ជាតិ
ទំនៀមទម្លាប់​ប្រណាំងទូក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
23, Sep 2017 , 7:19 pm        
រូបភាព
ដោយ:
ពិធីបុណ្យ​អុំទូក ឬ​ប្រណាំងទូក ង ជា​ព្រះរាជ​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​ខ្មែរ តាំងពី​សម័យបុរាណ​កាល​មក​។ ប៉ុន្តែ​នៅទីនេះ យើង​សុំ​មិន​លើកយក​ពិធីបុណ្យ​ប្រណាំងទូក ដែល​តែងតែ​ធ្វើ​នៅ​រៀងរាល់ខែ​ក​ត្តឹ​ក នៅមុខ​ព្រះបរមរាជវាំង​មក​អធិប្បាយ​ឡើយ​។ គឺ​លើក​យកតែ​ការប្រណាំង​ទូក​ធម្មតា (​ទូក​បាយ​) ដែល​គេ​តែង​អុំ​នៅ​រដូវ​ភ្ជុំ​បិ​ណ្យ ឬ​ចេញ​វស្សា មក​អធិប្បាយ​ប៉ុណ្ណោះ​។​



​ព្រះ​សមណេរ ព្រាប ឌិ​ប គង់នៅ​វត្ត​លង្ការ បាន​ចុះផ្សាយ​អត្ថបទ​ស្តី​ពិធីបុណ្យ​អុំទូក​នេះ នៅក្នុង​ទស្សនា​វ​ដ្តី​កម្ពុជ សុរិយា ឆ្នាំ​១៩៤៩ ដោយ​រៀបរាប់ថា ល្បែង​ប្រណាំង​ទួ​ក ជា​ល្បែង​កម្សាន្ត​មួយ​ប្រភេទ ដែល​ជនជាតិខ្មែរ ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ចាត់ទុកថា ជា​ទំនៀមទម្លាប់​មួយ​យ៉ាង​ល្អប្រសើរ​របស់​ជាតិ​។ មិនតែប៉ុណ្ណោះ ជនជាតិ​ចាម ជ្វា ក៏​និយម​ប្រារព្ធ​ពិធី ប្រណាំងទូក​នេះដែរ​។​

​ព្រះ​សមណេរ ព្រាប ឌិ​ប បន្តថា ការប្រណាំង​ទូក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​បុរាណសម័យ គឺធ្វើឡើង​នៅ​រៀងរាល់​រដូវវស្សា ដែលមាន​លិច​ល្ហាចល្ហឹម គ្រប់​ភូមិដ្ឋាន​។ ជាពិសេស ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ មហាជន​ជាតិខ្មែរ​ទាំង​ក្មេង ទាំងចាស់ ប្រុស​ស្រី គេ​ដើរ​ប្រមូលគ្នា និង​រើស​ទូក​ណា​ដែលមាន​ល្បឿន​លឿន​មក​ប្រណាំង ដោយ​រៀប​ចំណុះ​ទូក​ស្មើគ្នា​។ បើ​ទូ​កណា​មាន​ចំណុះ​២០​នាក់ ទូក​ម្ខាង​ទៀត ក៏ត្រូវ​មាន​ចំនួន​២០​នាក់​ដែរ ឬ​អាច​លើស​ម្នាក់ ឬ​២​នាក់​បាន អាស្រ័យ​លើ​ការព្រមព្រៀង​គ្នា​។​



​ការជ្រើសរើស​ចំណុះ​ទូក​វិញ គេ​ច្រើន​យក​យុវតី ឬ​ក្រមុំ អង្គុយ​នៅ​កំណាត់ ខាងមុខ ឯ​កុមារ អង្គុយ​អុំ​នៅ​ផ្នែក​ខាងក្រោយ ហើយ​អ្នក​កាន់​ចង្កូតទូក គឺជា​មនុស្ស​ប្រុស​វ័យ​ចំណាស់ ឬ​យុវជន​ពេញកម្លាំង ដោយ​កាន់​ច្រវារ​ធំ​វែង សម្រាប់​កាច់ចង្កូត​ផង​។ ចំណែក​ម្នាក់ទៀត ដែល​អង្គុយ​លុតជង្គង់​នៅ​ក្បាលទូក​គេ​ហៅថា បង់បត់ គឺជា​អ្នក​ស្រែក​លើកទឹកចិត្ត​ឲ្យ​អ្នកអុំទូក​ផ្នែក​ខាងក្រោយ​ខំប្រឹង​អុំ​។​

