ជាតិ
សិលាចារឹក​៖ ពាក្យ​បណ្តាសា​សម័យ​ដើម ច្រើន​ទាញ​ភ្ជាប់​ដល់​ញាតិសន្តាន​
26, Sep 2017 , 4:55 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត កញ្ញា ឆោម គ​ន្ធា ត្រូវបាន​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា អញ្ជើញ​ឲ្យ​ធ្វើ​បទ​បង្ហាញ​មួយ​ស្តីពី «​ការសិក្សា​ពី​ការដាក់​បណ្តាសា និង​ការ​ជូនពរ​» ដែលជា​ការសិក្សា​ស្រាវជ្រាវ​របស់លោក​ស្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បណ្ឌិត​ផ្នែក​ភាសាសំស្ក្រឹត​រូបនេះ ពន្យល់ថា​មាន​សិលាចារឹក​ខ្មែរ​បុរាណ​ជាច្រើន បាន​សរសេរ​អំពី​ការដាក់​បណ្តាសា​ជាមុន បន្ទាប់មក ទើប​ធ្វើការ​ជូនពរ​តាម​ក្រោយ​។​



«​អ្នក​លួច​តង្វាយ ឬ​មិន​គោរព​ទី​សក្ការបូជា​… ត្រូវបាន​សិលាចារឹក​សរសេរ​ដាក់​បណ្តាសា ដូចជា ឲ្យ​ធ្លាក់​នរក​ទាំង​៧​សន្ដាន​ទាល់តែ​ព្រះអាទិត្យ​ព្រះ​ច័ន្ទ​លែង​រះ​។ ប៉ុន្តែ បើ​មាន​ការគោរព​តង្វាយ និង​ទី​សក្ការបូជា សិលាចារឹក​ច្រើនតែ​ជូនពរ​ឲ្យ​ឡើងឋានសួគ៌​ទាល់តែ​ព្រះអាទិត្យ​ព្រះ​ច័ន្ទ​លែង​រះ​…»​។ នេះ​ជា​ប្រសាសន៍​របស់​កញ្ញា​បណ្ឌិត ឆោម គ​ន្ធា នៅក្នុង​បទ​បង្ហាញ​របស់ខ្លួន ដោយបាន​បកប្រែ​ពី​ភាសា​សំ​ស្ត្រឹ​ត​ប្រាប់​ដល់​សិក្ខាកាម ដែល​សុទ្ធសឹង​ជា​កវី បណ្ឌិត អ្នកសិក្សា​ស្រាវជ្រាវ  និង​និស្សិត​ជាដើម​។​

​មាន​សិលាចារឹក​ជាង​៩០០ ដែល​កញ្ញា​បាន​សិក្សា​ស្រាវជ្រាវ ហើយ​ក្នុងនោះ​១​ភាគ​៣​នៃ​សិលាចារឹក​ទាំងនេះ បាន​កត់ត្រា​ជា​ភាសាសំស្ក្រឹត និង​សិលាចារឹក​ជាច្រើន​បាន​សរសេរ​ដាក់​បណ្តាសា​ច្រើនជាង​សរសេរ​ពាក្យ​ជូនពរ​។      

​កញ្ញា ឆោម គ​ន្ធា ពន្យល់ថា​សិលាចារឹក​មុន​សតវត្សរ៍​ទី​១០ ភាគច្រើន​ត្រូវបាន​សរសេរ​ជា​ភាសាសំស្ក្រឹត ខណៈ​សិលាចារឹក​ក្រោយ​សតវត្សរ៍​ទី​១០ ត្រូវបាន​សរសេរ​ជា​ភាសា​ខ្មែរ​។ ទន្ទឹមគ្នានេះ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកជំនាញ​សិលាចារឹក​ដដែល សិលាចារឹក​មួយចំនួន បាន​សរសេរ​ជា​ពីរ​ភាសា គឺ​សំស្ក្រឹត និង​ភាសា​ខ្មែរ ដោយមាន​ន័យ តែមួយ​។​

​កញ្ញា​បណ្ឌិត​បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​ពលរដ្ឋ​ខ្មែ​សម័យបុរាណ បាន​ប្រើប្រាស់​ភាសាសំស្ក្រឹត​ដើម្បី​សរសេរ​ដាក់​បណ្តាសា និង​ជូនពរ ព្រោះ ភាសាសំស្ក្រឹត​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភាសា​អ្នកប្រាជ្ញ និង​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​»​។ កញ្ញា​បន្តថា​៖«​មនុស្ស​ខ្មែរ​សម័យ​ដើម ក៏​ចូល​សរសេរ​សរសើរ ឬ​ដាក់​បណ្តាសា​មិន​ត្រឹមតែ​បុគ្គល​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​ពួកគេ​ថែមទាំង​សរសេរ​ដោយ​ភ្ជាប់​សាច់ញាតិ​ជាមួយ​បុគ្គល​នោះ​ផងដែរ​»​។  

​ភាសាសំស្ក្រឹត​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅ​សម័យបុរាណ​នៅ​បណ្តា​ប្រទេស​មួយចំនួន  ដូចជា ឥណ្ឌា ចម្ប៉ា ជ្វា និង​ប្រទេស​នៅ​តំបន់​អាស៊ី​មួយចំនួនទៀត​។ នេះ​បើតាម​សាស្ត្រាចារ្យ ឆោម គ​ន្ធា ដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមថា ភាសាសំស្ក្រឹត​នៅ​ប្រទេស​ខ្មែរ បានទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​សម័យបុរាណ​៕                        


Tag:
 ឆោម គ​ន្ធា​
  សំស្ក្រឹត
© រក្សាសិទ្ធិដោយ thmeythmey.com