ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ប្រាប់មន្ត្រីខ្លួនឲ្យប្រយ័ត្នចំពោះមេរោគកាចសាហាវ ដែលកំពុងវត្តមាននៅក្នុងព្រៃឡង់
× ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រាប់ឲ្យមន្ត្រីខ្លួន ដែលអនុរក្សនៅតំបន់ព្រៃឡង់ ត្រូវប្រុងប្រយ័ត្នចំពោះមេរោគកាចសាហាវម្យ៉ាង ដែលកំពុងមានវត្តមាននៅទីនោះ។ ការណែនាំបែបនេះ ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះជំងឺឆ្លងជាបន្តបន្ទាប់នៅក្នុងតំបន់ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំកន្លងមកនេះ។
ក្រោយពីមានករណីជំងឺគ្រុនចាញ់ ដែលបណ្ដាលឲ្យមន្ត្រីអនុរក្សម្នាក់ ស្លាប់នៅខេត្តស្ទឹងត្រែងនោះ ស្រាប់តែមានករណីផ្ទុះជំងឺហើមសាច់ដុំ (ហើមដៃ ជើង និងបំពង់ក) ដែលបានបណ្ដាលឲ្យមន្ត្រីអនុរក្សម្នាក់នៅខេត្តកំពង់ធំម្នាក់ស្លាប់ កាលពីថ្ងៃទី២១ កញ្ញា និងមន្ត្រីចំនួន១២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ជំងឺហើមនេះ ក៏កំពុងយាយីដល់អាយុជីវិតរបស់ប្រជាជនមួយចំនួនទៀត នៅក្នុងតំបន់ព្រៃឡង់នោះដែរ។ នេះបើតាមក្រសួងបរិស្ថាន។
ចំពោះបញ្ហានេះក្រសួងបរិស្ថាន បានឲ្យដឹងមូលហេតុថា តាមរយៈសង្កេត និងការសន្និដ្ឋានជាបឋមរបស់គ្រូពេទ្យជំនាញ ជំងឺហើមសាចដុំនេះបង្កឡើងដោយប្រភេទប៉ារ៉ាស៊ីតម្យ៉ាង ឆ្លងចូលទៅក្នុងខ្លួនមនុស្សតាមរយៈការបរិភោគសាច់សត្វ ដែលចម្អិនមិនបានឆ្អិនល្អ និងការប្រើប្រាស់ទឹកតាមដងអូរក្នុងព្រៃ ហើយប៉ារ៉ាស៊ីតដ៏កាចសាហាវនេះ កំពុងមានវត្តមាននៅក្នុងតំបន់ព្រៃឡង់។
សេចក្តីណែនាំរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២២ កញ្ញានេះ បានបញ្ជាក់ដូច្នេះថា៖ចំពោះមន្ត្រីអនុរក្ស ដែលកំពុងប្រចាំការបំពេញភារកិច្ចនៅតាមតំបន់ការពារធម្មជាតិទាំងអស់ គឺត្រូវណែនាំពួកគាត់កុំឲ្យបរិភោគសាច់សត្វដែលចម្អិនមិនបានឆ្អិនល្អ ត្រូវបរិភោគទឹកដាំពុះ ដែលធានាថានឹងមានសុវត្ថិភាព និងត្រូវប្រុងប្រយ័ត្នពីការយាយីសត្វចម្លងជំងឺនានា ជាពិសេសមូសដែកគោល ដែលបង្កឲ្យកើតជំងឺគ្រុនចាញ់»។
ជាមួយគ្នានេះក្រសួងបរិស្ថាន ក៏ណែនាំឲ្យប្រធានមន្ទីបរិស្ថាន ចាត់វិធានការជាបន្ទាន់ក្នុងជួយដល់ការការពារ និងថែរក្សាសុខភាព និងសុវត្ថិភាពដល់មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនផងដែរ៕
Tag:
បរិស្ថាន
ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com