់​ពី​អ្នកពាក់ព័ន្ធ​លើ​បញ្ហា​សុខភាព​ប្រជាជន​ដែល​បង្ក​ពី​ផលិតផល​ផ្ទុក​ជាតិគីមី​ពុល​។​

​បញ្ហា​ទាំងនេះ​ត្រូវ​ធ្លា​ក់លើ​ប្រជាជន​ក្រីក្រ​ច្រើនជាងគេ​។ លោក វេ​ង សាខុន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ​ប្រជាជន​ខ្មែរ​ត្រូវ​ការទិញ​ម្ហូប ហើយ​រកមើល​ម្ហូប​ថោក ដោយសារ​ប្រជាជន​ក្រីក្រ​នៅ​ច្រើន​។ ម្ហូប​ថោក​នេះហើយ​ដែល​ប្រឈម​នឹង​បញ្ហា​»​។

​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មក លោក វេ​ង សាខុន បានលើកឡើង ជាច្រើន​សារ​ពី​បញ្ហា​នេះ​។ ក្រសួងកសិកម្ម​ក៏បាន​ស្នើសុំ​រដ្ឋាភិបាល​ដើម្បី​ឈរជើង​នៅ​ច្រកព្រំដែន ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​បរិភោគ តែ​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បដិសេធ​ដោយហេតុ​ផល​ដើម្បី​បញ្ចៀស​ការចំណាយ​ច្រើន ខណៈ​មាន​កាំកុងត្រូល​ស្ថិតក្រោម​ក្រសួងពាណិជ្ជកម្ម​ជា​អ្នកមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទាំងនេះ​។

​ក្រៅពី​ការនាំ​ចូល​តាម​ច្រកព្រំដែន រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ​បាន​សង្កត់ធ្ងន់​ពី​ការផលិត​កែច្នៃ​ក្នុងស្រុក​ដែល​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​។ លោក​ប្រាប់ថា​ត្រូវមាន​ការជំរុញ​គាំទ្រ​បន្ថែមទៀត​ដល់​ការផលិត​ទាំងនោះ​។​

​តែ​ទោះយ៉ាងណា ទំនោរ​ងាក​ទៅរក​ផលិតផល​ល្អ​ដល់​សុខភាព នាពេល​បច្ចុប្បន្ននេះ​មានការ​កើនឡើង ពិសេស​ពី​សំណាក់​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែលមាន​ជីវភាព​ធូរធា​។ នេះ​ជាការ​កត់សម្គាល់​របស់ លោក វេ​ង សាខុន ៕
 

Tag:
 វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com