ជាតិ
ក្រសួង​ព័ត៌មាន ឈប់​ផ្ដល់​ប័ណ្ណ​កាសែត ដល់​បុគ្គលិក​RFA និង Cambodia Daily តែ​ផ្ដល់ឱកាស​ឲ្យ​ធ្វើ​Freelancer
05, Oct 2017 , 9:59 pm        
រូបភាព
រូបលោក អ៊ុក គឹមសេង អនុរដ្ឋលេខាក្រសួងព័ត៌មាន ដែលបានផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន កាលពីខែកញ្ញា ឆ្នាំ២០១៧
រូបលោក អ៊ុក គឹមសេង អនុរដ្ឋលេខាក្រសួងព័ត៌មាន ដែលបានផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន កាលពីខែកញ្ញា ឆ្នាំ២០១៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ប្រកាស​ឈប់​ផ្ដល់​ប័ណ្ណ​កាសែត ដល់​បុគ្គលិក​វិទ្យុ​អាស៊ីសេរី និង​កាសែត The Cambodia Daily ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន​នេះ​ទៀតហើយ​។ ប៉ុន្តែ​ក្រសួង​នៅ​បើកផ្លូវ​ឲ្យ​បុគ្គលិក​ស្ថាប័ន​ទាំងពីរ​នេះ មានឱកាស​បំពេញការងារ​ជា Freelancer និង Stringer នៅក្នុង​ប្រទេស​កម្ពុជា​។​



​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​៥ តុលា ក្រសួង​ព័ត៌មាន បានបញ្ជាក់​មូលហេតុ​ដែល​មិន​ផ្ដល់​ប័ណ្ណ​កាសែត​ដល់​ពួកគេ​នេះ ដោយសារតែ​ស្ថាប័ន​ទាំងពីរ មិនមាន​ការិយាល័យ​ត្រឹមត្រូវ​ក្នុងប្រទេស​កម្ពុជា ក្រោយពី​ប្រកា​សបិទ​ទីស្នាក់ការ​ព័ត៌មាន​របស់​ពួកគេ កាលពីពេល​ថ្មីៗ​កន្លងមក​។ ប៉ុន្តែ​យ៉ាងណា​ក្រសួង​ព័ត៌មាន មិន​រាំងខ្ទប់​ការយក​ព័ត៌មាន​របស់​បុគ្គលិក​វិទ្យុ​អាស៊ីសេរី និង​កាសែត The Cambodia Daily​នោះឡើយ​។ ក្រសួង​នៅតែ​បើកផ្លូវ​ឲ្យ​បុគ្គលិក​ស្ថាប័ន​ទាំងពីរ​នេះ អាច​ចុះ​យក​ព័ត៌មាន​បាន ដរាបណា​ពួកគេ​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​។​

​ត្រង់ចំណុច​នេះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង បាន​និយាយថា បុគ្គលិក​វិទ្យុ​អាស៊ីសេរី និង​កាសែត The Cambodia Daily មានឱកាស​បំពេញការងារ​ជា​Freelancer និង Stringer បាន ប្រសិនបើ​ស្ថាប័ន​ពួកគេ​ចង់​បន្ត​ជួល​បុគ្គលិក​យក​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក គឹម​សេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ពួកគេ​ចង់​ជួល​បុគ្គលិក​យក​ព័ត៌មាន​នៅ​កម្ពុជា ពួកគេ​អាចមក​ជួប​ផ្ទាល់​ជាមួយ​ក្រសួង ប៉ុន្តែ​មិនអាច​សរសេរ​ត្រឹមតែ​លិខិត​មកសុំ​ធ្វើ Freelancer និង Stringer​ទេ គឺ​ត្រូវ​ជួបគ្នា​ផ្ទាល់​…​។ ដូចជា​អាស៊ីសេរី ពួកគេ​អាច​ជួល​បុគ្គលិក​បាន ដោយ​ត្រូវ​បង្ហាញ​របាយការណ៍​មក​ថា ចង់​ជួល​បុគ្គលិក​ប៉ុន្មាន​នាក់​? ឈ្មោះ​អ្វីខ្លះ​? ត្រូវបំពេញ​បែបបទ​តាម​លក្ខខណ្ឌ តាម​តម្រូវការ​របស់​ក្រសួង ហើយ​ត្រូវមាន​អ្នកធានា ឬក៏​ពួកគេ​អាច​ចូលមក​តាមរយៈ​ទូត​អាមេរិក សុំ​រៀបចំ​តាមផ្លូវ​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​របស់​ប្រទេស​នីមួយៗ សម្រាប់​ជួល​បុគ្គលិក​Freelancer និង Stringer នៅពេល​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​បច្ចុប្បន្ននេះ​បុគ្គលិក​សារព័ត៌មាន ជា​លក្ខណៈ​Freelancer និង Stringer កំពុងមាន​វត្តមាន​បំពេញការងារ​ជាច្រើន​នាក់ សម្រាប់​ប្រមូល និង​រាយការណ៍​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា ទៅកាន់​ស្ថាប័ន​ពួកគេ​នៅក្រៅ​ប្រទេស ដូចជា ស្ថាប័ន​ព័ត៌មាន CNN ,BBC និង​តាម​អង្គការ​មួយចំនួនទៀត​ជាដើម​។ នេះ​បើតាម​លោក អ៊ុក គឹម​សេង ដែល​បាន​បន្ថែមថា ក្រសួង​ព័ត៌មាន​មិន​រឹតត្បិត​ការងារ Freelancer និង Stringer ឬក៏​រើសអើង​ស្ថាប័ន​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​កាសែត The Cambodia Daily​ឡើយ​។​

