សេដ្ឋកិច្ច
អន្តរជាតិ
ថៃ កម្ពុជា វៀតណាម មី​យ៉ាន់​ម៉ា និង​ឡាវ រួមគ្នា​រក​ដំណោះស្រាយ​ពង្រីក​ទីផ្សារ​MICE
22, Sep 2017 , 2:00 pm        
រូបភាព
ថៃ​៖  ស្ថាប័ន TCEB របស់​រដ្ឋាភិបាល​ថៃ (Thailand Convention and Exhibition Bureau) បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ពី​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា វៀតណាម និង​ឡាវ (CLMV) ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា​មួយ ក្នុងការ​ពង្រីក​ទីផ្សា​ទេសចរណ៍ និង​លើកកម្ពស់​សេដ្ឋកិច្ចក្នុង​តំបន់ទាំង​៥​នេះបន្ថែមទៀត​។​


​ប្រធាន​នាយកដ្ឋាន​ផលិតផល​ក្នុង​ស្រុកថៃ នៃ​ស្ថាប័ន​TCEB លោក Puripan Bunnag បាន​និយាយថា ការរៀបចំ​កិច្ចប្រជុំ CLMVT នេះ​ឡើង ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​៥ ដើម្បី​លើកកម្ពស់​ទីផ្សារ MICE (Meeting ,Incentive ,Conference ,Exhibit / Event) តាមរយៈ​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​ទេសចរ​ក្នុងប្រទេស​នីមួយៗ​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ពី CLMV នៅ​ទីស្នាក់ការ​TCEB នាទី​ក្រុង​បាងកក កាលពី​ថ្ងៃទី​១៩ កញ្ញា លោក Purinpan Bunnag បាន​បន្ថែមថា​៖« មូលហេតុ​ដែល​ភាគី​ថៃ ផ្ដួចផ្ដើម​រៀបចំ​កិច្ចពិភាក្សា​រួមគ្នា​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំង​៥ អាចធ្វើ​ការរួម​គ្នា ក្នុងការ​បើកចំហរ​ទីផ្សារ​ទេសចរណ៍​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ការផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ នៅក្នុង​តំបន់​ទេសចរណ៍​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ (CLMVT) ដែល​អាចជា​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឫ​អ្នកវិនិយោគ​គិ​ន ឬ​អតិថិជន ពីគ្នា​ទៅវិញទៅមក​»​។ 
 
​នៅក្នុង​កិច្ចប្រជុំ​CLMVT ដែលមាន​តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ជាង​២០​នាក់​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​នោះ បាន​ចំណាយពេល​ជាង​២​ម៉ោង ក្នុង​ការជជែក​វែកញែក​ពី​គុណវិបត្តិ និង​គុណសម្បត្តិ​នៃ​កិច្ច​សហការគ្នា​នេះ ។ ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​ជា​ផ្លែផ្កា ដើម្បី​កំណត់​ទិសដៅ​រួមគ្នា​មួយ ក្នុងការ​អនុវត្ត​ការងារ​ជាមួយគ្នា ឲ្យ​សម​ស្របតាម​លក្ខខណ្ឌ​ប្រទេស​នីមួយៗ​នៅឡើយ​ទេ​។ តែ​យ៉ាងណា​ភាគី​ថៃ កម្ពុជា ឡាវ មី​យ៉ាន​ម៉ា និង​ថៃ (CLMVT) ក៏បាន​ឯកភាពគ្នា គ្រោង​បង្កើត​គណៈកម្មាធិការ​រួម​គ្នា ដើម្បី​កំណត់​ទិសដៅ​ក្នុង​ការដាក់​របៀបវារៈ និង​លក្ខខណ្ឌ​ថា ភាគី​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​លើ​កិច្ចការងារ​ទីផ្សារ​ទេសចរណ៍​(CLMVT)​នេះ​យ៉ាងម៉េច​? តើ​ត្រូវអនុវត្ត​បែបណា ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា ពី​ទីផ្សារ MICE នេះ​។​
 
