ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល និង​អង្គការ​នានា ជួយ​គាំទ្រ​ក្រុម​សន្សំ​ប្រាក់​តាម​បណ្ដា​ខេត្ត​
26, Sep 2017 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការក្រៅរដ្ឋាភិបាល​នានា បានបង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​ក្នុង​ការជួយ​គាំទ្រ​ដល់​សហគមន៍​សន្សំ​ប្រាក់​នៅតាម​បណ្ដា​ខេត្ត​នានា ដើម្បី​ឲ្យ​ពលរដ្ឋ ពិសេស​កសិករ​មាន​ប្រភព​ទុន​មួយ​ផ្សេងទៀត​យកទៅ​បង្វិល​ក្នុង​មុខរបរ​របស់ខ្លួន​។



​ក្រុម​សន្សំ​ប្រាក់​ជា​ប្រភេទ​ឥណទាន​ក្រៅ​ប្រព័ន្ធ​មួយ​ប្រភេទ ដែល​សមាជិក​ក្រុម ឬ​បណ្ដាញ គឺជា​អ្នក​ដាក់​ប្រាក់​សន្សំ​ក្នុង​មូលនិធិ​មួយ​ដើម្បី​បានការ​ប្រាក់ និង​អាច​ខ្ចីប្រាក់​ដោយ​បង់​ការប្រាក់ ។ ទម្រង់​បែបនេះ ត្រូវបាន​អនុវត្ត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បើទោះបី​ទម្រង់​នេះ​មានឈ្មោះ​ផ្សេងៗ​គ្នា ដូចជា ឥណទាន​សហគមន៍ មូលនិធិ​ភូមិ ក្រុម​ជួយ​ខ្លួនឯង សមាគមន៍​សន្សំ​ប្រាក់ ក្រុម​សន្សំ​ប្រាក់​ជាដើម ក៏ដោយ​។

​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការ OXFAM នៅ​ថ្ងៃទី​២៦​ខែកញ្ញា បានរៀបចំ​សន្និសីទ​ជាតិ​ស្ដីពី​សហគមន៍​សន្សំ​ប្រាក់ ដើម្បី​រៀបចំ​យន្តការ​គាំទ្រ​ក្រុម​សន្សំ​ប្រាក់​ឲ្យ​មាន​និរន្តរភាព និង​ជំរុញ​ឲ្យ​ក្រុម​ទាំងនោះ​ចេះ​យក​ប្រភព​ហិរញ្ញវត្ថុ​មួយ​នេះ​ទៅ​វិនិយោគ​។ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ការរៀបចំ​សន្និសីទ​ថ្នាក់ជាតិ​នៅថ្ងៃនេះ គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់ និង​បន្ទាន់​សម្រាប់​យើងទាំងអស់គ្នា​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ម៉ត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឲ្យ​សហគមន៍​សន្សំ​ប្រាក់​នេះ​ទទួលបាន​នូវ​វឌ្ឍនភាព និង​ចីរភាព​»​។​

​បើតាម​លោក អ៊ុក រ៉ាប៊ុន គិត​ត្រឹម​ដើមឆ្នាំ​២០១៦ មូលនិធិ​របស់​សហគម​ន៍​សន្សំ​ប្រាក់​សរុប​មាន​ចំនួន​រហូតដល់ ៤៦៣១២ លាន​រៀល (​ប្រហែល​១១,៤​លាន​ដុល្លារ​) ដែលមាន ១២៤៧៥ ក្រុម និង​មាន​ពលរដ្ឋ​ជា​សមាជិក​ចំនួន​ជាង ២២​ម៉ឺន​នាក់​។

​អង្គការក្រៅរដ្ឋាភិបាល បាន​ជួយ​គាំទ្រ​ក្រុម​សន្សំ​ប្រាក់​ទាំងនេះ តាមរយៈ​ការ​ជំនួយ​បច្ចេកទេស ការជួយ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង ការបណ្ដុះបណ្ដាល​អំពី​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុម​ទាំងនោះ​អាច​ដំណើរការ​មូលនិធិ​រប​ស់​ខ្លួន​បាន​។​

​បើតាម​លោកស្រី លឹម សូ​លីន នាយិកា​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មកទល់ពេលនេះ ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ​ជាង ១០០​ស្ថាប័ន​បានធ្វើ​សកម្មភាព​គាំទ្រ​សហគមន៍​សន្សំ​ប្រាក់​។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អង្គការ​តែ​ជាង ១០​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើ​សកម្មភាព​នេះ​។​

​អង្គការ OXFAM ជា​អ្នកគាំទ្រ​ធំ​មួយ​ដល់​សហគមន៍​សន្សំ​ប្រាក់​។ គិត​ចាប់ពី​ឆ្នាំ​២០០៥ OXFAM ដោយ​សហការ​ជាមួយ​អង្គការ​ផ្សេងទៀត​ជាង ៤០​ស្ថាប័ន​បាន​ជួយ​ចងក្រង​ក្រុម​សន្សំ​ប្រាក់​ដែលមាន​សមាជិក​ជាង​១៤​ម៉ឺន​នាក់ លើទឹក​ប្រាក់​សន្សំ​ប្រមាណ ៥​លាន​ដុល្លារ​។

​ប៉ុន្តែ​មិនមែន​ក្រុម​សន្សំ​ទាំងនោះ អាច​រក្សា​និរន្តរភាព​របស់ខ្លួន​បាន​ទាំងអស់​នោះឡើយ​។ លោកស្រី លឹម សូ​លីន បញ្ជាក់ថា ក្រុម​សន្សំ​ដែល​ស្ថិតក្រោម​គម្រោង​គាំទ្រ​របស់ OXFAM គឺមាន​ចំនួន ៦៦​ភាគរយ​ដែល​នៅ​បន្តសកម្មភាព ក្រោយ​បញ្ចប់​គម្រោង​គាំទ្រ​ពី​អង្គការ​របស់ខ្លួន​។ ចំពោះ​ការបរាជ័យ​នៃ​ក្រុម​សន្សំ​ប្រាក់​ដែលមាន​ចំនួន ៤៤​ភាគរយ ត្រូវបាន​លោកស្រី លឹម សូ​លីន បញ្ជាក់ថា​ព្រោះ​សមាជិក​ក្រុម​ទាំងនោះ​បានធ្វើ​ចំណាកស្រុក និង​កត្តា​អត់​ការងារ​ធ្វើ​។​

​លោកស្រី​បន្ថែមថា ការដាក់​ប្រាក់​សន្សំ គឺមាន​ចំនួន​ចាប់ពី ៥០០​រៀល​ក្នុង​មួយខែ​ឡើងទៅ​។ លោកស្រី​ថា ក្រុមខ្លះ​ឈានដល់​បូកសរុប​ប្រាក់​សន្សំ​បាន​រហូតដល់ ៣០​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​រយៈពេល​សន្សំ​រាប់​ឆ្នាំ ដែល​អាច​ឲ្យ​សមាជិក​ខ្ចី​ក្នុង​ចំនួន​រាប់ពាន់​ដុល្លារ​។ លោកស្រី​បញ្ជាក់ថា សន្និសីទ​ខាងលើនេះ​ក៏​ផ្ដោតលើ​ការគិតគូរ​រៀបចំ​វិធាន​ច្បាប់​ដើម្បី​ការពារ​ក្រុម​អ្នក​សន្សំ​ធំៗ​ទាំងនោះ​ផងដែរ​៕

Tag:
 ក្រុម​សន្សំ​ប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com