អន្តរជាតិ
ប្រា​យុទ្ធ ទៅ​ជួប ត្រាំ នៅ​សេត​វិមាន​នៅ​សប្ដាហ៍​ក្រោយ​
26, Sep 2017 , 3:12 pm        
រូបភាព
​មេដឹកនាំ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ និង​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​ផងដែរ​។ ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​ធ្លាក់ចុះ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ជា​ប្រធានបទ​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់លោក ប្រា​យុទ្ធ នៅ​អាមេរិក បន្ទាប់​ទស្សនកិច្ច​លើកទីមួយ​កាលពី​ឆ្នាំ​២០១៦ ។​



​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹងធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​អាមេរិក ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែតុលា​។ បើតាម​ការប្រកាស​រប​ស់​សេត​វិមាន លោក ប្រា​យុទ្ធ នឹង​ជួបពិភាក្សា​តទល់​ជាមួយ​លោក ត្រាំ នៅ​ថ្ងៃទី​៣ ខែតុលា​លើ​ប្រធានបទ​សំខាន់​ជាច្រើន​ដើម្បី​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​។ ទស្សនកិច្ច​បី​ថ្ងៃនេះ​ធ្វើឡើង បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​ម្ដង​ដោយសារតែ​ការចរចា​មិនត្រូវ​គ្នា​លើ​របៀបវារៈ​កិច្ចប្រជុំ​។​

​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដែល​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា គឺជា​សញ្ញា​នៃ​ការវិលត្រឡប់​ទៅរក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ក្នុង​ចំណង​ការទូត​ថៃ និង​អាមេរិក បន្ទាប់ពី​ល្អក់កករ​ដោយសារ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ។ អាមេរិក​បាន​រិះគន់​របប​យោធា​ថៃ​ខ្លាំង ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​យោធា​ងាក​ចេញពី​អាមេរិក រួច​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន និង​រុស្ស៊ី​វិញ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ប្រធានបទ​នៃ​ជំនួប​រវាង​លោក ប្រា​យុទ្ធ និង​លោក ត្រាំ នឹង​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និង​ការវិនិយោគ​ជាដើម​។ បញ្ហា​ក្ដៅ​ក្នុង​តំបន់​ដូចជា​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​ទំនង​នឹងត្រូវ​បានលើកឡើង​ដែរ ព្រោះ​រដ្ឋបាល​លោក ត្រាំ កំពុង​ព្យាយាម​ប្រមែរ​ប្រមូល​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​នៅ​អាស៊ី​ក្នុង​ការបង្ខំ​ឲ្យ​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​។​

​កាលពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស រិច ធី​ល័​រ​សិន ក្នុង​ទីក្រុង​បាងកក​កាលពី​ខែសីហា អាមេរិក​ក៏​ស្នើ​ឲ្យ​ថៃ​ជួយ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ជាពិសេស​ជួយ​កាត់ផ្ដាច់​លំហូរ​ហិរញ្ញវត្ថុ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​។ នេះ​ក៏​ដោយសារតែ​អាមេរិក​ជឿថា ក្រុមហ៊ុន​កូរ៉េខាងជើង​ជាច្រើន​បើក​ភោជនីយដ្ឋាន​នៅលើ​ទឹកដី​ថៃ ហើយ​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ក្រុង​បាកក​បិទ​ជំនួញ​ទាំងនោះ​ចោល ប៉ុន្តែ​ខាង​ក្រុង​បាងកក​ក៏​ឆ្លើយ​វិញ​ថា ការរកស៊ី​រវាង​ថៃ និង​កូរ៉េខាងជើង​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​នាពេល​កន្លងមក​។​

​ទស្សនកិច្ច​ពេលនេះ នឹងធ្វើ​ឲ្យ​លោក ប្រា​យុទ្ធ ក្លាយជា​មេដឹកនាំ​រដ្ឋ​សមាជិក​អាស៊ាន​ទី​បី ដែល​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក​ដល់​សេត​វិមាន​។ កាលពី​ថ្ងៃទី​៣១ ខែឧសភា នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ភួ​ក បាន​ជួប​ជាមួយ​លោក ត្រាំ ហើយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏​ជួប​តទល់​ជាមួយ​លោក ត្រាំ ផងដែរ​៕   


Tag:
 ថៃ​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com