អន្តរជាតិ
ក្រោយ​កូរ៉េខាងជើង​ថា​អាមេរិក​ប្រកាសសង្គ្រាម ចិន​ដាស់តឿន​ថា សង្គ្រាម​ឧបទ្វីប​កូរ៉េ​គ្មាន​អ្នកឈ្នះ​ទេ​
26, Sep 2017 , 9:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព៖ Xinhua)
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព៖ Xinhua)
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន​ដាស់តឿន​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ពី​គ្រោះថ្នាក់​បណ្ដាលមកពី​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​នេះ​។ ការ​ដាស់តឿន​នេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​សង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​រួចមក​។ ចិន​ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំង​រក្សា​ការអត់ធ្មត់​កម្រិត​ខ្ពស់ រំសាយកំហឹង និង​ងាក​រក​ផ្លូវ​ចរចា​ឡើងវិញ​។



​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ពុះកញ្ជ្រោល​ដល់​ចំណុច​គួរ​ឲ្យ​បារម្ភ បន្ទាប់ពី​កូរ៉េខាងជើង​ចោទ​អាមេរិក​ថា បានប្រកាស​សង្គ្រាម​ប្រឆាំង​ខ្លួន​។ កូរ៉េខាងជើង​បាន​លើកយក​សម្ដី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​គំរាម​កម្ទេច​កូរ៉េខាងជើង ដើម្បី​ចោទ​អាមេរិក និង​បាន​យក​មូល​ហេតុនេះ​ដើម្បី​គំរាម​អាមេរិក​វិញ​ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​សកម្ម​ភាព​របស់​អាមេរិក​ដូចជា​ការបាញ់​ទម្លាក់​យន្តហោះ​អាមេរិក​ជាដើម​។​

​ចិន ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការឆ្លើយ​ឆ្លង​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង ហើយ​ក៏បាន​ប្រាប់​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ឈប់​បង្ករឿង​ដាក់គ្នា​ទៅវិញទៅមក​។ ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២៦ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang បាន​ផ្ញើ​សារ​រំឭក​អាមេរិក និង​កូរ៉េខាងជើង​ថា សង្គ្រាម​ដែល​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ នឹង​មិនមាន​អ្នកណា​ឈ្នះ​ឡើយ​។

​បើតាម​អ្នកនាំពាក្យ​ដដែល​នេះ ក្រុង​ប៉េកាំង​ក៏​សង្ឃឹមថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​អាច​ចៀសវាង​ការប្រើប្រាស់​អាវុធ​ដើម្បី​បញ្ចប់​បញ្ហា ព្រោះ​ជម្រើស​យោធា​មិនមែនជា​ច្រកចេញ​ល្អ​ឡើយ​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ចិន​ព្រមាន​ពី​ផលវិបាក​ដែល​កើតចេញពី​សង្គ្រាម​រវាង​អាមេរិក និង​កូរ៉េខាងជើង ដ្បិត​ប្រទេស​ទាំងពីរ​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​យ៉ាងច្រើន​ក្នុង​មួយប៉ប្រិចភ្នែក​។​

​កាលពី​សប្ដាហ៍​មុន រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក៏បាន​ដាស់តឿន​ក្រុង​ព្យុងយ៉ាង​ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ​សកម្មភាព​របស់ខ្លួន​។ ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក វ៉ាង យី បាន​ប្រាប់​កូរ៉េខាងជើង​កុំ​ដើរ​ហួស​ពី​ដែន​កំណត់ និង​បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក គោរព​កិច្ចប្រឹងប្រែង​របស់ខ្លួន​នៅក្នុង​តំបន់​ផងដែរ​។ ចិន​ក៏​នៅតែ​ប្រកាន់​ជំហរ​យក​ការចរចា ដែលជា​មធ្យោបាយ​ដ៏​សក្តិសម​បំផុត​នៅក្នុង​ការដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ​។​

​ក្រុង​ប៉េកាំង ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាមួយ​គេ​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ទំនងជា​មិន​ពេញចិត្ត​ទង្វើ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​កាន់តែខ្លាំង ស្របពេល​ដែល​របប​នេះ​បញ្ចេញ​សកម្មភាព​គឃ្លើន​ម្ដង​ហើយ​ម្ដងទៀត​។ ឯ​រដ្ឋបាល​លោក ត្រាំ វិញ ក៏​នៅតែ​បន្ត​ទទូច​ឲ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយ​ក្ល​អ៊ែរ​ចោល រួច​ងាក​ចូល​តុ​ចរចា​ឡើងវិញ​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com