កីឡាអន្តរជាតិ
អន្តរជាតិ
បើ Catalonia បាន​ឯករាជ្យ Barcelona អាច​ចេញពី La Liga ទៅ Serie A ឬ EPL
03, Oct 2017 , 7:39 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន-Reuters
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន-Reuters
​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែតុលា ថា​ក្រុម និង​សមាជិក​របស់លោក​នឹងត្រូវ​សម្រេចចិត្តថា​តើ​ក្របខណ្ឌ​បាល់ទាត់​មួយណា​ដែល​នឹងត្រូវ​លេង​ក្នុងករណី​ដែល​តំបន់​ស្វយ័ត Catalonia ទទួលបាន​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។



​លោក Bartomeu បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ថា​៖«​ក្នុងករណី Catalonia ទទួលបាន​ឯករាជ្យភាព ក្លិប​និង​សមាជិក​ត្រូវ​សម្រេច​ថា​តើ​លី​កនៅ​ក្នុងប្រទេស​ណា​ដែល Barcelona នឹងត្រូវ​ចូលរួម​។ យើង​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក និង​ស្មុគស្មាញ ហើ​យើង​នៅតែ​គោរព​នូវ​អ្វីដែល​អាច​កើតមានឡើង​នាពេល​អនាគត​»​។​
​ចំណែក​លោក Gerard Figueras រដ្ឋមន្ត្រី​កីឡា​របស់ Catalonia ក៏បាន​លើកឡើង​ជុំវិញ​ករណីនេះ​កាលពី​សប្តាហ៍​មុន​ដែរ​ថា​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ អាច​នឹង​លេង​នៅ​លី​ក​ក្នុង​ប្រទេសមួយ​ផ្សេងទៀត​ប្រសិនបើ​តំបន់​នេះ​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ក្លិប​ពីរ​ផ្សេងទៀត​ក្រៅពី Barcelona រួមមាន Espanyol និង Girona ក៏​នឹងត្រូវ​សម្រេចចិត្តថា​ត្រូវ​បន្ត​នៅ​លី​ក​អេ​ស្ប៉ា​ញ ឬ​ចាកចេញ ប្រសិនបើ​តំបន់​នេះ​ទទួលបាន​ឯករាជ្យ​មែន​នោះ​។ លី​ក​ដែល​ពួកគេ​អាច​នឹង​ទៅ​ចូល​បាន​គឺ​នៅ​ប្រទេសជិតខាង​ដូចជា អ៊ីតាលី​(Serie A) បារាំង​(Ligue 1) និង អង់គ្លេស (Premier League)​។​


                    ប្រធានក្លិប Barcelona លោក Josep Maria Bartomeu

​សូមបញ្ជាក់ថា ក្រុម Barcelona ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់ Catalonia បានធ្វើការ​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​នា​កីឡដ្ឋាន Nou Camp ដែល​យកឈ្នះ Las Palmas ៣-០ ក្នុង​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃទី​១ ខែតុលា​កន្លងទៅនេះ​។​

​មូលហេតុ​ដែល​គ្នាន​អ្នកគាំទ្រ​ចូល​ទស្សនា គឺ​ដើម្បី​បញ្ជៀ​ស​អំពើហិង្សា​របស់​ប៉ូលីស​មកលើ​ក្រុម​អ្នកប្រឆាំង​ទៅនឹង​ការបោះឆ្នោត​នៅក្នុង​ការធ្វើប្រជាមតិ​ទាមទារ​ឯករាជ្យ​របស់​តំបន់​ស្វយ័ត Catalonia ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ជុំវិញ​ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ មាន​មនុស្ស​ច្រើនជាង ៨៥០​នាក់ បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​ប្រជាជន ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត​បានប្រកាសថា​ជា​ទង្វើ​ខុសច្បាប់​៕


Tag:
 បាល់ទាត់​
  Barcelona
  Catalonia
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com