​បើតាម​លោក Puripan Bunnag ភាគី​ថៃ​នឹង​រៀបចំ​កិច្ចប្រជុំ CLMVT បន្តបន្ទាប់​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ពង្រីក​ទីផ្សារ​ទេសចរណ៍ (MICE)​រវាង​ប្រទេស​ទាំង​៥​នេះ​។​
 
​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) និង​ទទួលបន្ទុក​កិច្ចការ​តំបន់​ទន្លេមេគង្គ (GMS) លោក ឈួន សម្បត្តិ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​CLMVT នេះ ចាត់ទុក​ដំណើការ​ផ្ដួចផ្ដើម​នៃ​កិច្ចពិភាក្សា​រក​ដំណោះ​បើកចំហ​ទីផ្សារ​ទេសចរណ៍​បន្ថែម​នេះ គឺជា​រឿង​មួយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ទាំង​៤​ទៀតផង​ដែរ​។ ប៉ុន្តែ​លោក ឈួន សម្បត្តិ ក៏មាន​មតិ​ស្នើ​ឲ្យ​ការរៀបចំ​គណៈកម្មាធិកា​រ​មួយ ដែល​គ្រោង​បង្កើត​នាពេលខាងមុខ​នោះ ត្រូវមាន​តម្លាភាព និង​អាច​ទទួលបាន​ផលប្រយោជន៍​ដោយ​ស្មើភាព​គ្នា​។​
 
«​បើ​មានការ​ផ្ដើម​ពី​ឥឡូវនេះ ហើយ​មានការ​វិ​វដ្ត​នៃ​ការប្រជុំ និង​ការ​សហការគ្នា​បានល្អ យើង​អាច​រំពឹងថា ទីផ្សារ​MICE សម្រាប់​ស្រុក​ខ្មែរ វា​នឹងមាន​ការរីកចម្រើន​ស​ម្រា​ប់​ប្រទេស​យើង​។ ការពិត​បើទោះជា​ខាង​ប្រទេស​ថៃ គេ​មាន​ធនធាន មាន​សក្ដានុពល​ជាង​យើង មាន​អ្វីៗ​ល្អ​ជាង​យើង ក៏ប៉ុន្តែ​ផ្ដើមចេញពី​ការងារ​ពង្រីក​ទីផ្សារ​MICE​នេះ យើង​សង្ឃឹមថា លំហូរ​ភ្ញៀវ លំហូរ​ប្រាក់ចំណូល ដែល​ចូលមក​ស្រុក​ខ្មែរ​តាមរយៈ​ការងារ​នេះ​គឺមាន​ការរីកចម្រើន​ខ្លាំង »​។ នេះ​បើតាម​លោក ឈួន សម្បត្តិ ដែល​បាន​បន្ថែមថា ទីផ្សារ​MICE​នេះ ក៏​នឹង​ផ្ដល់ឱកាស​ល្អ​ដល់​វិស័យ​ឯកជន​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ស្ថាប័ន TCEB (Thailand Convention and Exhibition Bureau) ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ថៃ កាលពី​ឆ្នាំ​២០០២ ដើម្បី​ទទួលខុសត្រូវ​លើ​ទីផ្សារ​MICE សម្រាប់​បង្កើត​យុទ្ធសាស្ត្រ និង​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ថៃ​។ ហើយ​នៅ​ឆ្នាំ​២០០៤ ស្ថាប័ន TCEB (Thailand Convention and Exhibition Bureau) បានចាប់ផ្ដើម​អនុវត្ត​ការងារ​លើ​ទីផ្សារ​MICE នេះ ដោយបាន​រក​ចំណូល​រាប់រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​ថៃ​ផងដែរ​។​
 