«​ក្រសួង​ព័ត៌មាន មាន​តួនាទី​សម្របសម្រួល​ដល់​អ្នកសារព័ត៌មាន និង​ចូលរួម​ធ្វើការ​អនុវត្ត​តាមច្បាប់​ជាមួយ​ពួកគេ​ទាំងអស់គ្នា​។ ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​កាសែត The Cambodia Daily ទាំងពីរ​នេះ​ទេ ដែល​បិទ​ទីស្នាក់ការ​ខ្លួនឯង ហើយ​មិន​ព្រម​ចុះបញ្ជី​ការិយាល័យ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ស្រាប់តែ​បិទ​ហើយ បែ​ជា​ស្រែក​ពី​ក្រៅប្រទេស​មក​រិះគន់​ក្រសួង​ទៅវិញ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កញា​រី​ទ្ធ ធ្លាប់បាន​លើកឡើង​កន្ល​ង​មក​ថា បុគ្គលិក​អាស៊ីសេរី អាច​យក​ព័ត៌មាន​បាន​អំឡុងពេល​ប័ណ្ណ​កាសែត​របស់​ពួកគេ មិនទាន់​អស់​សុពលភាព​ប៉ុណ្ណោះ ។

​សូមបញ្ជាក់ថា កាសែត The Cambodia Daily បាន​បិទ​ការិយាល័យ​របស់ខ្លួន​កាលពី​ថ្ងៃទី​៤ កញ្ញា មុន​មួយថ្ងៃ​នៃ​ការដាក់​ឱសានវាទ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែល​ត​ម្រូ​ឲ្យ​ស្ថាប័ន​កាសែត​ដ៏​មាន​ឥទ្ធិពល​អាយុ​២៤​ឆ្នាំ បង់ពន្ធ​រយៈពេល​១០​ឆ្នាំ ក្នុង​រង្វង់​ទឹកប្រាក់ ៦,៣​លាន​ដុល្លារ ។ ចំណែក​វិទ្យុ​អាស៊ីសេរី ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជិត​២0​ឆ្នាំ មកហើយ​នោះ បានប្រកាសថា ផ្អាក​ការិយាល័យ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​មួយរយៈ​សិន ។ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧ ។ វិទ្យុ​អាស៊ីសេរី បាន​អះអាងថា ការចាត់​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​មូល​ហេតុដែល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការិយាល័យ​ព័ត៌មាន​។ យ៉ាងណាក៏ដោយ វិទ្យុ​អាស៊ីសេរី ប្រកាស​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល នៅលើ​រលកធាតុអាកាស​កម្រិត​ទាប បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) យូ​ធូប (Youtube) និង​គេហទំព័រ​របស់ខ្លួន​(www.rfa.org/khmer/)​។ វិទ្យុ​នេះ មិនបាន​បញ្ជាក់​ពី​ពេលវេលា នៃ​ការបើក​ដំណើរការ ការិយាល័យ​ព័ត៌មាន​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​ឡើង​៕


Tag:
 ក្រសួង​ព័ត៌មាន​
 ​ អាស៊ីសេរី​
  Cambodia Daily
 ​ កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com