ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​អស់កម្លាំង​គ្រប់ពេល​អញ្ចឹង​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​អស់កម្លាំង​គ្រប់ពេល​អញ្ចឹង​?
16, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​អស់កម្លាំង​គឺជា​ផ្នែក​មួយ​ដ៏​ចំបង​បំផុត​ដែល​គ្រូពេទ្យ​តែងតែ​ជួបប្រទះ​។ អ្នកជំងឺ​ច្រើនតែ​ប្រាប់ថា ពួកគេ​មាន​អារម្មណ៍​អស់កម្លាំង​ទោះបីជា​បាន​គេង​លក់​ស្រួល​ហើយក៏​ដោយ​។ អាច​និយាយបានថា ក្នុងចំណោម ៥​នាក់​មាន​ម្នាក់​ហើយ​ដែលមាន​អារម្មណ៍​អស់កម្លាំង និង ១០​នាក់​មានការ​អស់កម្លាំង​ជាប់​រយៈពេល​យូរ​ម្នាក់​។ រឿងនេះ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើនជាង​បុរស​។​



​ការធ្វើ​តេស្ត​ឈាម​អាច​នឹង​ត្រូវធ្វើ​ដើម្បី​ទាត់ចោល​នូវ​បញ្ហា​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ដូចជា ការ​កង្វះ​គ្រាប់​ឈាម ឬ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​មិនបាន​គ្រប់គ្រាន់​។​

​យ៉ាងណាមិញ​មាន​ហេតុផល​វេជ្ជសាស្ត្រ​ច្រើនណាស់​ដែល​នាំ​ឲ្យ​អ្នកមាន​អាកា​រៈ​អស់កម្លាំង​បើសិន​ជាមាន​រោគសញ្ញា​អ្វី​ផ្សេងៗ​ទៀត​ដូចជា ធ្លាក់​ឈាមរដូវ​ច្រើនៗ ស្រក​ទម្ងន់ ប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោបង់ ជ្រុះ​សក់ ស្រេកទឹក​ខ្លាំង​ជាដើម​។​

​បើសិនជា​អ្នក​ចង់​ស្វែងយល់ថា ហេតុដូចម្តេច​បានជា​អ្នក​អស់​ម្លាំ​ង​នោះ ចូរ​គិតដល់​៖
•    ផ្នែក​ជាច្រើន​នៃ​ជីវិត​ដូចជា ការងារ និង​គ្រួសារ ដែល​វា​អាច​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ជាពិសេស​
•    ព្រឹត្តិការណ៍​នានា​ដែល​អាច​ជំរុញ​ដល់​ការ​អស់កម្លាំង​ដូចជា សាច់ញាតិ ឬ​ក្រុមគ្រួសារ​បែកបាក់​គ្នា​
•    របៀប​រស់នៅ​

​ភាព​អស់កម្លាំង​ដោយសារតែ​រាងកាយ​
​មានការ​ត្អូញត្អែរ​ខាង​សុខភាព​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​។ វា​មិនមែន​ដោយសារតែ​ជំងឺ​កង្វះ​គ្រាប់​ឈាម និង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ទេ តែ​អាច​នឹង​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ច្រើន​ទៀត​ដូចជា ជំងឺ​ទឹកនោមផ្អែម ញ៉ាំ​អាហារ​មិនបាន និង​ការ​គេង​បាត់​ដង្ហើម​ជាដើម​។​

​ការដែល​ធាត់​ពេក ឬ​ស្គម​ពេក​អាច​បង្ក​ជា​ភាព​អស់កម្លាំង​បានដែរ ដោយសារតែ​រាងកាយ​ធ្វើការ​ច្រើនជាង​ធម្មតា​។ បើសិនជា​អ្នក​ស្គម​ពេក កម្លាំង​របស់​សាច់ដុំ​គឺ​មិនសូវមាន ហើយ​អ្នក​ក៏មាន​អារម្មណ៍​អស់កម្លាំង​លឿន​ដែរ​។​

​ការ​មាន​ផ្ទៃពោះ​ជាពិសេស​រយៈពេល ១២​សប្តាហ៍​ដំបូង ក៏​អាច​ខាប​យក​ថាមពល​រាងកាយ​អ្នក​កាន់តែច្រើន​ដែរ​។​

​ការ​អស់កម្លាំង​ដោយសារតែ​បញ្ហា​ចិត្តសាស្ត្រ​
​ភាព​អស់កម្លាំង​ដោយសារតែ​បញ្ហា​ចិត្តសាស្ត្រ​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​ជាងគេ​បំផុត ហើយ​ក្នុងនោះ​ភាគច្រើន​ជាការ​ថប់​អារម្មណ៍​តែម្តង ដែល​វា​ធ្វើ​ឲ្យ​គេង​មិន​លក់ និង​អស់កម្លាំង​ជាប់​រហូត​។​

​ការព្រួយបារម្ភ​ច្រើន ជាពិសេស​បារម្ភ​រាល់ថ្ងៃ អាចធ្វើ​ឲ្យ​ជីវិត​មាន​ភាព​អស់កម្លាំង​បាន ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​វិជ្ជមាន​ក៏ដោយ​ដូចជា ការផ្លាស់ប្តូរ​ផ្ទះ​រស់នៅ ឬ​រៀបការ​ក៏ដោយ​។ ការដែល​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង​ដូចជា ដឹង​អំពី​ដំណឹង​អាក្រក់ គ្រួសារ​បែកបាក់​គ្នា ក៏​អាចជា​ដើមហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដែរ​។​
​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដូចជា បាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​កាន់តែខ្លាំង ព្រមទាំង​មិនអាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នៅពេល​យប់​ទេ​។​

​ការ​អស់កម្លាំង​ដោយសារតែ​របៀប​រស់នៅ​
​ការ​អស់កម្លាំង​អាច​ច្រើនតែ​បង្កឡើង​ដោយ​កត្តា​របៀប​រស់នៅ​ដូចជា ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក ឬ​របប​អាហារ​មិនល្អ​តែម្តង​។ បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​ល្ងាច អ្នក​អាច​នឹង​ភ្ញាក់​នៅ​ពាក់​កណ្តាលយប់​។ បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់ វា​អាចធ្វើ​ឲ្យ​អ្នក​បាក់​ទឹកចិត្ត និង​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក​បាន​។​
​បើសិនជា​អ្នកមាន​បញ្ហា​នៃ​ការ​គេង ដូចជា​ត្រូវ​ធ្វើការ​វេន​យប់ ការ​គេង​នៅពេល​ថ្ងៃ​អាចជា​រឿង​ពិបាក​មួយ​សម្រាប់​គេង​លក់​ដែរ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ជា​ញឹកញាប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com