ជាតិ
ទំនប់​បុរាណ​មួយ​នៅលើ​ភ្នំ​គូលែន​ហូរ​ច្រោះ​ដី​ខ្លាំង​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​
09, Oct 2017 , 10:18 am        
រូបភាព
​សៀមរាប​៖ ទំនប់​ថ្នល់​ដាច់ គឺជា​ទំនប់​បុរាណ​មួយ​នៅលើ​ភ្នំ​គូលែន​។ ទំនប់​នេះ​សង់​ឡើង​នៅមុន​សម័យអង្គរ ដើម្បី​ទប់ទឹក​ប្រើប្រាស់ ដូច​ទៅនឹង​បារាយណ៍ទឹកថ្លា​ដូច្នោះ​ដែរ​។ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឲ្យ​ទំនប់​បុរាណ​នេះ​រង​ការខូចខាត ដោយ​ទឹក​ហូរ​ច្រោះ​ដី​ជាច្រើន​មែន​។​



​តាម​ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ លោក ផាន់ ផុន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា​ថា ដី​ដែល​ត្រូវ​ទឹក​ហូរ​ច្រោះ​នៅ​ទំនប់​មាន​ប្រវែង​ប្រហែល ៨​ម៉ែត្រ​។ យ៉ាងណា លោក ផុន អះអាងថា បញ្ហា​នេះ​មិនទាន់​ធ្វើឱ្យ​ទំនប់​បាក់​ឡើយ ដោយ​គ្រាន់តែ​ទឹក​ហូរ​ច្រោះ​ដី​ថ្មី ដែល​ទើប​ជួសជុល​នៅ​ចុងឆ្នាំ​២០១៦​តែប៉ុណ្ណោះ​។​

​លោក ផុន បន្ថែមថា​៖« ដោយសារ​ភ្លៀង​ច្រើន ធ្វើឱ្យ​ដី​ជ្រាយ​។ ឥឡូវនេះ ខាង​សហគមន៍​កំពុង​កាប់​ឈើ ដើម្បី​ទប់​កន្លែង​ដែល​ច្រោះ ហើយ​អ្នកជំនាញ​អាជ្ញាធរ​អប្សរា ក៏​កំពុងធ្វើការ​នេះដែរ​»​។​

​គួររម្លឹកថា ទំនប់​ថ្នល់​បាក់ គឺជា​ទំនប់​បុរាណ ដែល​សង់​ឡើង​នៅមុន​សម័យអង្គរ ដើម្បី​ទាញ​ទឹក​ប្រើប្រាស់​។ ទំ​បន់​នេះ មាន​ប្រវែង​៣០​ម៉ែត្រ កម្ពស់​៩​ម៉ែត្រ បាត​ក្រោម​៣៦​ម៉ែត្រ និង​ផ្ទៃ​ខាងលើ​ប្រវែង​២​ម៉ែត្រ​កន្លះ​។ អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ទំនប់​នេះ​បាន​បាក់​ខូច​លែង​ប្រើប្រាស់​កើត ទើប​នៅ​ចុងឆ្នាំ​២០១៥ សហគមន៍​ប្រជាពលរដ្ឋ​បានស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ជួសជុល​។ ទំនប់​នេះ ជួសជុល​រួចរាល់​នៅ​អំឡុង​ខែ ឧសភា ឆ្នាំ​២០១៦ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការចូលរួម​ពី​គម្រោ
ង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សហគមន៍ និង​បេតិកភណ្ឌ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហៅ​កាត់​ថា ACHA និង​មូលនិធិ​បុរាណវិទ្យា​សម្រាប់​ការអភិវឌ្ឍ  ហៅ​កាត់ ADF របស់​បារាំង​៕




Tag:
 ទំនប់​បុរាណ​
  ភ្នំ​គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com