​ព្រះ​សមណេរ​ព្រាប ឌិ​ប បញ្ជាក់ទៀតថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពេលខ្លះ នៅ​ភូមិ ឃុំ​ខ្លះ គេ​អុំទូក​ប្រណាំង​គ្រប់​៣​ថ្ងៃ​ក៏មាន តែមួយ​ថ្ងៃ​ក៏មាន តាម​ទំនៀម​ពី​បុរាណកាល​មក​។ លុះដល់ ថ្ងៃ​ចេញ​វស្សា ពួក​អ្នកស្រុក ក៏​នាំគ្នា​យក​ទូក​មក​ប្រណាំង​គ្នា​ម្តងទៀត ដោយ​នាំគ្នា​ហៅថា ​អុំទូក ផ្តាច់ព្រ័ត្រ​។ នៅពេល​កំពុង​អុំទូក​នោះ អ្នក​ចំណុះ​ទូក ក៏ត្រូវ​តមមាត់ តម​ក មិន និយាយ​អ្វី​ផ្តេសផ្តាស​ផងដែរ ព្រោះ​នឹង​អាចធ្វើ​ឲ្យ​ទូក​លិច ដោយ​ប្រការ​ណាមួយ​។​



​គួររំលឹកថា ទាក់ទង​នឹង​ការប្រណាំង​ទូក​បាយ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​អំឡុង ទសវត្សរ៍​៨០ និង​៩០ នៅក្នុង​តំបន់​ទន្លេតូច ឬ​ទន្លេ​ក្នុង មានដូចជា កំពង់​ព​ពឹ​ល ស្រុក​ពារាំង​ខេត្តព្រៃវែង ភូមិ​ព្រែក​ជ្រូក ភូមិ​បាក់ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ភូមិ​ព្រែក​ឈ្មោះ ភូមិ​ព្រែ​ករៃ ឃុំ​ព្រែ​ករៃ ស្រុក​ល្វាឯម ខេត្តកណ្តាល ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា ប្រារព្ធ ពិធី​អុំទូក (​ទូក​បាយ ឬ​ទូក​នេសាទ ទូក​ខ្លះ ជា​ទូក​សម្រាប់​ព្រះសង្ឃ​ប្រើប្រាស់ ប្រចាំ​វត្ត​ហៅថា​ទូកផ្កាចា​) ជា​រៀងរាល់​រដូវ​ភ្ជុំ និង​ចេញ​វស្សា ដូច​ការលើកឡើង​រប​ស់​ព្រះ​សមណេរ ព្រាប ឌិ​ប ដែរ​។

​ការប្រណាំង ពុំមាន​ភ្នាល់​គ្នា​ជា​របស់ ឬ​លុយកាក់​អ្វី​ទេ គឺ​គ្រាន់តែ​កម្សាន្ត​ក្នុង​ពិធីបុណ្យ ហើយ​នៅ​ថ្ងៃ​ចេញ​វស្សា ពួក​អ្នកភូមិ តែង​នាំគ្នា​ខ្នាប់​ទឹក​ខ្នាប់​ដី ទៅ​ប្រណាំងទូក​នៅ​បឹងកក់ តំបន់​ជ្រោយ​ប្រាសាទ ដែល​ស្ថិត​នៅក្រោយ​ភូមិ​ព្រែ​ករៃ ឃុំ​ព្រែ​ករៃ និង ដែល​គេ​ជឿថា មាន​អ្នកតា​ខ្លាំងពូកែ​កាន់​នៅ​ទីនោះ​។ ទូក ជាច្រើន​បានមក​ជួបជុំ និង​ប្រណាំង​គ្នា​នៅទីនេះ និង​នៅ​ទី​ផ្សេងៗ​ទៀត ប៉ុន្តែ បច្ចុប្បន្ន ការ​អុំទូក​ប្រណាំង​ក្នុង​រដូវ​ភ្ជុំ​របស់​អ្នកស្រុក មិនបាន​ប្រព្រឹត្តធ្វើ​ទៀត​ទេ ប្រហែល​គេ​គិតថា ជាការ​មិនសូវ​សំខាន់ ឬ​ចាំបាច់ ឬ​ដោយសារ​ប្រជាពលរដ្ឋ មានការ​ហត់នឿយ​នឹង​ការបំពេញ​ការងារ ក៏​ថា​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com