ជាតិ
មេធាវី​៖«​ឯកឧត្តម កឹម សុខា មិន​ស្លុត​នឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»
09, Oct 2017 , 4:54 pm        
រូបភាព
រូបភាព៖ លោក សំ សុគង់ មេធាវីការពារសិទ្ធិឲ្យឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងមក
រូបភាព៖ លោក សំ សុគង់ មេធាវីការពារសិទ្ធិឲ្យឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងមក
​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា ហាក់​មិន​ភ្ញាក់ផ្អើល​អ្វី​ឡើយ ចំពោះ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ឯកឧត្តម កឹម សុខា ក៏​ពុំបាន​ផ្ញើ​សារ​ឬ​ដំណោះស្រាយ ទៅកាន់​មន្ត្រី​របស់ខ្លួន​ដែរ ជុំវិញ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​នេះ​។



​ឯកឧត្តម កឹម សុខា ស្ថិតក្នុង​សភាព​ធម្មតា ពេលឮ​ក្រុម​មេធាវី ជម្រាបជូន​ពី​ព័ត៌មាន ដែល​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សំ សុ​គង់ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ទាំង​ប្រាំបី​រូប ដែល​រួមគ្នា​ការពារ​សិទ្ធិ​ឲ្យ​ឯកឧត្តម កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​។ បើតាម​លោក សំ សុ​គង់ ឯកឧត្តម កឹម សុខា ទើបនឹង​ទទួលបាន​ដំណឹង​ខាងលើ នៅពេល​ក្រុម​មេធាវី បាន​ទៅ​ជួប​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧​នេះ​។

​លោក​មេធាវី បាន​និយាយ​បែបនេះ​ថា​៖«​យើង បាន​ប្រាប់​គាត់ [​ឯកឧត្តម កឹម សុខា​] ដែរ ពី​រឿង​គេ​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​។ តែ​គាត់ មើលទៅ​ធម្មតា​។ គាត់ អត់​ប្រតិកម្ម​អ្វី​ទេ ហើយក៏​មិន​សួរនាំ​ច្រើន​ដែរ​។ គាត់ ដូច​អត់​តក់ស្លុត​ចំពោះ​រឿង​ហ្នឹង​ផង​»​។

​លោក សំ សុ​គង់ បាន​ឲ្យ​ដឹង​ទៀតថា ឯកឧត្តម កឹម សុខា មិនបាន​ពឹងពាក់​ក្រុម​មេធាវី ដើម្បី​ការពារ​ក្តី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅក្រោម​ការ​ប្តឹងផ្តល់​ពី​សំណាក់​ក្រសួងមហាផ្ទៃ​នោះទេ​។ លោក បញ្ជាក់ថា អ្វីដែល​ក្រុម​មេធាវី និង​ឯកឧត្តម កឹម សុខា យកចិត្តទុកដាក់​និង​ចំណាយពេល​ជាច្រើន​ក្នុងការ​ពិភាក្សាគ្នា គឺ​ទាក់ទង​នឹង​នីតិវិធី​និង​ការវិវត្ត​នូវ​សំណុំរឿង​ផ្ទាល់​របស់​ឯកឧត្តម កឹម សុខា​។

​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២0១៧​នេះ ក្រុម​មេធាវី បានដាក់​សំណើ​មួយ​ថ្មី​ទៀត ទៅកាន់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ផ្ទេរ​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) វិញ​។ នេះ​ជាការ​បន្ថែម​របស់លោក សំ សុ​គង់ ដដែល​។ សម្រាប់​លោក សំ សុ​គង់ ការបញ្ជូន​មក​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ អាច​សម្រួល​ដល់​ក្រុម​មេធាវី ក្នុងការ​ទៅ​ជួប​ឯកឧត្តម កឹម សុខា ដើម្បី​ពិភាក្សាគ្នា​ពី​ផ្លូវច្បាប់ ហើយក៏​អាច​សម្រួល​ដល់​នីតិវិធី​របស់​តុលាការ​ផងដែរ​។

​លោក សំ សុ​គង់ ធ្លាប់​អះអាង​កាលពី​កន្លងមក​ថា នៅក្នុង​ពន្ធនាគារ ឯកឧត្តម កឹម សុខា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​វិទ្យុ និង​ទូរ​សព្ទ​ឡើយ ហេតុដូច្នេះ​ទើប​មិន​បានដឹង​ព័ត៌មាន​អ្វី​ទាំងអស់ ។ លោក ធ្លាប់​ប្រាប់ថា ការជួប​មេធាវី គឺជា​មធ្យោបាយ​តែមួយគត់ ដែល​ឯកឧត្តម កឹម សុខា អាច​ទទួលបាន​ព័ត៌មាន​។ 

​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​ចោទ​ពីបទ «​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​» ដែល​បទ​ល្មើ​ល​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ យល់ថា បទ​ចោទ ដែល​ឯកឧត្តម កឹម សុខា កំពុង​ទទួលរង អាចពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ហេតុដូច្នេះ គណបក្ស​ទាំងពីរ ក៏​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ប្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕
 

Tag:
 កឹម សុខា​
  មេធាវី​
  រំលាយ​បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com