កីឡាជាតិ
ជាតិ
Para Games៖ កម្ពុជា​បន្ត​ឈរលើ​ឡាវ​ក្រោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១០
25, Sep 2017 , 11:19 pm        
រូបភាព
ដោយ:
​កម្ពុជា​បន្ត​ឈរលើ​ឡាវ ក្រោយ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយប្រាក់​៥ និង​សំរឹទ្ធ​៥​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា Para Games លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ទោះបី​ឆ្នាំនេះ​កម្ពុជា​កើន​ចំនួន​មេដាយប្រាក់​ក៏ដោយ  តែ​កម្ពុជា​បាន​បាត់បង់​ចំនួន​មេដាយមាស​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​កាលពី​ឆ្នាំ​២០១៥​។ លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បានចាត់ទុក​ការ​របូត​មេដាយមាស​នៅ​ឆ្នាំនេះ​ជា​រឿង​គួរ​ឲ្យ​ខកចិត្ត និង​សោកស្តាយ​បំផុត​។



​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយប្រាក់​៥ និង​សំរឹទ្ធ​៥​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​(Para Games)​លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​កម្ពុជា​បន្ត​ឈរលើ​ឡាវ​ដែល​ទទួលបាន​មេដាយប្រាក់​៤ និង​សំរឹទ្ធ​៤​។ តែបើ​គិត​ជារួម កម្ពុជា​ទទួលបាន​លទ្ធ​ផល​មិនសូវ​ល្អ​នោះទេ ព្រោះ​ក្នុងចំណោម​១១​ប្រទេស​ចូលរួម​កម្ពុជា​ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​១០​តែប៉ុណ្ណោះ​។​



​ទោះបី​ថ្នាក់ដឹកនាំ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កបាន​អះអាង​ពី​ការកើនឡើង​នូវ​ចំនួន​មេដាយប្រាក់​នៅ​ឆ្នាំនេះ​ក៏ដោយ តែ​គេ​សង្កេតឃើញ​កម្ពុជា​បាន​បាត់បង់​មេដាយមាស​របស់ខ្លួន​ដែល​រកបាន​ដោយ​កីឡាករ បុ​ង ហុង កាលពី​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី ដោយ​កាលនោះ​កម្ពុជា​ដណ្តើម​មេ​ដាម​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​៦​។ ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​៩​លើ​ឡាវ​ដែល​ឈរ​លេខ​១០​ក្រោយ​ទទួលបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៣​។​

​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានចាត់ទុក​ការបាត់បង់​មេដាយមាស​នៅ​ឆ្នាំនេះ​ជា​រឿង​ខកចិត្ត និង​សោកស្តាយ​សម្រាប់​រូបលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាយ​បេសកកម្ម​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​រូបនេះ បានចាត់ទុក​ការទទួលបាន​មេដាយប្រាក់​៥ និង​សំរឹទ្ធ​៥​ជា​លទ្ធផល​ផ្ទុយ​ពី​ការរំពឹងទុក​របស់លោក ខណៈ​លោក​រំពឹង​ឈ្នះ​មេដាយមាស​២​នៅ​ឆ្នាំនេះ​។

​គួរ​បញ្ជាក់ថា មេដាយប្រាក់​ទាំង​៥​របស់​កម្ពុជា​រកបាន​ដោយ​កីឡាករ ហេង សាវឿន ១​លើ​វិ​ញ្ញា​ប្រណាំង​រទេះ​ចម្ងាយ​៨០០​ម៉ែត្រ​លើ​ប្រភេទ​ពិការ T54, កីឡាការិនី វ៉ិ​ត ចាន់ថា ១​លើ​វិញ្ញាសា​លោត​ចម្ងាយ​លើ​ប្រភេទ​ពិការ T44 មុន​កីឡាករ បុ​ង ហុង ចាប់ដៃគ្នា​ជាមួយ​កីឡាករ ជឹម ផាន​, ញ៉​ក់ គឹម​ហោ និង អ៊ុក សម្ផស្ស រកបាន​១​ទៀត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ​x៤, កីឡាករ ង៉ែត បូរ ១​លើ​វិញ្ញាសា​ហែល​ទឹក​សេរី​ចម្ងាយ​៥០​ម៉ែត្រ និង​១​ទៀត​ទទួលបាន​លើ​វិញ្ញាសា​បាល់ទះ​អង្គុយ​។​

​ចំណែក​មេដាយ​សំរឹទ្ធ​ទាំង​៥​រកបាន​លើ​វិញ្ញាសា​អត្តពលកម្ម​៤ និង​ហែល​ទឹក​១ ក្នុងនោះ​កីឡាករ វ៉ាន វុន រកបាន​១​លើ​វិញ្ញាសា​ប្រណាំង​រទេះ​ចម្ងាយ​១០០​ម៉ែត្រ​លើ​ប្រភេទ​ពិការ T54, កីឡាករ ជឹម ផាន ទទួលបាន​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ​, កីឡាករ ហេង សាវឿន រកបាន​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​, កីឡាការិនី វ៉ិ​ត ចាន់ថា រកបាន​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ និង​កីឡាករ យ៉ាវ វណ្ណៈ ទទួលបាន​១​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​២០០​ម៉ែត្រ​។



​គួរ​រំលឹក​ដែរ​ថា សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដែល​បានបញ្ចប់​ការប្រកួត​កាលពីពេល​ថ្មីៗ​មាន​អត្ត​ព​លិ​ក​១៤៨២​នាក់​មកពី​១១​ប្រទេស​ចូលរួម ដោយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​១២​ប្រភេទ​កីឡា​លើ​៣៥៩​វិញ្ញាសា​។ ចំណែក​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៧៥​នាក់​លើ​១០​ប្រភេទ​កីឡា​ឲ្យ​ចូលរួម ឯ​ឡាវ​បាន​បញ្ជូន​៥០​នាក់ ខណៈ​កាលពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៣០​នាក់ ចំណែក​ឡាវ​៤០​នាក់​ឲ្យ​ចូលរួម​៕     


Tag:
 Para games 2017
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com