អន្តរជាតិ
អ្នកនេសាទ​ជនជាតិ​វៀតណាម​២​នាក់​ស្លាប់ ពេល​រត់គេច​ពី​នាវា​ល្បាត​ហ្វីលីពីន​
26, Sep 2017 , 10:59 am        
រូបភាព
ដោយ:
​អ្នកនេសាទ​ជនជាតិ​វៀតណាម​២​នាក់​ស្លាប់ និង​៥​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន ក្រោយ​ពេលដែល​ទូក​នេសាទ​មួយគ្រឿង​ព្យាយាម​បើក​រត់ និង​បុក​ជាមួយ​នាវា​ល្បាត​ហ្វីលីពីន នៅ​ថ្ងៃ ២៥ ខែកញ្ញា​។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ពាក់ព័ន្ធ​ការស្លាប់​របស់​ជនជាតិ​វៀតណាម​នេះ ដើម្បី​បញ្ចៀស​បញ្ហា​ការទូត​ដែល​អាច​កើតឡើង​។



​នៅ​ថ្ងៃទី​២៥​ខែកញ្ញា អ្នកនេសាទ​វៀតណាម​២​នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ទូក​នេសាទ​វៀតណាម​មួយ ក្នុងចំណោម​ទូក​នេសាទ​ប្រាំ​៦​គ្រឿង បាន​បុក​ជាមួយ​នាវា​ល្បាត​ហ្វីលីពីន​។ ទូក​នេសាទ​ទាំង​៦​គ្រឿង​នេះ បាន​ចូល​នេសាទ​ខុសច្បាប់ ក្នុង​ដែនទឹក​ហ្វីលីពីន ជិត​ឆ្នេរ​ខាងជើង ក្រុង​Bolinao​។ ដូច្នេះហើយ ទើប​អាជ្ញាធរ​ហ្វីលីពីន​ដេញចាប់​បែបនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​របស់​មន្ត្រី​យោធា​លោក Jose Covarrubias ដូច្នេះ​ថា​៖«​ហ្វីលីពីន នឹង​ស្រាវជ្រាវ​ឲ្យ​ច្បាស់ ពី​មូល​ហេតុដែល​បណ្ដាល​ឲ្យ​អ្នកនេសាទ​វៀតណាម​ទាំង​២​រូបនេះ​ស្លាប់​។ ប៉ុន្តែ​សាកសព​ទាំង​២​នេះ ត្រូវបាន​គេ​រកឃើញ បន្ទាប់ពី​ទូក​នេសាទ​វៀតណាម បាន​បុក​ជាមួយ​កប៉ាល់​ហ្វីលីពីន​។ ចំណែកឯ​អ្នកនេសាទ​៥​នាក់​ផ្សេងទៀត នឹងត្រូវ​ផ្ដន្ទាទោស ពីបទ​លួច​ចូល​នេសាទ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​»​។​

​កាលពី​ឆ្នាំ ២០១៣ កង​ល្បាត​សមុទ្រ​ហ្វីលីពីន បានសម្លាប់​អ្នកនេសាទ​តៃវ៉ាន់​ម្នាក់ ដែល​ចូល​នេសាទ​ខុសច្បាប់ ក្នុង​ដែនទឹក​ហ្វីលីពីន ប​ន្តែ​វា​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ការទូត​កើតឡើង​។ ចុងក្រោយ​ហ្វីលីពីន សម្រេច​សុំទោស​តៃវ៉ាន់ រឿង​សម្លាប់​អ្នកនេសាទ​នេះ​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកនេសាទ​វៀតណាម តំណាង​ក្រសួងការបរទេស​ហ្វីលីពីន បាន​ប្រាប់​ទៅកាន់​ភាគី​វៀតណាម​រួចរាល់​ហើយ ពី​ការបន្ត​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់ និង​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការស្លាប់​នេះ​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Alan Peter Cayetano បានបង្ហាញ​ការសោកស្តាយ ចំពោះ​ការស្លាប់​នេះ និង​ប្តេជ្ញា​ស៊ើបអង្កេត​ករណីនេះ ពេល​លោក​ជួប​ជាមួយ​សម​ភាគី​វៀតណាម Pham Binh Minh នៅក្រៅ​អង្គសន្និបាត​អង្គការសហប្រជាជាតិ នៅ​ក្រុង​ញូវយ៉ក​។​

​គួរ​បញ្ជាក់ដែរថា អ្នកនេសាទ​បរទេស​ជា​ញឹកញាប់​ត្រូវបាន​ចាប់ខ្លួន ខណៈពេល​ចូលក្នុង​ដែនទឹក​ហ្វីលីពីន​ដោយ​ខុសច្បាប់​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៦ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជា​ឲ្យ​រំដោះ​អ្នកនេសាទ​វៀតណាម​១៧​នាក់ ដែល​ចូល​បាន​ដែនដី​ហ្វីលីពីន​ខុសច្បាប់​៕

Tag:
 វៀតណាម​
  Alan Peter Cayetano
 ​ ​ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com