កីឡាជាតិ
ជាតិ
លោក Leonardo អះអាងថា​កម្ពុជា​នឹងមាន​ទម្រង់​លេង​ល្អ​ជាង​មុន​សម្រាប់​ការជួប​វៀតណាម​
09, Oct 2017 , 4:11 pm        
រូបភាព
លោក Leonardo Vitorino ពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួត AFC Asian Cup នៅទីក្រុងហូជីមិញ
លោក Leonardo Vitorino ពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួត AFC Asian Cup នៅទីក្រុងហូជីមិញ
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino បាន​អះអាងថា កម្ពុជា​នឹងមាន​ទម្រង់​លេង​ខុស​ពីមុន​ប្រកបដោយ​គុណភាព​សម្រាប់​ការ​តទល់​ជាមួយ​វៀតណាម​នា​ជំនួប​ជើង​ទី​២​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup UAE 2019 នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០ ខែតុលា នៅ​កីឡដ្ឋាន My Dinh Stadium ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។​



​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino បាន​ប្រកួត​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃទី​៤ តុលា កន្លងទៅ​។ តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានចាត់ទុក​ជំនួប​មិត្តភាព​នេះ​គ្រាន់​ជាការ​ដកស្រង់​បច្ចេកទេស និង​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​តែប៉ុណ្ណោះ​។  

​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា នៅ​ទីក្រុង​ហូជីមិញ លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​អះអាងថា ទោះបី​ការប្រមូលផ្តុំ​មាន​រយៈពេល​ខ្លី ប៉ុន្តែ​តាមរយៈ​ជំនួប​មិត្តភាព​ខាងលើ​កម្ពុជា​នឹងមាន​ទម្រង់​លេង​មួយ​ដ៏​ល្អ និង​ខុសប្លែក​ពីមុន​សម្រាប់​ការ​តទល់​ជាមួយ​វៀតណាម​ម្តងនេះ​។ លោក​បាន​បញ្ជាក់ថា នឹងមាន​ការផ្លាស់ប្តូរ​សមាសភាព​កីឡាករ និង​កែប្រែ​ចំណុច​មិនល្អ​ចំនួន​ដែល​បាន​កើតឡើង​ក្នុងជំនួប​មិត្តភាព​ជាមួយ​ឥណ្ឌូណេស៊ី​។​

«​ការជួប​ជាមួយ​វៀតណាម​លើក​នេះ​ដូច​ការប្រកួត​ផ្តាច់ព្រ័ត្រ ព្រោះ​វា​ជាការ​ប្រ​កួយ​មួយ​ដ៏​សំខាន់​សម្រាប់​កាត់ក្តី​កម្ពុជា ប្រសិនបើ​ឈ្នះ​យើង​នឹង​មានឱកាស​ឡើងទៅ​វគ្គ​បន្ត តែបើ​យើង​ចាញ់​យើង​នឹង​ធ្លាក់​»​។ នេះ​ជាការ​លើកឡើង​របស់ លោក Leonardo ហើយ​លោក​បាន​បន្ថែមថា​៖«​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តាន​តាន​សម្រាប់​កម្ពុជា​ព្រោះ​វៀតណាម​មាន​កីឡាករ​ល្អ​ច្រើន តែ​យើង​មាន​ទំនុកចិត្ត​ថា​កីឡាករ​របស់​យើង​នឹង​អាច​លេង​បានល្អ​ក្នុងជំនួប​មួយ​នេះ​»​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​វៀតណាម​នា​ជំនួប​ជើង​ទី​២​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup UAE 2019 នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០ ខែតុលា នៅ​កីឡដ្ឋាន My Dinh Stadium ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ ជំនួប​នេះ​វា​មិន​គ្រាន់​ជាការ​ប្រកួត​កំណត់​ពី​ជោគវាសនា​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​កម្ពុជា​នោះទេ ហើយ​វា​ក៏​ជា​ឱកាស​សងសឹក​លើ​វៀតណាម​ដែល​បាន​យកឈ្នះ ២-១ ក្នុង​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​៕ 


Tag:
 បាល់ទាត់​
  AFC Asian Cup
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com