អន្តរជាតិ
នយោបាយអន្តរជាតិ
លោក Man Hee Lee៖ កូរ៉េទាំងពីរនិយាយភាសាដូចគ្នា គ្មានរឿងអ្វីដែលមេដឹកនាំទាំងពីរមិនអាចជជែកគ្នាបានទេ ព្រឹទ្ធបុរសអង្គការ HWPL លោក Man Hee Lee
× កូរ៉េខាងត្បូង៖ព្រឹទ្ធបុរសអង្គការអន្តរជាតិ HWPL លោក Man Hee Lee បានអំពាវនាវឲ្យមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងខាងជើងជជែកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយសន្តិភាពជូនប្រទេសរៀងៗខ្លួន និងសម្រាប់ពិភពលោក។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Seoul មុននឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលស្តីពីបញ្ហាសន្តិភាពពិភពលោកប្រចាំឆ្នាំលើកទី ៣។
បញ្ហានៅឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកមួយចំនួន បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីសន្តិភាពពិភពលោក នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាត្បូង។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែលរៀបចំឡើងដោយអង្គការអង្គការអន្តរជាតិ HWPL ដោយមានការចូលរួមពីមេដឹកនាំសាសនា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានអន្តរជាតិ ជុំវិញពិភពលោករាប់ពាន់នាក់។
បញ្ហាសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ជាប្រធានបទសំខាន់ដែលព្រឹទ្ធបុរសអង្គការ HWPL ( Heavenly Culture, Word Peace, Restoration of Light) លោក Man Hee Lee ជនជាតិកូរ៉េខាងត្បូងថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើទី ៣ នេះ។ ក្រៅពីអំពាវនាវឲ្យអង្គការសហជាតិជួយរកដំណោះស្រាយ លោក Lee ក៏អំពាវនាវឲ្យមេដឹកនាំដឹកនាំនៃប្រទេសទាំងពីរជជួបជជែកគ្នាដែរ។
លោក Man Hee Lee បានគួសបញ្ជាក់យ៉ាងនេះថា៖« ប្រទេសកូរ៉េទាំងពីរនិយាយភាសាដូចគ្នា ដូច្នេះ គ្មានហេតុផលណា ដែលមេដឹកនាំនៃប្រទេសទាំងពីរមិនអាចជួបគ្នា ជជែករកដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហានៅឧបទ្វីបកូរ៉េនោះទេ។ យើងត្រូវការសន្តិភាព ដើម្បីពិភពលោករបស់យើង»។ លោកថា ការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ លើកមកនេះ មិនត្រឹមតែប្រជាជនកូរ៉េខាងត្បូងទេ តែវាក្តីបារម្ភរបស់ពិភពលោកទាំងមូល។
ជាមួយគ្នា លោក Man Hee Lee ជំរុញឲ្យមន្ត្រីរដ្ឋាភិបាល មេដឹកនាំសាសានា រួមគ្នា ជាធ្លុងមួយ ដើម្បីកសាងសន្តិភាព និងផ្ញើសារសន្តិភាពទៅកាន់ពិភពលោកទាំងមូល។ ជាងនេះទៀត លោកព្រឹទ្ធបុរស Mam ក៏ពាវនាវឲ្យប្រជាជន នៅលើពិភពលោកត្រូវធ្វើខ្លួនជាអ្នកនាំសារសន្តិភាពផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ
សម្ព័ន្ធភាពពិភពលោកនៃសន្តិភាពសាសនា (
WARP Summit) លើកទី ៣ នៅឆ្នាំ ២០១៧ នេះ ផ្តោតសំខាន់ទៅលើប្រធានបទនៃការបង្កើត និងការរក្សាសន្តិភាពពិភពលោក ជាពិសេសការស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីកសាងសន្តិភាពរវាងរដ្ឋាភិបាល និងនិងប្រជាជន នៅបណ្តាប្រទេសនៅលើពិភពលោក។
សូមបញ្ជាក់ អង្គការ
HWPL បង្កើតឡើងនៅឆ្នាំ ២០១២ នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយលោក Man Hee Lee ជាស្ថាបនិក។ អង្គការនេះ ជាអង្គការអន្តរជាតិ ដែលមិនរកប្រាក់ចំណេញ និងបង្កើតឡើង ដើម្បីសន្តិភាព ដោយសហការជាមួយ ការិយាល័យព័ត៌មានសាធារណៈរបស់អង្គការសហប្រជាជាតិ (UNDPI)៕
© រក្សាសិទ្ធិដោយ thmeythmey.com