ជាតិ
បណ្តឹងសុំ​រំលាយ CNRP ស្របពេល​ឯ​.​ឧ កឹម សុខា មិនទាន់​ជា​អ្នកទោស តើ​ផ្ទុយ​ច្បាប់​ឬទេ​?
09, Oct 2017 , 9:39 pm        
រូបភាព
លោកមេធាវិ ហែម សុជាតិ (ខាងឆ្វេងដៃ) និងលោកមេធាវី ជូង ជូងី (ខាងស្តាំដៃ) ដែលតែងតែទទួលសិទ្ធិការពារក្តីឲ្យអ្នកនយោបាយក្នុងគណបក្សសង្គ្រោះជាតិ
លោកមេធាវិ ហែម សុជាតិ (ខាងឆ្វេងដៃ) និងលោកមេធាវី ជូង ជូងី (ខាងស្តាំដៃ) ដែលតែងតែទទួលសិទ្ធិការពារក្តីឲ្យអ្នកនយោបាយក្នុងគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ មេធាវី ដែល​ការពារ​ក្តី​ឲ្យ​អ្នកនយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ស្ថិតក្នុង​ដំណាក់កាល​នេះ ក្រសួងមហាផ្ទៃ មិនទាន់​អាចដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ ប៉ុន្តែ មេធាវី តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ថ្លែង​ការពារ​ថា ការដាក់​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺអាច​ទៅរួច ហើយក៏​ស្របតាម​នីតិវិធី​ដែរ​។

 


​ក្នុងអំឡុង​ឯកឧត្តម កឹម សុខា កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​តុលាការ ដោយ​មិនទាន់​ត្រូវបាន​កាត់ក្តី ឲ្យ​ក្លាយជា​អ្នកទោស​ផង​នោះ ស្រាប់តែ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ហែម សុជាតិ មេធាវី​មួយរូប ដែល​តែងតែ​ទទួលបាន​សិទ្ធិ​ការពារ​ក្តី​ឲ្យ​អ្នកនយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ទង្វើ​របស់​ក្រសួងមហាផ្ទៃ​ថា ធ្វើ​ខុស​នឹង​នីតិវិធី​។    

​លោក​មេធាវី​រូបនេះ បាន​បកស្រាយ​ថា ក្រសួងមហាផ្ទៃ អាច​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ល្គឹកណា ឯកឧត្តម កឹម សុខា មានឈ្មោះ​ជា​អ្នកទោស ឬ​ទណ្ឌិត ក្រោម​អំណាច​នៃ​សាលក្រម ឬ​សា​ដីកា​ស្ថាពរ​របស់​តុលាការ​ជាមុនសិន​។ លោក ហែម សុជាតិ ដែល​កំពុង​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គេ [​ឯកឧត្តម កឹម សុខា​] មិនទាន់​ក្លាយជា​អ្នកទោស​ផង ហើយ​ចង់ទៅ​រំលាយ​គណបក្ស​របស់គេ​ចោល​។ យើង គិត​មើល ត្រឹមត្រូវ​អត់​? សម្រាប់​ខ្ញុំ អត់​ត្រឹមត្រូវ​ទេ​»​។

​លោក គង់ ទី​លីន មេធាវី​មួយរូប ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ អះអាងថា ការរៀបចំ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុលោម​តាម​នីតិវិធី និង​ច្បាប់​ស្តី​គណបក្សនយោបាយ​។ លោក បន្តថា ក្រុម​មេធាវី​ទាំង​ប្រាំ​រូប ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ថែមទាំង​មាន​ភស្តុតាង​គ្រប់គ្រាន់​ផងដែរ ក្នុង​ការដាក់​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ «​ខ្ញុំ មិន​បញ្ជាក់​អ្វី​ច្រើន​ទេ​។ គ្រាន់តែ​ថា បើ​ភាគី​ម្ខាង​ទៀត ថា ខុស ឲ្យ​គាត់ ទៅ​សិក្សា​ច្បាប់​ឡើងវិញ​ទៅ​»​។ នេះ ជាការ​ឆ្លើយតប​របស់​លោក គង់ ទី​លីន ទៅកាន់​លោក ហែម សុជាតិ​។

​លោក សុខ សំអឿន មេធាវី​មួយរូប ដែល​មិន​ស្ថិតនៅក្រោម​ការពឹង​ពាក់​ផ្នែក​ច្បាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បកស្រាយ​ថា រឿង​សំខាន់​ជាងគេ ចំពោះ​ករណី​ខាងលើនេះ គឺ​ត្រូវ​ផ្អែកលើ​ភស្តុតាង​។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​ភស្តុតាង មេធាវី ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ អាច​ប្តឹង​សុំ​ឲ្យរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ករណី​របស់​ឯកឧត្តម កឹម សុខា ឡើយ​។​

​លោក​មេធាវី​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​៖«​យើង​មិនអាច​ថា គេ [​មេធាវី​ក្រសួងមហាផ្ទៃ​] ធ្វើ​ខុស​ឬ​ត្រូវ​ទេ ព្រោះ​យើង​មិនដឹងថា​គេ មាន​ភស្តុតាង​ឬ​អត់​។ យើង មិនដឹងថា គេ មាន​ភស្តុតាង​អ្វី​។ បើ​គេ មាន​ភស្តុតាង គឺ​គេ​អាច​ប្តឹង​បាន​ហើយ មិនមែន​ទាល់តែ​ឯកឧត្តម កឹម សុខា ក្លាយជា​អ្នកទោស ទើបអាច​ប្តឹង​បាន​នោះទេ​។ វា ជា​រឿង​ដាច់ដោយឡែក​ពីគ្នា​»​។

​រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់​កំណត់​កាលបរិច្ឆេទ​នៃ​ការជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ​។ នេះ​បើតាម លោក នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល​។ ប៉ុន្តែ លោក ប្រាប់ថា បច្ចុប្បន្ននេះ តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនាំពាក្យ​តុលាការ​កំពូល និយាយ​បែបនេះ​ថា​៖«​យើង នឹង​ចាត់ការ​តាម​និ​តី​វិធី និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​អ្នកនាំពាក្យ​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះជាតិ​បានទេ ដោយសារតែ​ពួកគាត់ មិនបាន​លើក​ទូរ​សព្ទ​។ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ប្រតិកម្ម​អ្វី​ឡើយ ចាប់តាំងពី​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២0១៧​។

​សូមបញ្ជាក់ថា អ្នក ដែល​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ សម្រាប់​គណបក្ស​ទាំងពីរ​នេះ ឯកឧត្តម កឹម សុខា ដែល​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ មិនគួរ​លើកលែង​ឲ្យ​ឡើយ រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ ទាំងមូល​ផងដែរ​។ នេះ ជា​មូលហេតុ​ចម្បង ដែល​គណបក្ស​ទាំងពីរ ចង់​ឲ្យ​តុលាការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​៕


Tag:
 CNRP
  រំលាយ​បក្ស​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com