អន្តរជាតិ
ឥណ្ឌាប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ប៉ាគីស្ថានជា «រដ្ឋផលិតភេរវករ» លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
× រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj បានព្រលះប៉ាគីស្ថាននៅក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិដោយហៅប៉ាគីស្ថានថាជា «រោងចក្រផលិតក្រុមភេរវជន»។ លោកស្រីបានលើកឡើងបែបនេះបន្ទាប់ពីតំណាងប៉ាគីស្ថានចោទប្រកាន់ថា ឥណ្ឌាប្រើប្រាស់កម្លាំងបំពារបំពានគេឯងនោតំបន់ជម្លោះកាស្មៀ។
ថ្លែងនៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ ប្រមុខការទូតឥណ្ឌាលោកស្រី Sushma Swaraj បានទិតៀនរដ្ឋាភិបាលប៉ាគីស្ថានចំៗឥតសំចៃ និងថែមទាំងហៅរដ្ឋជិតខាងរបស់ខ្លួននេះជារោងចក្រផលិតភេរវជនថែមទៀត។ ខុសពីប៉ាគីស្ថាន ឥណ្ឌាបន្តផលិតវិស្វករនិងគ្រូពេទ្យល្បីៗដែលរួមចំណែកដល់ការអភិវឌ្ឍដល់ពិភពលោកថែមទៀត។
ថ្ងៃសុក្រទី ២៣ ខែកញ្ញា លោកស្រី Sushma Swaraj បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដូច្នេះ៖« ហេតុអ្វីនៅពេលបច្ចុប្បន្នឥណ្ឌាត្រូវបានគេចាត់ទុកជាមហាអំណាចបច្ចេកវិទ្យាលើពិភពលោក ខណៈដែលប៉ាគីស្ថានត្រូវគេចាត់ទុកជារោងចក្រផលិតនិងនាំចេញភេរវជនទៅវិញ?
ប្រមុខការទូតមហាយក្សអាស៊ីខាងត្បូងរូបនេះបន្តថា៖« យើងផលិតបញ្ញាវ័ន្ត, វេជ្ជបណ្ឌិតល្បីៗ និងវិស្វករចំណានៗ។ ចុះតើអ្នកផលិតអ្វីដែរ? អ្នកឯងត្រឹមផលិតភេរវជនប៉ុណ្ណោះ»។
តាមពិតលោកស្រី Swaraj ព្រលះប៉ាគីស្ថានមិនសំចៃមាត់បែបនេះ ក៏ដើម្បីឆ្លើយតបនឹងសម្តីរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahid Khaqan Abbasi ដែលបានយកវេទិកាអង្គការសហប្រជាជាតិទិតៀននិងចោទប្រកាន់ឥណ្ឌាមុននោះ។ ប្រមុខរដ្ឋាភិបាលប៉ាគីស្ថានរូបនេះបានចោទថាឥណ្ឌាប្រើប្រាស់កម្លាំងមហិមារបស់ខ្លួននៅតំបន់កាស្មៀ។
តាំងពីរយូរមកហើយ ឥណ្ឌាចោទប្រកាន់ថា ប៉ាគីស្ថានបានបន្តបង្វឹកក្រុមភេរវជនដើម្បីបញ្ជូនមកតំបន់កាស្មៀ តែប៉ាគីស្ថានតែងតែបដិសេធការចោទប្រកាន់នេះ។ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានល្អក់កករ និង តានតឹងខ្លាំងរយៈពេលចុងក្រោយនេះនៅតាមតំបន់ព្រំដែនដែលមានជម្លោះតំបន់កាស្មៀដែលភាគីទាំងពីរសុទ្ធតែដណ្តើមយករៀងៗខ្លួន។ មហាអំណាចនុយក្លេអ៊ែរទាំងពីរនេះក៏ធ្លាប់ប្រយុទ្ធគ្នាបីលើកដែរចាប់តាំងពីឆ្នាំ ១៩៤៧ ពោលគឺពេលភាគីទាំងពីរប្រកាសឯករាជ្យពីចក្រភពអង់គ្លេស។
Tag:
ឥណ្ឌា
ប៉ាគីស្ថាន
Sushma Swaraj
Shahid Khaqan Abbasi
© រក្សាសិទ្ធិដោយ thmeythmey.com