កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ដាក់​តម្លៃ ២៣៤​លាន​ដុល្លារ ដើម្បី​យក Kane ពី Spurs
05, Oct 2017 , 7:19 pm        
រូបភាព
​ក្លិប Real Madrid កំពុង​ពិចារណា​ទិញយក​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Harry Kane ពី Tottenham Hotspure ក្នុងតម្លៃ ១៧៧​លាន​ផោន ប្រហែល​ជាង​២៣៤​លាន​ដុល្លារ​នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​អេ​ស្ប៉ា​ញ Don Balon​។​



​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​ស្វែងរក​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ជំនួស​តំណែង Karim Benzema ដែល​បច្ចុប្បន្នកំពុង​ញាំញី​ដោយសារ​របួស​។ ទីបំ​ផុត​លោក​ប្រធាន​ក្លិប​សញ្ជាតិ​អេ​ស្ប៉ា​ញរូបនេះ ​បាន​សម្លឹង​ឃើញ​កំពូល​ខ្សែប្រយុទ្ធ Kane ដើម្បី​យកមក​កាន់​ទឹកដី Bernabeu​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ អាច​រកបាន​១១​គ្រាប់​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ឲ្យ Spurs និង​ធ្វើបាន Hat-trick នៅ​ក្របខណ្ឌ Champions League ទៀតផង ហើយ​រំពឹងថា​នឹង​អាច​ឈ្នះ​ស្បែកជើង​មាស​នៅ Premier League ៣​រដូវ​កាល​ជាប់​គ្នា​ផងដែរ​។​



​ចាប់តាំងពី​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ ២០១៦ តារា​ឆ្នើម​ដែល​ធំធាត់​នៅ​ទីក្រុង​ឡុង​ដ៍​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​មិនគួរ​ឲ្យ​ជឿ​រហូតដល់​៤៤​គ្រាប់ ច្រើ​ង​ជាង​ខ្សែប្រយុទ្ធ Sergio Aguero របស់ Manchester City ៨​គ្រាប់​ឯណោះ​។​

​ការបង្ហាញ​ខ្លួន​បាន​យ៉ាង​ល្អ​របស់ Kane ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​នេះហើយ​ទើប​ធ្វើ​ឲ្យ​ក្រុមរ​ហស្ស​នាម​អធិរាជ​ស​ចាប់អារម្មណ៍​ខ្លាំង ដោយ​គ្រោង​ចំណាយលុយ​ច្រើន​កប់​ពពក​ដើម្បី​នាំ​រូបគេ​ទៅលេង​នៅ​ក្របខណ្ឌ La Liga រដូវ​កាល​ក្រោយ​។​

​តែ​យ៉ាងណាក៏ដោយ​ជុំវិញ​ការចង់បាន​របស់​ក្រុម​មកពី​អេ​ស្ប៉ា​ញ​នេះ ខាង​ភាគី Tottenham ថា​មិន​មានបំណង​ចង់​លក់​កីឡាករ​ឆ្នើម​របស់​ពួកគេ​មុនពេល​ផ្លាស់​ទី​ទៅកាន់​កីឡដ្ឋាន​ថ្មី​នោះទេ ហើយ​លោក​ប្រធាន​ក្លិប Daniel Levy ទំនងជា​ដាក់​តម្លៃ​ខ្ពស់​ជាងនេះទៅទៀត ប្រហែល​ការផ្ទេរ​របស់ Neymar ពី Barcelona ទៅ Paris Saint-Germain ក្នុងតម្លៃ​១៩៨​លាន​ផោន ប្រមាណ ២៦២​លាន​ដុល្លារ​៕


Tag:
 បាល់ទាត់​
  Real Madrid
  Spurs
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com