កីឡាអន្តរជាតិ
អន្តរជាតិ
Nadal គ្រាំគ្រា​ចិត្ត​ដោយសារ​បញ្ហា​ប្រជាមតិ​បំបែក​រដ្ឋ​នៅ Catalonia
04, Oct 2017 , 11:09 am        
រូបភាព
​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក Rafael Nadal មានការ​ភ្ញាក់ផ្អើល​និង​មាន​អារម្មណ៍​ស្រងូតស្រងាត់​បន្ទាប់ពី​មាន​ការធ្វើប្រជាមតិ​ឯករាជ្យ​មួយ​ដែល​ត្រូវបាន​ហាមឃាត់ និង​ការបង្ក្រាប​ពី​សំណាក់​ក្រុមប៉ូលិស​នៅក្នុង​តំបន់​ស្វយ័ត Catalonia​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler​។​



​កាលពី​ថ្ងៃ​១ ខែតុលា​កន្លងទៅ​មានការ​បង្ក្រាប​លើ​ប្រជាជន​ដែល​ព្យាយាម​ទៅ​បោះឆ្នោត​ទាមទារ​ឯករាជ្យ​តំបន់ Catalonia ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​បង្ក​ឲ្យ​មនុស្ស​ច្រើនជាង​៨៥០​នាក់​រងរបួស​ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមប៉ូលិស​។​

Nadal ដែលជា​ប្រជាជន​អេ​ស្ប៉ា​ញ​ម្នាក់ ហើយ​ធ្លាប់​និយាយ​ថ្កោលទោស​ការធ្វើប្រជាមតិ​នៅ Catalonia ពីមុនមក​នោះ បាន​ថ្លែងប្រាប់​អ្នកកាសែត​ដោយ​ទឹកភ្នែក និង​អារម្មណ៍​ក្រៀមក្រំ​អំពី​បញ្ហា​កើតឡើង​ខាងលើ​នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង ជាទី​ដែល​រូបគេ​ចាប់ផ្តើម​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី China Open នៅ​ថ្ងៃទី​៣ ខែតុលា​នេះ​។​

​វីរបុរស​វាយ​កូន​បាល់ វ័យ​៣១​ឆ្នាំ ដែល​បាន​ធំធាត់​និង​រស់​នៅលើ​កោះ Balearic ក្រុង Mallorca ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​ក៏​ជា​អ្នក​និយាយ​ភាសា Catalonia ផងដែរ​នោះ និយាយថា​ខ្លួន​បាន​មើល​ព្រឹ​ត្ដិ​ការណ៍​កាលពី​ចុង​សប្តាហ៍​ដែល​បានបង្ហាញ​ពី "​ការព្រួយបារម្ភ​និង​ភាព​ក្រៀមក្រំ​បំផុត​"​។​

«​ខ្ញុំ​ចង់​យំ​នៅពេល​ខ្ញុំ​ឃើញ​ប្រទេសមួយ​ដែល​យើង​ដឹង​ពី​របៀប​រស់នៅ​ជាមួយគ្នា​ហើយ និង​ធ្វើជា​គំរូ​ល្អ​ដល់​ពិភពលោក បែ​ជា​ធ្លាក់​ក្នុងស្ថានភាព​បែបនេះ​»​។ នេះ​ជាស​ម្តី​របស់ Nadal​។​
​ម្ចាស់​ជើងឯក Grand Slam ១៦​សម័យ​បាន​បន្ថែមថា នេះ​ជា​ពេលវេលា​ដ៏​សែន​ក្រៀម​ក្រំចិត្ត​បំផុត​សម្រាប់​រូបគេ​រាល់ថ្ងៃនេះ​៕


Tag:
 វាយ​កូន​បាល់​
  Rafael Nadal
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com