​ពាក្យ​កត់សម្គាល់​៖
 
​ទីផ្សារ​MICE ឬ​ទីផ្សារ​ទេសចរណ៍ MICE ៖ ( Meeting ,Incentive ,Conference ,Exhibit / Event) គឺ​សំដៅ​ទៅលើ​សេវា​រៀបចំ​ទេសចរណ៍ សម្រាប់​ក្រុម​ទេសចរ​ពិសេស ដែល​បានរៀបចំ​គម្រោង​អ្វីមួយ ក្នុងការ​កក់​កន្លែង​ស្នាក់នៅ ការធ្វើ​សន្និសីទកាសែត សិក្ខាសាលា និង​ផ្សព្វផ្សាយ​ជំនួញ ឫ​សកម្មភាព​ព្រឹត្តិការណ៍​ផ្សេងៗ នៅក្នុង​ទីកន្លែង​ណាមួយ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ឬ នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ ទីផ្សារ​ទេសចរណ៍ MICE គឺជា​ប្រភេទ​ឧស្សាហកម្ម​អន្តរជាតិ​មួយ ដែល​ទាក់ទង​ទៅនឹង​ការសម្របសម្រួល​រៀបចំ​ទទួល​ការចាត់ចែង និង​ផ្សព្វផ្សាយ​នៃ​បណ្ដាញ​អាជីវកម្ម​ទេសចរណ៍ (Tourism Business) ជាមួយនឹង​អាជីវកម្ម​ដទៃទៀត (Business B2B) ឬ​អាជីវកម្ម​ទេសចរណ៍ (Tourism Business) និង​អ្នកប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ (Tourism Consumer B2C) តាមរយៈ​ស្ថាប័នរដ្ឋ​ក្នុង​ប្រទេសមួយ ឬ​ទីភ្នាក់ងារ​សមាគមន៍​ទេសចរណ៍ និង​វិស័យ​ឯកជន​ទេសចរណ៍​ជាដើម​។ 

MICE គឺជា​ប្រភេទ​ទេសចរណ៍​បែប​ថ្មី ​ដែល​កំពុង​ពេញនិយម​នៅលើ​ពិភពលោក​។ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ MICE គឺជា​ប្រភេទ​ទេសចរណ៍​ដែល​សំដៅលើការជួបប្រជុំ(Meeting)  ការកំសាន្ត​ដែល​បានផ្តល់​ឲ្យ​ដោយ​សហគ្រាស​ឬ​ក្រុមហ៊ុន​ណាមួយ​ក្នុង​១​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​ម្តង​ដល់​បុគ្គលិក​ឬ​កម្មករ​របស់គេ (Incentive)  ,ការរៀបចំ​ប្រារព្វ​ធ្វើ​ស​ន្និសិទ​ជាតិ​ឬ​អន្តរជាតិ (Conference) ឬ​ព្រឹ​ត្ត​ការកំសាន្ត​សប្បាយ (Event) ដើម្បី​ទាក់ទាញ​អតិថិជន​ឬ​មហាជន​ផ្សេងៗ ដែល​ទាមទា​ឲ្យ​មាន​រៀបចំ​យ៉ាង​ច្បាស់លាស់​និង​ប្រាកដ​ជាក់លាក់​ពី​ក្រុមហ៊ុន​ជំនាញ​ណាមួយ​។ ឧទាហរណ៍៖ ការរៀបចំពិ​ពណ៌​អន្តរជាតិ​អំពី​ផលិតផល​អ្វីមួយ​ ,ការផ្តល់​មេដាយ ​ឬ​ការផ្តល់​ប័ណ្ណ​សរសើរ​ជា​លក្ខណៈ​អន្តរជាតិ​ ,ការរៀបចំ​ការកំសាន្ត​ដល់​បុគ្គលិក​របស់​ស្ថា​ប័​ន្ត​ណាមួយ​ ឬការរៀបចំ​មហោស្រព​...ជាដើម៕

 

Tag:
 ​កម្ពុជា​
 ​ថៃ​
 ​វៀតណាម​
 ​មី​យ៉ាន់​ម៉ា​
 ​ឡាវ​
 CLMVT
© រក្សាសិទ្ធិដោយ thmeythmey.com