កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ ជំនួបរវាងកូរ៉េខាងជើង និងម៉ាឡេស៊ី ពន្យាពេលលើកទី៣
× ការប្រកួតវគ្គជម្រុះជុំទី៣ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០១៩ រវាងកូរ៉េខាងជើង ជាមួយម៉ាឡេស៊ីត្រូវបានពន្យាពេលជាលើកទី៣ បន្ទាប់ពី ម៉ាឡេស៊ីបានដាក់បម្រាមលើការធ្វើដំណើរទៅកាន់កូរ៉េខាងជើងដោយសារព្រួយបារម្ភពីភាពតានតឹងនៃវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
បើតាមគេហទំព័រផ្លូវការរបស់ AFC ដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានសម្រេចពន្យារពេលការប្រកួតរវាងកូរ៉េខាងជើងនិងម៉ាឡេស៊ីនៃព្រឹត្តិការណ៍ AFC Asian Cup 2019 ជុំផ្តាច់ព្រ័ត្រពូល B ដែលបានគ្រោងជួបគ្នានៅក្នុងទីក្រុងព្យុងយ៉ាងនាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។
មូលហេតុនៃការសម្រេចលើកពេលនេះ ដោយសារភាពតានតឹងខាងនយោបាយនៅឧបទ្វីបកូរ៉េកំពុងតែឡើងកំដៅខ្លាំង។ មួយវិញទៀត សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ក៏បានសម្តែងការមិនពេញចិត្ត និងបានប្តឹងទៅនឹងការសម្រេចរបស់ AFC ដែលធ្លាប់បានសម្រេចលើកទី១ឲ្យក្រុមទាំងពីរធ្វើការប្រកួតវគ្គជម្រុះនេះ តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានីព្យូងយ៉ាងមកម្លេះ។
នេះជាលើកទី៣ហើយដែល AFC បានសម្រេចលើកពេលប្រកួតរវាងក្រុមម៉ាឡេស៊ី និងកូរ៉េខាងជើង។ តាមពិតទៅក្រុមទាំងពីរត្រូវប្រកួតគ្នាក្នុងវគ្គជម្រុះនេះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។ ប៉ុន្តែដោយសារព្រួយបារម្ភអំពីសុន្តិសុខរបស់កីឡាករខ្លួន FAM លើកឡើងថាការប្រកួតរវាងក្រុមទាំងពីរគួរធ្វើឡើងនៅក្នុងទឹកដីកណ្តាលល្អជាជាងធ្វើក្នុងរដ្ឋធានីព្យុងយ៉ាង។
ការព្រួយបារម្ភរបស់ FAM នេះដោយសារកន្លងមកម៉ាឡេស៊ីធ្លាប់មានបញ្ហាការទូតជាមួយកូរ៉េខាងជើងជុំវិញករណីឃាតកម្មលើលោកគីម ជុងណាម បងប្រុសម្តាយទីទៃលោក គីម ជុងអ៊ុន។
ជុំវិញឃាតកម្មលើលោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈកន្លងទៅ បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសទាំងពីរ ដោយមានការហាមប្រាមប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចាកចេញពីប្រទេស ហើយថែមទាំងមានការដកឯកអគ្គរដ្ឋទូតចេញរៀងៗខ្លួនទៀតផង។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី៣នេះ ដើម្បីបានកៅអីសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួមអេមីរ៉េត។ ការប្រកួតក្នុងវគ្គជម្រុះនេះចែកចេញជា៦ពូល ក្នុងមួយពូលមាន៤ក្រុម ដោយកូរ៉េខាងជើង និងម៉ាឡេស៊ីស្ថិននៅពូលB ត្រូវជួប លីបង់ និងហុងកុង៕
Tag:
បាល់ទាត់
AFC Asian Cup
AFC
កូរ៉េខាងជើង
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com